ដោយកញ្ញា កែម សុនីន
កនរណាក៏ដឹងដែរថាក្រមាមានប្រើជាទូទៅ ហើយចាំបាច់ណាស់សម្រាប់ប្រជាជនខ្មែរទាំងឡាយ។ យើងពុំដឹងច្បាស់ថាខ្មែរចេះត្បាញក្រមាពីពេលណាមកនោះទេ។ នៅសម័យមុននេះបន្តិច ពេលធ្វើដំណើរទៅណា ខ្មែរមិនអាចអត់ក្រមាបានទេ ភ្លេចយកក្រមាទៅតាមខ្លួនហាក់ដូចជាភ្លេចរបស់សំខាន់អ្វីមួយ។ ទម្លាប់នោះមានរហូតដល់សព្វថ្ងៃ ពិសេសអ្នកស្រុកធម្មតា។ បើលើកយកអត្ថប្រយោជន៍ក្រមាមកនិយាយវិញនោះ គឺមានច្រើនបែបច្រើនយ៉ាងណាស់ ហើយប្រើនៅគ្រប់វ័យរបស់មនុស្សតាំងពីពេលកើតរហូតដល់ពេលស្លាប់។ ក្រមាអាចចងជាអង្រឹងឲ្យក្មេង, កម្រាល, ស្លៀក, ដណ្តប់, បិទបាំង,ជួតក្បាល, ទទូ, ជូតញើសឬខ្លួនប្រាណ, ចោមពុំ, ពាតបា, ផ្លាស់ងូតទឹក, រហូតដល់ធ្វើជាចំណង, ថ្នក់ ឬថង់ដាក់របស់របរផ្សេងៗតាមសេចក្តីត្រូវការ៘ នេះគ្រាន់តែជាការរៀបរាប់ត្រួសៗប៉ុណ្ណោះ ត្បិតនៅទីនេះនាងខ្ញុំមិនលើកយករឿងនោះមកបរិ យាយទេ គឺនាងខ្ញុំគ្រាន់តែចង់លើកយកអំពីប្រភេទកីត្បាញក្រមាម៉្យាង ដែលគេទើបនឹងបង្កើតថ្មីៗនៅក្នុងភូមិជ្រោយអំពិលក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល (ចន្លោះវត្តជ្រោយអំពិលនិងវត្តចម្ប៉ា) មកបង្ហាញ។
បើធ្វើដំណើរទៅតំបន់ខាងលើនេះ យើងនឹងឮសន្ធឹកសម្លេងកីត្បាញក្រមាទ្រហឹងអឹងអាប់ពុំខាន់។ ចុះហេតុអ្វីក៏កីនោះលាន់ឮខ្លាំងៗដូច្នេះ? តាមពិតទៅនោះជាកីតម្បាញពាក់កណ្តាលស្វ័យប្រវត្តិ ដែលដើរដោយកម្លាំងម៉ាស៊ីន។ សូមជ្រាបថា មុននឹងមានកីពាក់កណ្តាលស្វ័យប្រវត្តិនេះ យើងប្រើកីម៉្យាងដែលសព្វថ្ងៃគេចាត់ទុកថាជាកីបុរាណ គឺគេប្រើចលនាទាំងដៃទាំងជើង ហើយត្បាញយឺតទៀតផង។ របៀបបុរាណនេះគេប្រើអំបោះឆៅដែលរវៃចេញពីសំឡីកប្បាស រួចយកទៅស្ងោរ, ឲ្យបាយ, ហាលថ្ងៃ, ជ្រលក់ពណ៌ ទើបយកទៅអន្ទងដាក់ក្នុងកីត្បាញ ពោលគឺត្រូវធ្វើច្រើនដំណាក់កាល (រូបលេខ១-៤)។ គួរជ្រាបថាក្រមាដែលធ្វើពីអំបោះតាមរបៀបបុរាណងាយស្រួលប្រើណាស់ ត្បិតជប់ទឹកហើយទន់ល្អ ពុំដូចអំបោះហុង។ ចំពោះពណ៌វិញ គឺពីជំនាន់មុនយើងនិយមប្រើក្រមាពណ៌ ស-ខ្មៅ ឬស-ខៀវចាស់ ដែលបានមកពីការជ្រលក់ធ្លះ។
នៅស្រុកកៀនស្វាយសព្វថ្ងៃនេះ គេប្រើកីត្បាញស្វ័យប្រវត្តិស្ទើរតែទាំងអស់ហើយ រីឯអំបោះ គឺគេប្រើអំបោះហុងដែលនាំចូលមកពីក្រៅ ហើយគេជ្រលក់ពណ៌ស្រាប់ៗនិងមានច្រើនពណ៌ផង។ នៅទីនេះ សូម្បីតែខារអំបោះដាក់ខ្នារ ក៏គេប្រើគ្រឿងម៉ាស៊ីនដែរ (រូបលេខ៥) លើកលែងតែមនុស្សចាស់ៗដែលគាត់ថ្នឹកនឹងរហាត់តាមរបៀបបុរាណ។ ចំពោះបច្ចេកទេសធ្វើកីដើរដោយគ្រៀងម៉ាស៊ីននេះ ទើបតែកើតមាននៅរវាងចុងទសវត្ស១៩៩០នេះប៉ុណ្ណោះ ពីមុនមកគេប្រើកីបុរាណ ហើយក្រោយមកប្រើកីកន្ត្រាក់ដោយដៃដែលមានលក្ខណៈពាក់កណ្តាលស្វ័យប្រវត្តិខ្លះដែរ។ សព្វថ្ងៃអ្នកភូមិនេះលែងប្រើកីបុរាណនិងកីកន្ត្រាក់នោះហើយ។ កីបែបថ្មីនេះត្បាញលឿងណាស់ គឺ១ថ្ងៃអាចបានក្រមាពី៣០ទៅ៣៥ឯណោះ ហើយពុំប្រើកម្លាំងមនុស្សប៉ុន្មានទេ ពោលគឺគ្រាន់តែភ្ជាប់ចរន្តអគ្គិសនីទៅ ម៉ាស៊ីននោះដើរភ្លាម ហើយយើងគ្រាន់តែឈរមើលដើម្បីតអំបោះនៅពេលដាច់ ឬផ្លាស់ត្រល់នៅពេលអស់អំបោះ ឬមួយប្តូរពណ៌អំបោះប៉ុណ្ណោះ (រូបលេខ៦)។ ក្រមាត្បាញពីអំបោះហុងនេះមានពណ៌ច្រើនយ៉ាងណាស់ ហើយបើយើងដើរសង្កេតមើលនៅក្នុងភូមិ ឃើញគេត្បាញនិងដាក់ក្រមាហាលនៅស្ទើរគ្រប់ផ្ទះ (រូបលេខ៧) បានន័យថាអ្នកស្រុកនេះគេប្រកបរបរត្បាញក្រមាសឹងតែទាំងអស់គ្នា។ រីឯកីស្វ័យប្រវត្តិនោះវិញ សព្វថ្ងៃមានជាងនៅក្នុងតំបន់នេះចេះកែច្នៃផលិតដាក់លក់ឲ្យអ្នកស្រុក និងអ្នកមកពីឆ្ងាយៗផង (រូបលេខ៨)។