ដោយ អាំង ជូលាន
ស្រឡៃដែលខ្ញុំនិយាយនេះ ពុំធំដុំ ឬឆើតឆាយដូចស្រឡៃធ្វើអំពីឈើខ្លឹម ជាឧបករណ៍ភ្លេងវង់ពិណពាទ្យជាដើម ហើយដែលគេស្គាល់ជាទូទៅនោះទេ។ ខ្ញុំបានឃើញ “ស្រឡៃ” យ៉ាងសាមញ្ញបំផុតនេះម្តង ដែលជនជាតិកួយរស់នៅខេត្តព្រះវិហារផ្លុំ។ ស្រឡៃនេះធ្វើអំពីស្លឹកត្នោត ដែលគេចិតបត់ជាផ្នត់ត្រួតគ្នា ទំហំប្រមាណតូចជាងមេដៃបន្តិច។ រីឯប្រវែង គឺប្រមាណ៤សង់ទីម៉ែត្រប៉ុណ្ណោះ។ ដើម្បីរក្សាទំហំរន្ធផ្លុំឲ្យនៅដដែល ហើយដើម្បីឲ្យរន្ធនោះមូលល្អផង គេធ្វើឆ្នុកមួយអំពីឈើដើម្បីញាត់ ហើយយកខ្សែចងរឹតជុំវិញបាច់ស្លឹកនោះ។ ស្រឡៃនៅរូបលេខ១ គឺមើលពីចំហៀង ឯរូបលេខ២ គឺដាក់ផ្តេក។ រូបលេខ៣ បង្ហាញថា ក្រៅពីដកឆ្នុកចេញដើម្បីផ្លុំ គេអាចបត់សន្លឹកខ្លះឲ្យកន្ធែកចេញពីស្រទាប់ទាំងមូលនោះដែរ ដើម្បីដូរសម្លេង។ តែយ៉ាងណាក៏ដោយ សម្លេងពុំអាចមានច្រើនបែបយ៉ាងដូចអាចបញ្ចោញបានតាមឧបករណ៍ដទៃទៀតខ្លះឡើយ គឺដូរបានតែបន្តិចបន្តួច ប្រហែលគ្នានឹងផ្លុំស្លឹកដែរ។ ម៉្យាងទៀត កាលខ្ញុំឃើញគេលេងក្នុងល្បែងវាយខែលម្តងនោះ ក៏ឃើញមានតែស្រឡៃនិងស្គរ គ្មានគ្រឿងភ្លេងអ្វីទៀតក្រៅពីនោះឡើយ។ រូបលេខ៤ បង្ហាញថាពេលផ្លុំ គឺដៃអ្នកផ្លុំនោះបាំងឧបករណ៍ដ៏តូចនេះជិតអស់។