ដោយ ឆាយ វិសុទ្ធ
រទេះអាចមានច្រើនបែបយ៉ាង ជាទូទៅយើងធ្លាប់ឃើញរទេះគោនិងរទេះក្របី បើពីមុនមកទៀតមានដល់ទៅរទេះដំរីផង។ នៅទីនេះវិញ ខ្ញុំនឹងលើកតែរទេះគោមកនិយាយតែប៉ុណ្ណោះ ហើយរទេះគោនេះសោត ក៏ពុំនិយាយពីរទេះដែលមានមុខងារសំខាន់សម្រាប់ដឹកជញ្ជូនឥវ៉ាន់របស់របរធ្ងន់ៗទេ គឺនិយាយពីប្រភេទរទេះស្រាលសម្រាប់តែជិះធ្វើដំណើរ ឬសម្រាប់ប្រណាំងម្តងម្កាលផង។ បើគ្រាន់តែសម្រាប់ជិះកម្សាន្តបន្តិចបន្តួច ព្រមទាំងបង្ហាញថាម្ចាស់នោះជាអ្នកធូរធារ គឺគេច្រើនប្រើរទេះម៉្យាងហៅថារទេះសាឡី។ បើរទេះនោះមាននាទីសំខាន់ក្នុងការប្រណាំងគ្នាផងគេច្រើនហៅថា រទេះប្រណាំងឬរទេះបំបោល។
តាមធ្លាប់ដឹងមក គេច្រើនប្រណាំងរទេះនៅពេលដារលានតាមភូមិខ្លះៗនៃប្រទេសកម្ពុជា ត្បិតបុណ្យដារលានជាបុណ្យដែលមានន័យរីករាយ ដោយសារអ្នកស្រុករួបរួមគ្នាអបអរសាទរបន្ទាប់ពីប្រមូលផលស្រូវពីស្រែរួចរាល់អស់។ ឧទាហរណ៍ដែលលើកមកនិយាយនេះឃើញនៅភូមិប្រជុំអង្គ, ឃុំជើងកើប, ស្រុកកណ្តាលស្ទឹង, ខេត្តកណ្តាល។ រូបលេខ១-២ បង្ហាញពីរទេះខ្លះដែលគេរៀបចំប្រណាំង។ មើលតែរូបលេខ៣ទៅឃើញហើយថាគេខំរៀបចំលម្អរទេះជាទូទៅយ៉ាងដូចម្តេច។ រូបលេខ៤ ជារទេះមើលពីចំហៀង។
រទេះរបៀបនេះគេសម្រិតសម្រាំងតុបតែងខ្លាំងណាស់ ជួនកាលមានក្បូរក្បាច់រចនានៅតាមផ្នែកផ្សេងៗផង (រូបលេខ៥)។ កុំថាឡើយនៅត្រង់កន្លែងដែលយើងមើលឃើញជាធម្មតា សូម្បីតែកន្លែងដែលគេពុំសូវចាប់អារម្មណ៍ ក៏គេយកចិត្តទុកដាក់ដែរ ដូចក្នុងរូបលេខ៦គឺជាផ្នែកខាងក្រោមរទេះ យើងឃើញមានគេឆ្លាច់ក្បាច់លម្អ ផ្សេងៗ។ អ្នកខ្លះទៀតឆ្លាក់រំលេចជាក្បាច់នៅលើបន្ទះលោហៈ ដូចជាអាលុយមីញ៉ូមជាដើម ហើយទើបយកមកភ្ជាប់នឹងផ្នែកនានានៃរទេះ។ រូបលេខ៧ ជានឹមភ្ជាប់មករទេះត្រង់ក្បាលក្រពើ។ រូបលេខ៨ ជាចុងនឹម នៅលើនោះឃើញថាក្បាច់ដែលតុបតែងល្អត្រកាលណាស់។ រូបលេខ៩-១០ ជាប្រែករទេះ។
ការលម្អលើតួរទេះទាំងមូលមិនអស់ចិត្ត សូម្បីតែរបស់របរខ្លះដែលត្រូវប្រើជាមួយរទេះនេះក៏មានក្បូរក្បាច់ប្រណិតណាស់ដែរ ដូចជាជន្លួញសម្រាប់ចាក់គូថគោឲ្យស្ទុះលឿនទៅមុខជាដើម (រូបលេខ១១)។ រីឯជន្ទល់សម្រាប់ទល់រទេះទុកពេលដោះគោចេញពីនឹម ក៏យើងឃើញថាគេយកចិត្តទុកដាក់តាក់តែងឲ្យមានសោភ័ណភាពល្អឆើតឆាយគួរឲ្យចាប់ចិត្តដែរ។