ដោយ អាន រស្មី
ខាងក្រោមនេះជាសម្រង់សម្លេងសូត្រវានមួយឈ្មោះថា «អនាគាវិន័យ»។ អ្នកសូត្រគឺលោក មួន ឌឿម អាយុ៤១ឆ្នាំ ជាអតីតចៅអធិការវត្តនាមរូប។ សូត្រនោះនៅរវាងឆ្នាំ២០១៨ឬ ២០១៩ ពេលដែលលោកទើបនឹងសឹកថ្មីៗ។ សព្វថ្ងៃលោករស់នៅភូមិត្នោតជ្រុំឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
អនាគាវិន័យជាពាក្យសូត្រ ដែលមហាតែងសូត្រផ្តាំនាគ ដែលនឹងក្លាយជាសង្ឃក្នុងពេលដ៏ខ្លីខាងមុខ។ ជួនកាលព្រះសង្ឃអង្គណាដែលចាស់វស្សា សូត្រក្បួននេះឲ្យព្រះសង្ឃឯទៀតបានស្តាប់រំឭកឡើងវិញ វេលាប្រជុំសង្ឃក្នុងវិហារ។ ពាក្យសូត្រនេះយើងអាចចែកចេញជា២ផ្នែក។ តំបូងឲ្យនាគស្គាល់អំពី «ចតុបច្ច័យ» ពោលគឺគ្រឿងបរិក្ខាទាំង៤ពួក ដែលទ្រទ្រង់ជីវិតឲ្យរស់ក្នុងនោះមាន ចីវរបច្ច័យ (គ្រឿងដណ្តប់កាយ), បិណ្ឌបាត្របច្ច័យ (គ្រឿងបរិភោគ), សេនាសនៈបច្ច័យ (គ្រឿងអង្គុយឬដេក) និង គិលានភេសជ្ជបច្ច័យ (ថ្នាំកែ
រោគ)។ ឯផ្នែកទី២គឺជាសេចក្តីក្រើនរំឭកនាគឲ្យស្គាល់ពីគុណម្តាយឪពុកដែលបង្កើតរូបឡើង ពិសេសគឺគុណម្តាយ ពោលគឺហាក់ដូចជាចង់ឲ្យភិក្ខុយល់ពីភារជាម្តាយពេលដែលកំពុងពរផ្ទៃ។
ខាងក្រោមនេះគឺជាពាក្យចម្លងតាមសម្លេងសូត្រ និងសេចក្តីចម្លងនៃក្បួនអនាគាវិន័យ ៖
កូនអើយចូរបាចាំ ឮឪពុកផ្តាំកុំបង្ហួស
បរិក្ខាគ្រឿងអ្នកបួស ពិចារណាឲ្យស្គាល់ជាក់។
នេះសិតកាំបិតកោរ ថ្មគេដាក់ក្នុងបាត្រនោះ
ឲ្យអ្នកស្ពាយទៅរក XXគ្រូបាអាចារ្យ។
ចូរបាកុំប្រហែស កោរព្រះកេសពុកចង្កា
ចូលដល់គ្រូអាចារ្យ ប្រដៅអ្នកដូចម្តេចខ្លះ។
បាត្រនោះមានយោកយាម ចងខ្សែទាមរឹតរួតណាស់
គ្របជើងពុំមានខ្វះ ថ្មកាំបិតដាក់ធ្វើអ្វី។
បួសហើយឲ្យរក្សា ក្នុងអនាគារវិន័យ
រក្សាសីលបួននៃ ចតុបច្ច័យទាំងបួនបទ។
ចីវរំបច្ច័យមួយ អ្នកកុំព្រួយស្លៀកដណ្តប់
ស្លៀកហើយគិតឲ្យសព្វ គ្រឿងចីវរនោះឯងណា។
ឲ្យដើររកបង្សុកូល រុក្ខមូលដោយព្រឹក្សា
រកទីស្ថានបច្ឆា XXXXXX។
ឆាកសំពត់ស្នពអសុភ ស្លៀកដណ្តប់តាមវិន័យ
ទ្រង់បាត្របានសព្វថ្ងៃ ចម្រើនក្រៃប្រសើរពេក។
រីឯគ្រឿងសេនា គ្រែអាស្នាកន្ទេលស្បែក
ពូកខ្នើយកើយដេកផ្អែក គ្រឿងដឹងដែកគ្រែកុដិមាយ។
កុំដេកលេងប្រងើយ មាសឪអើយតាមវិន័យ
ចម្រើនតែសព្វថ្ងៃ គួរឲ្យភ័យរបស់គេ។
រីឯមេគិលាន លោកនិទានមានហូរហែ
គ្រឿងថ្នាំសម្រាប់កែ រោគក្នុងខ្លួនតែសព្វថ្ងៃ។
អជ្ជៈមេទាំងបួន គិតឲ្យធួនថែមទាំងទៀត
អាហារសម្រាប់ធាតុ គួរអាស្រ័យខ្ជាក់លេបបាន។
ដាក់ដល់បំពង់ក មានអំណរអរក្នុងប្រាណ
គិតឃើញចូរចិត្តបាន កុំពិនិត្យកុំសំចៃ។
សព្វាសព្វោទាំងបួនបទនោះឯងនៃ ???
