ដោយ អាំង ជូលាន
ផលប្រយោជន៍របស់ត្នោត បើរៀបរាប់ឲ្យអស់ឃើញថាវែងឆ្ងាយខ្លាំងណាស់។ ឯការរៀបរាប់អស់សេចក្តីនោះក៏ធ្លាប់មានគេធ្វើច្រើនបែបសណ្ឋានមកហើយទៀតផង ជាពិសេសមានកាព្យរបស់ក្រមង៉ុយ ថែមទាំងលោកតាប្រាជ្ញឈួន យកមកច្រៀងដេញជាមួយចាប៉ីដងវែងទៅទៀត។ រីឯខ្ញុំនៅទីនេះ គ្រាន់តែរំលឹកផ្នែកមួយនៃប្រយោជន៍ត្នោត គឺការធ្វើស្ករត្នោត ដោយមានរូបភាពមួយចំនួនមកបង្ហាញ។
ទោះជាគេយកទឹកត្នោតដើម្បីគ្រាន់តែទទួលទានក្តី ក៏គេនិយមអប់បំពង់ឫស្សីនោះសិន ប្រសិនបើគេចង់ឲ្យទឹកត្នោតមានរសជាតិឆ្ងាញ់។ រូបលេខ១ បង្ហាញពីការអប់តាមរបៀបសាមញ្ញ គឺថាគេគ្រាន់តែយកស្លឹកត្នោតមកដុតឲ្យមានអណ្តាតភ្លើងខ្លាំង ហើយយកមកគ្រវីៗញាត់ក្នុងបំពង់មួយភ្លែត។ ជួនកាលអ្នកដែលយកទឹកត្នោតចំនួនច្រើនដើម ពោលគឺដែលប្រើបំពង់ចំនួនច្រើនដែរនោះ គេធ្វើចង្ក្រានទាបមួយបែប មានរន្ធសម្រាប់បំពង់នីមួយៗ។ គេដុតភ្លើងតែពីចង្ក្រាននោះទៅ ផ្សែងក៏ចូលទៅអប់គ្រប់បំពង់ (រូបលេខ២) តាមរយៈរន្ធនីមួយៗនោះ (រូបលេខ៣)។ ការជួយឲ្យមានរសជាតិក៏មិនមែនមានតែប៉ុណ្ណេះ ជួនកាលទៀតគេចាំងឈើ ជាពិសេសគឺចំណិតពពេល (រូបលេខ៤) យកមកដាក់ក្នុងបំពង់ មុនពេលឡើងទៅដាក់ទឹកត្នោត (រូបលេខ៥)។ នៅរូបលេខ៦ យើងឃើញគេចិតផ្កាត្នោតក្រោយពីកៀបរួច ដើម្បីឲ្យស្រក់ទឹកធ្លាក់ចូលបំពង់។ បើគេឡើងដាក់ទឹកពេលព្រឹក គេតែងឡើងទៅយកវិញនៅពេលល្ងាច តែបើគេទៅដាក់ពេលល្ងាច គឺទាល់តែព្រឹកស្អែកឡើង ទើបគេទៅយកទឹកត្នោតនោះមក។
ដើម្បីធ្វើស្ករ គេយកទឹកត្នោតដែលបានមកថ្មីៗនោះទៅដាំរម្ងាស់ក្នុងឆ្នាំង ឬខ្ទះធំមួយ ដោយប្រើចង្ក្រានគុកដើម្បីឲ្យភ្លើងងំ មិនចុះឧសច្រើន។ ពេលចាក់ទឹកត្នោតចូលទៅ គេតែងត្រងដើម្បីកុំឲ្យសម្បកពពេល ឬកម្ទេចអ្វីទៀតចូល (រូបលេខ៧-៨)។ គេរម្ងាស់របៀបនេះទាល់តែខាប់ (រូបលេខ៩) ទើបដាក់ខ្ទះចុះ ហើយយកឈើខ្នូរមកកូរវឹក ដើម្បីឲ្យខះទៅជាស្ករ (រូបលេខ១០)។
ជួនកាលគេកូរតាមរបៀបរូតខ្សែទៅមក ដូចឃើញនៅរូបលេខ១១-១២។ ស្ករដែលខះមែនទែនហើយ គេអាចយកទៅចាក់ក្នុងកងស្លឹកត្នោតឲ្យចេញជាស្ករផែន (រូបលេខ១៣-១៤) ហើយយកមកស្រាក់នឹងស្លឹកត្នោតក៏បាន (រូបលេខ១៥)ឬមួយដាក់ពាងទុកប្រើប្រស់ ឬថ្លឹងលក់ក៏បាន (រូបលេខ១៦)។
និយាយពីលើមកហើយថា នេះគ្រាន់តែជាផ្នែកមួយទេនៃការប្រើប្រស់ត្នោត។ គ្រាន់តែប៉ុណ្ណេះក្តី ក៏យើងឃើញថា ពេលអប់បំពង់ គេយកស្លឹកត្នោតខ្លួនឯងតែម្តងទៅដុត។ កងនិងស្រាក់នោះក៏ធ្វើអំពីស្លឹកត្នោតដូចតែគ្នា នេះពុំនិយាយពីឈើដែលយកទៅដុតផង ព្រោះក្នុងនោះតែងមានធាងត្នោតដែរ។