ដោយ អាំង ជូលាន
សារមន្ទីរជាតិនៅក្រុងភ្នំពេញមានអាយុកាលវែងឆ្ងាយមកហើយដែរ រីឯកិត្តិនាមក៏ល្បីល្បាញខ្ចរខ្ចាយរហូតដល់ក្រៅប្រទេសទៀតផង។ នេះមកអំពីវត្ថុដែលដាក់តាំងស្អេកស្កះនោះ សុទ្ធសឹងជាវត្ថុសិល្បៈខ្ពង់ខ្ពស់ ដែលមានតាំងពីសម័យបុរាណមកទល់បច្ចុប្បន្ន។ សូម្បីតែតួសម្បកអាគារខ្លួនឯងក៏មានកម្រិតសិល្បៈខ្ពង់ខ្ពស់ណាស់ទៅហើយដែរ សក្តិសមនឹងមរតកស្ថាបត្យកម្មនានាដែលនៅជុំវិញនោះ រាប់តាំងពីព្រះបរមរាជវាំងឡើងទៅ។
ដូចយើងដឹងស្រាប់ហើយ សារមន្ទីរណាក៏ដោយពុំមែនជាឃ្លាំងសម្រាប់គ្រាន់តែផ្ទុកវត្ថុប៉ុណ្ណោះឡើយ។ វត្ថុទាំងឡាយនោះត្រូវតែយកមករៀបចំតាំងឲ្យសមរម្យ ឲ្យអ្នកទស្សានាមើលបានច្បាស់ ហើយជាពិសេសបានយល់អំពីសម័យកាល, តួនាទី, អត្ថន័យ... នៃវត្ថុនីមួយៗផង។ និយាយឲ្យខ្លីទៅសារមន្ទីរជាកន្លែងបង្រៀនមនុស្សដែរ។ វត្ថុភាគច្រើនដែលយើងឃើញ កាលដែលគេយកពីទីនេះ ឬពីទីនោះមកតាំង តែងតែបានមកជាកំណាត់ៗ បែកបក់ដោយច្រើនអន្លើ។ អ្នកទទួលខុសត្រូវសារមន្ទីរតែងខិតខំធ្វើយ៉ាងណាផ្គុំបំណែកនានានោះ ឲ្យជុំគ្នាវិញដល់កម្រិតណាមួយអាចធ្វើបាន។ ដូច្នេះការជួសជុលនៅសារមន្ទីរជាតិគឺកើតមានឡើងតាំងពីសារមន្ទីរនេះចាប់កំណើតមកម៉្លេះ។ រីឯបច្ចេកទេសនិងទស្សនៈនៃការជួសជុលក៏មានការវិវត្តមកជាធម្មតា។ សព្វថ្ងៃនេះ សារមន្ទីរជាតិក្រុងភ្នំពេញមានរោងជាង ឬមន្ទីរពិសោធន៍បី៖ រោងជាងជួសជុលលោហៈ ដែលកើតឡើងពីឆ្នាំ២០០៤, រោងជាងជួសជុលកុលាលភាជន៍ ដែលកើតឡើងពីឆ្នាំ២០០៨ និងរោងជាងជួសជុលថ្ម ដែលមានតាំងពីដើមមក។
ខ្ញុំនិយាយតែពីរោងជាងជួសជុលថ្មយ៉ាងសង្ខេបនៅទីនេះ។ ទោះបីជាមានពីយូរមកហើយដូចបានពោលស្រាប់ក្តី គេអាចនិយាយថា ឆ្នាំ១៩៩៦ជាដំណាក់កាលដ៏សំខាន់មួយ ដ្បិតកាលនោះប្រទេសកម្ពុជារៀបចំពិព័រណ៍អន្តរជាតិមួយអំពីសិល្បៈខ្មែរបុរាណ ដោយមានប្រទេសបារាំង, សហរដ្ឋអាមេរិក និងប្រទេសជប៉ុនជាដៃគូ។ ពីមុនមកក៏ធ្លាប់មានពិព័រណ៍អន្តរជាតិដែរ តែលើកនោះ គម្រោងនោះធំធេង ដូច្នោះហើយបានជាមានជំនួយផ្នែកបច្ចេកទេស និងប្រាក់កាសពីសំណាក់ស្ថាប័នអន្តរជាតិផ្សេងៗ សម្រាប់ពង្រឹងសមត្ថភាពរោងជាងជួសជុលថ្មឲ្យកាន់តែរឹងប៉ឹងឡើង ដ្បិតវត្ថុមួយចំនួនដែលនឹងយកទៅតាំងនៅក្រៅប្រទេស សុទ្ធសឹងទទួលការជួសជុល ឬសើរើការជួសជុលដែលមានពីមុនមកសាជាថ្មីឡើងវិញ មុននឹងគេយកចេញទៅក្រៅ។ ទម្លាប់នេះមានបន្តពីពេលនោះដល់សព្វថ្ងៃ គឺថាមុននឹងយកវត្ថុនីមួយៗចេញទៅតាំងនៅក្រៅ គេមើលសិនថា តើការជួសជុលពីមុនមកសុក្រឹត្យត្រឹមត្រូវឬអត់ ឬក៏ថាតាំងពីជួសជុលពីយូរមកហើយនោះ វត្ថុធាតុដែលយកមកប្រើមានដែកដែលប្រើជាឆ្អឹងជាដើម ច្រេះពុកផុយ ឬក៏ចេញប្រតិកម្មទៅស៊ីសាច់ថ្មខាងក្នុងខ្លះឬអត់។ បើមានអ្វីគួរឲ្យសង្ស័យបន្តិច គេតែងតែសើរើការជួសជុលនោះឡើងវិញតាមបច្ចេកទេសថ្មី និងតាមវត្ថុធាតុជួសជុលដែលពុំអាចមានប្រតិកម្មអាក្រក់ទៅលើថ្ម។
បើយើងទៅរោងជាង យើងឃើញមានបំណែកវត្ថុជាច្រើន ដែលគេប្រមូលយកមកសម្រាប់ជួសជុល (រូបលេខ១-២)។ សព្វថ្ងៃនេះ ក្រុមអ្នកបច្ចេកទេសខាងជួសជុលថ្មមានចំនួនកើនឡើងដល់ទៅ៨នាក់ នេះពុំគិតពីអ្នកដែលមកម្តងម្កាលក្នុងលក្ខណៈជាកម្មសិក្សាផង។ រូបលេខ៣ បង្ហាញពីបរិយាកាសការងារនៃអ្នកទាំងនោះ។ រូបដដែលនេះក៏បង្ហាញឲ្យឃើញថា ពីមុនមកប្រតិមានេះបែកបាក់ដូច្នេះឯង ហើយគេធ្វើឲ្យឃើញឡើងល្អភ្លឹង ដូចនៅរូបលេខ៤ ហើយនេះគ្រាន់តែជាការសើរើការជួសជុលដែលមានតាំងពីយូរមកហើយផង។ រូបលេខ៥ បង្ហាញពីបំណែកត្រង់ជើង, រូបលេខ៦ គឺការផ្គុំឡើងវិញ ដែលមិនទាន់មានព្រះកេស ឯរូបលេខ៧ គឺពេលដែលគេយកព្រះកេសប្រតិមាព្រះនារាយណ៍នោះមកផ្គុំឡើង។
