ដោយ អាំង ជូលាន
បើសួរថា គេប្រើទៀនដើម្បីអ្វី? នរណាក៏ច្បាស់ជាឆ្លើយថា ដើម្បីបានពន្លឺដែរ ត្បិតនេះជាការពិត។ តែផុតពីនោះទៅ ជាតិសាសន៍ច្រើនណាស់នៅលើដីយើងនេះ ដែលប្រើទៀនក្នុងកិច្ចពិធីនានា។ បើនិយាយតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ សូមជ្រាបថា ជាប្រពៃណីរៀងមក ជនជាតិភាគតិចដែលរស់នៅតំបន់ឦសាន ជាពិសេសនៅខេត្តមណ្ឌលគិរីនិងរតនគិរី ពុំមានប្រើធូបឡើយ នៅក្នុងពិធីអ្វីក៏ដោយ ប៉ុន្តែតែងប្រើទៀនដូចខ្មែរដែរ។ នេះជាសញ្ញាថា ទៀនជាវត្ថុចាំបាច់ក្នុងពិធី។ បើពិនិត្យភាសាវិញ ពាក្យថា “ទេព”, “divinity”៘ សុទ្ធសឹងទាក់ទងនឹងគំនិតថា “ពន្លឺ” ទាំងអស់។ តែពុំចាំបាច់វិភាគវែងឆ្ងាយទៀតទេ នេះគ្រាន់តែចង់បញ្ជាក់ថាពន្លឺមានទំនាក់ទំនងនឹងទេព រីឯវត្ថុដែលប្រើដើម្បីបានពន្លឺនោះ ច្រើនតែជាទៀន សូម្បីតែប្រើប្រេងដូងដុតក្នុងព្រះវិហារក្នុងវស្សា៣ខែ ក៏គេនៅតែហៅថាទៀនវស្សាដែរ ឬមួយចន្លុះដែលគេអុជហើយកៀសភ្លើងកុំឲ្យរលត់ពេលហែសព ក៏គេហៅថា “ទៀនត្បូង” ដែរ។
នៅជនបទ ខ្ញុំធ្លាប់ស្គាល់មនុស្សខ្លះដែរ ដែលសិតក្រមួនលុញទៀនដើម្បីប្រើក្នុងពិធីឡើងផ្ទះខ្លួនឯង ហើយខ្ញុំធ្លាប់ស្គាល់មនុស្សស្រីមានផ្ទៃពោះជិតគ្រប់ខែ ដែលលុញទៀនខ្លួនឯងដូចគ្នា ទុកបម្រុងសម្រាប់កិច្ចកាត់សក់បង្កក់ឆ្មប ដែលគេច្រើនធ្វើ៣ថ្ងៃឬមួយអាទិត្យក្រោយពីទារកកើតមក។
ពីមុនមកទៀនតែងតែលុញឡើងពីក្រមួនឃ្មុំ តែសម័យឥឡូវ ដោយសាររបស់ល្អបរិសុទ្ធរបៀបនេះកាន់តែហោចទៅៗ មនុស្សម្នាពុំសូវគិតគូរវែងឆ្ងាយឡើយ គឺទិញ “ទៀនចិន” ស្រាប់ៗ ដែលគ្មានគុណភាពអ្វីអាចប្រដូចទៅនឹងទៀនខ្មែរដ៏តិចតួចឡើយ។ ដូច្នេះហើយបានជាយើងតែងឃើញថា ទោះជាយ៉ាងណាក៏ដោយ គេមិនចោលទៀនក្រមួនឃ្មុំនៅក្នុងមង្គលការឡើយ ជាពិសេសសម្រាប់អុជបិទលើពពិល, ផ្តិលទឹក, ថង់រង៘ ត្បិតគេនៅតែគិតថាអាពាហ៍ពិពាហ៍ជាមង្គល ហៅថា “មង្គលការ”។ ដោយហេតុថាទៀនប្រើជាប់នឹងពិធី ទៀនក៏មានប្រភេទច្រើនបែបដែរ។ ឯខ្ញុំក៏មិនដឹងអស់ គ្រាន់តែដឹងថា ក្រៅពីទៀនមានរូបរាងធម្មតា គឺតែងតែមានទៀនដែលមានរូបរាងឬទំហំពិសេសផ្សេងៗទៀត។ ឧទាហរណ៍ “ទៀនស្នែងក្របី ” ដែលគេបត់ឲ្យកោងដូចជាស្នែង ប្រើនៅក្នុងកិច្ចសម្រាប់អារក្សជាដើម, “ទៀនកល្ប” ដែលគេអុជសូត្រកាវដាពេលបុគ្គលរៀបស្លាប់ ហើយដែលត្រូវមានអំបោះ៣៣សរសៃជាប្រឆេះ ដោយគេយល់ថាបុគ្គលជាតួអក្ខរាទាំង៣៣, “ទៀនព្រះវស្សា” ដែលត្រូវមានកម្ពស់៣៣ធ្នាប់ ហើយទម្ងន់២១នាឡិ។
