ដោយ អ៊ឹម សុខរិទ្ធី
ខ្ញុំបានបង្ហាញរួចម្តងហើយនៅជំពូកលេខ៤ លេខរៀងទី៣ ថានៅសម័យបុរាណខ្មែរធ្វើស្ពានថ្មមាំខ្លាំងណាស់ ហើយខ្ញុំបានលើកយក “ស្ពានទ័ព” នៅស្រុកចុងកល្ប ខេត្តឧត្តរមានជ័យ មកធ្វើជាឧទាហរណ៍។
គ្រាន់តែប្រទះឃើញរហូតដល់សព្វថ្ងៃនេះតាមផ្លូវបុរាណនានា ឃើញថាមានជាងមួយរយទៅហើយ ខ្លះធំ ខ្លះតូច។ តែនៅសម័យនោះ ស្ពានដែលច្រើនបំផុត ច្បាស់ជាធ្វើអំពីវត្ថុធាតុស្រាល ត្បិតអាណាចក្រអង្គរធំធេងណាស់ មិនអាចគិតថាមានត្រឹមតែ “រយ” ប៉ុណ្ណោះទេ។
ពាក្យថា “ស្ពានស្រាល” ដែលខ្ញុំប្រើនៅទីនេះ សំដៅទៅលើស្ពានដែលធ្វើអំពីរុក្ខជាតិ ដូចជាឈើនិងឫស្សីជាដើម។ បើយើងពិនិត្យចម្លាក់នៅប្រាសាទបុរាណ យើងឃើញមានស្ពានប្រភេទស្រាលនេះមែន។ ពាក្យថាស្រាលនេះសោត ក៏ពុំមានន័យថាចម្លងបានតែអ្វីកំប៉ិកកំប៉ុកដែរ ព្រោះនៅរូបលេខ១ ដែលថតមកពីប្រាសាទបាយ័ន្ត យើងឃើញមានដំរីពីរដើរឆ្លងពីលើនោះ ដោយពុំគិតពីមនុស្សទៀតផង។ រូបលេខ២ ជារូបលម្អិតនៃចុងខាងឆ្វេងរូបធំ។
យើងឃើញមានមនុស្សកំពុងដើរចុះពីលើត្រើយមកស្ពាន។ ពិនិត្យឲ្យយូរជាងនេះបន្តិច ឃើញថាក្រោមស្ពាននោះមានខ្សែបន្ទាត់មួយបញ្ឆិតប្រមាណ៤៥អង្សា ដែលចែកម្ខាងជាផ្នែកដីក្រោមស្ពាន (មានសត្វឆ្កែ) ម្ខាងទៀតចាប់ផ្តើមមានទឹក (រូបត្រី)។ ទីនេះឃើញច្បាស់ថា មានបង្គោលមួយដែលគេយកស្ពានមកចងភ្ជាប់ដោយពួរ ឬដោយខ្សែអ្វីមួយ។ រូបលេខ៣ ក៏ជារូបលម្អិតដែរ តែយកមកពីចុងខាងស្តាំរូបធំ។ នៅក្រោមស្ពាន គេឆ្លាក់ចែកទឹកនិងដីច្បាស់ជាងម្ខាងទៀត។ ខាងទឹកមានត្រី ឯខាងគោកមានសត្វប្រភេទប្រើសឬឈ្លូស។ នៅឯនេះ បង្គោលនិងពួរដែលចង កាន់តែឃើញច្បាស់ជាងម្ខាងនោះទៅទៀត។ ស្ពានរបៀបនេះមានតែបង្គោលធំសងខាង ហើយប្រហែលជាកណ្តាលទន់ទៅក្រោមបន្តិច របៀបស្ពានយោល ឬមួយក៏ដោយសារខ្លី ផ្នែកកណ្តាលមិនដក់ ពោលគឺនៅត្រង់ដដែល ពេលដែលមានទម្ងន់ពីលើ? នៅប្រាសាទបន្ទាយឆ្មារក៏មានរូបស្ពានប្រភេទនេះដែរ ព្រមទាំងមានដំរីនិងទ័ពដូចគ្នា (រូបលេខ៤)។
ខ្ញុំពង្រីកចុងខាងស្តាំ (រូបលេខ៥) ដោយសារឃើញច្បាស់ទាំងបង្គោល ហើយច្បាស់ទាំងក្បាច់រចនានៅគែមស្ពាននោះផង។ តាមពិតទៅយើងឃើញថាខាងនេះមានបង្គោលពីរ គឺគេភ្ជាប់ស្ពានមួយមកស្ពានមួយទៀតដែលចេញមកពីច្រាំង (រឿងយកស្ពានពីរមកភ្ជាប់គ្នា ព្រមទាំងការបកស្រាយរូបចម្លាក់នេះ ខ្ញុំនឹងលើកយកមកនិយាយនៅលេខណាមួយពេលក្រោយ)។ ផ្នែកខាងក្រោមនៃរូបលម្អិតនេះបង្ហាញថាចូលមកដល់គោកហើយ តែពុំទាន់ឡើងផុតច្រាំង។
បច្ចុប្បន្ននេះ ស្ពានធ្វើពីឈើក៏យើងប្រទះឃើញញឹកញាប់ដែរ ដូចមានរូបលេខ៦-៧ ជាឧទាហរណ៍ស្រាប់។ ស្ពានប្រភេទនេះ ក្រៅពីដើរ អាចជិះកង់ ម៉ូតូបាន ព្រមទាំងដឹកអ្វីបន្តិចបន្តួចផង។ ជួនកាលទៀតមានស្ពានក្រងជាប្រដឹសឫស្សីសុទ្ធសាធ រីឯបង្គោលទប់ទ្រនោះច្រើនខ្វាត់ខ្វែង ហើយជាឫស្សីទាំងអស់។ ស្ពានរបៀបនេះឃើញមាននៅមុខវត្តដីដុះ (ក្រុងកំពង់ចាម) ដែលភ្ជាប់ក្រុងទៅកោះប៉ែន (រូបលេខ៨-១២)។ សព្វថ្ងៃពុំមានដំរីដើរលើមែន តែឡានតូចអាចឆ្លងបាន ដូចមានដាក់ផ្លាកនៅរូបលេខ១៣។