ដូចទើបនឹងនិយាយមកនេះ សព្វថ្ងៃសារធាតុដែលយកមកប្រើជាកាវជួសជុលនោះមានការវិវត្ត ពោលគឺគេសុខចិត្តយកសារធាតុអ្វីដែលអាចនឹងអស់កំសួល ឬសុពលភាពវាក្នុងពេលណាមួយមិនយូរ (ឧទាហរណ៍ ពី៤០-៥០ឆ្នាំជាដើម) មកប្រើ ជាជាងយកសារធាតុដែលធ្លាប់ប្រើពីមុន ហើយជាប់បានយូរជាងនោះ តែនាំឲ្យមានប្រតិកម្មអាក្រក់ដល់ថ្ម។ ឧទាហរណ៍ ពីមុនគេចូលចិត្តយកកាវរបៀប Polyester មកលាយជាមួយស៊ីម៉ងត៍ដើម្បីបិទថ្មភ្ជាប់ពីបំណែកមួយទៅបំណែកមួយ ដោយបញ្ចូលស្នូលដែកនៅខាងក្នុង។ ក្រោយមកគេឃើញថា ដែកតែងច្រេះ ហើយច្រេះនោះទៅស៊ីសាច់ថ្មទៀតផង ដូច្នេះហើយ គេយកស្ពាន់មកជំនួសដែក។ សព្វថ្ងៃនេះ ដោយឃើញថាស្ពាន់ ទោះបីជាមិនច្រេះក៏តែងដុះស្នឹម ដែលនៅតែជាប្រការមិនល្អសម្រាប់ថ្ម បើគិតពីរឿងថែរក្សាឲ្យបានយូរអង្វែង ទើបបានជាគេប្រើតែលោហៈដែលជាដែកថែបពុំអាចច្រេះ។ ប៉ុន្តែសារធាតុកាវនោះគេដឹងថាពុំជាប់យូរអង្វែងពេកទេ តែគេយកមកប្រើដោយសារវាពុំប៉ះពាល់ទៅលើថ្ម គឺថាគេរកកម្ទេចថ្មដែលដូច ឬស្រដៀងគ្នានឹងថ្មវត្ថុបុរាណនោះមកបុកឲ្យម៉ត់ជាម្សៅ ហើយលាយទៅនឹងកាវពិសេសម៉្យាងដែលខ្សោយ។ កាវនោះគឺមានទឹក៧០ភាគរយ ហើយសារធាតុដែលហៅថា Primal តែ៣០ភាគរយប៉ុណ្ណោះ។ នៅរូបលេខ៨ យើងឃើញមានសារធាតុមួយចំនួនដែលគេទុកប្រើប្រាស់ជួសជុល។ រូបលេខ៩-១០ បង្ហាញពីការជួសជុលវត្ថុមានទំហំតូច ដោយប្រើសារធាតុបែបនោះ។ មួយវិញទៀតដើម្បីឲ្យភ្នែកមើលឃើញមានសោភ័ណផង ហើយដើម្បីឲ្យជន្ទល់ទ្រវត្ថុនីមួយៗកុំច្រងេងច្រងាងច្រើនពេក គេតែងរិះរកមធ្យោបាយបែបណា ដើម្បីឲ្យជន្ទល់នោះមានតិចជាទីបំផុត។
ដែលហៅថាបុរាណវត្ថុធ្វើពីថ្មនោះ គឺរាប់បញ្ចូលតាំងពីសិលាចារឹកឡើងទៅ។ ប៉ុន្មានឆ្នាំកន្លងមកនេះ រោងជាងនៅសារមន្ទីរជាតិបានជួសជុលផ្ទាំងចារឹកជាច្រើន ដែលដឹកមកពីទីផ្សេងៗ មានតាំងពីអភិរក្សអង្គរជាដើម (រូបលេខ១១-១២)។ ការងារផ្ទាំងចារឹកនេះសោតក៏មិនចប់តែត្រឹមនោះ គឺគេតែងផ្តិតអក្សរថ្មទុកយកទៅរក្សានៅទីនានា (រូបលេខ១៣)។
សូមបន្ថែមថា ជួនកាលក្រុមរោងជាងទៅជួយជួសជុលបុរាណវត្ថុខ្លះៗនៅប្រទេសជិតខាង ឧទាហរណ៍ នៅសារមន្ទីរដាណាងនៅប្រទេសវៀតណាម និងសារមន្ទីរវត្តភូនៅប្រទេសលាវ។