ដើម្បីបានជាទៀន ការងារនោះមានពីរខុសគ្នា មួយធ្វើម្តេចឲ្យបានជាក្រមួន មួយទៀតធ្វើម្តេចឲ្យបានជាប្រឆេះ។ ក្រមួន៖ គេយកសំណុសឃ្មុំ (សំបុកឃ្មុំដែលនៅសល់ក្រោយពីកូនឃ្មុំញាស់ហើរទៅធ្វើសំបុកថ្មីហើយ) ដែលគេបានច្របាច់បញ្ចូលគ្នាឲ្យណែនរក្សាទុកនោះ (រូបលេខ១)មកកាត់ជាដុំៗឲ្យតូចបន្តិច រួចយកទៅស្ល (រូបលេខ២) ទាល់តែពុះ ហើយទើបគេយកមកសិតដើម្បីយកកម្ទេចកម្ទីដែលលាយក្នុងនោះចេញឲ្យអស់ (រូបលេខ៣)។ តម្រងក្រឡាយ៉ាងល្អិតនោះ គឺគេយកសំណាញ់ធម្មជាតិដែលនៅជាប់នឹងគាវដូង មកបត់ជាពីរឲ្យកាន់តែល្អិតញឹក (រូបលេខ៤)។ ទាល់តែវត្ថុនេះទើបធន់កម្តៅក្រមួនដែលទើបតែនឹងរលាយនោះបាន ប្រសិនបើយកស្បៃមុង ឬកំណាត់សំពត់អ្វីមួយមកប្រើ គឺច្បាស់ជារលាយដោយសារកម្តៅនោះ។ រូបលេខ៥ គឺក្រមួនដែលត្រជាក់កក យកចេញពីចានមកហើយ។
ប្រឆេះ៖ ធ្វើប្រឆេះ តាមធម្មតាជាការងាររបស់អ្នករវៃអំបោះ។ អ្នកនោះច្រើនតែដាំក្របាសនៅជិត ៗផ្ទះ ពេលដែលផ្លែទុំ ហើយបែកសំឡីចេញមក (រូបលេខ៦) គេបេះ ហើយយកមករវៃដើម្បីឲ្យចេញជាសរសៃអំបោះឆៅ (រូបលេខ៧)។ អំបោះនោះគេមានរបៀបចងស្រាក់ទុកកុំឲ្យជំពាក់ (រូបលេខ៨)។
ទាល់តែមានវត្ថុទាំងពីរនេះហើយទើបលុញទៀនបាន។ ឯលុញនោះ ធ្វើបានពីរយ៉ាង ម៉្យាងគឺយកថ្ងៃជាកម្តៅ គឺគេចិតក្រមួនសុទ្ធនោះជាចំណិតស្តើងៗដាក់ហាលថ្ងៃ (រូបលេខ៩) ហើយអ្នកលុញក៏ត្រូវអង្គុយជិតនោះដែរ ត្បិតត្រូវយកចំណិតក្រមួនដែលទន់ដោយកម្តៅថ្ងៃនោះមកលុញជាមួយនឹងប្រឆេះដែលរៀបចំហើយជាស្រេចនោះភ្លាម មានន័យថាអង្គុយយ៉ាងណាកុំឲ្យតែខ្លួនត្រូវកម្តៅថ្ងៃខ្លាំង ព្រោះលុញនោះយូរដែរ (រូបលេខ១០)។ វិធីម៉្យាងទៀត គឺពុំត្រូវការថ្ងៃទេ ព្រោះគេដោតចំណិតក្រមួនយកទៅរោលភ្លើងជំនួសថ្ងៃ (រូបលេខ១១)។ រូបលេខ១២ បង្ហាញទៀនពីរយ៉ាងដែលជាវត្ថុចាំបាច់ក្នុងមង្គលការ គឺទៀនសាមញ្ញធម្មតា សម្រាប់បិទភ្ជាប់ផ្តិលទឹកឬថង់រងជាដើម ឯមួយពួកទៀតជាទៀនដូចគ្នានោះ ដែលគេវេញរមួលជា៣ធ្លុង សម្រាប់បិទនឹងពពិល។