អតីតអនាគtមានកំណត់វេលាថ្ងៃ ???
បច្ចុប្បន្នឲ្យដឹងន័យ គួរគាប្បីទទួលបាន
ប៉ុន្តែឲ្យដឹងដាន តាមលំអានគ្រូប្រដៅ។
ប្រដាប់មានសព្វគ្រប់ គិតឲ្យសព្វណាកូនចៅ
តាមពាក្យគ្រូប្រដៅ ពិចារណាអារម្មណ៍កាយ។
កន្ថោរស្តោះទឹកមាត់ កុំដើរទាត់ហើយមើលងាយ
កន្ថោររងឈាមម្តាយ គិតឲ្យឆ្ងាយមិនងាយទេ។
បើទិញទៅធ្វើបុណ្យ ប្រសើរលន់ណាស់មាសមេ
កន្ថោររងឈាមទេ លើកសំដៅចំពោះត្រង់។
ឲ្យនឹកដល់គុណម្តាយ កុំរាយមាយឲ្យតម្រង់
លើកឡើងប្រគេនសង្ឃ ចិត្តឲ្យត្រង់ទៀងប្រាកដ។
គ្រឿងតែផឹកសព្វថ្ងៃ ប្រសើរក្រៃមានកំណត់
តាមដែលម្តាយផឹកជូរចត់ ជាដើមថ្នាំចំពោះគុណ។
ថ្មដុំដាក់ក្នុងបាត្រ គិតឲ្យឆ្លាតមានទម្ងន់
គុណភ្លើងក្តៅពេកពន់ សង្កត់ពោះម្តាយយើងទេ។
រីឯកាំបិតស្លា ខ្ញុំ អាចារ្យគិតក្នាញ់គ្នេ
កាត់ទងផ្ចិតយើងទេ កើតចេញមកពីឧទរ។
បាត្រនោះគឺជារូបយើង មានគ្របជើងដាក់បញ្ឈរ
យកស្លោកស្ពាយនឹងក កាលយើងនៅក្នុងផ្ទៃម្តាយ។
ស្លោកនោះទុកជាសុក គឺសម្បុកកូនមាតា
XXXXX យោកនោះណាគឺទងផ្ចិត។
អំបោះស្រាក់រឹតរួត ច្រើនតម្រួតវង់ពិនិត្យ
វង់លើដែលមិនជិត គឺបង្ហើយក្បាលយើងហោង។
រយាងទាំងសងខាង ជាតំណាងសរសៃផង
រុំខ្លួនយើងជាម្តង តាមទំនងធម៌បង្កើត។
គួរគិតពិចារណា គ្រឿងបរិក្ខានេះហៅឆើត
ដែលម្តាយលោកបង្កើត គ្រឿងបរិក្ខានេះច្រើនណាស់។
យោកយាមរំផាយផាត់ ជាកំណាត់សំពត់ចាស់
វែកចេញតាមបំណាស់ សម្រាលមកតាមធម្មតា។
យោកនោះណាគឺសង្រែក អង្គុយផ្អែកនឹងខ្នងមាតា
យកដៃទ្រចង្កា ព្យោងតែងតោងដូចផ្លែឈើ។
អង្គុយលើអាហារ ដូចសត្វស្វាមើលទៅលើ
ទីពឹងនៃដើមឈើ ជាទ្រនំជ្រកសព្វថ្ងៃ។
មាតាខំពរពោះ បើកូនប្រុសប្រសើរក្រៃ
ខ្លួនម្តាយពុំដឹងភ័យ អាស្រ័យត្រឹមតែXX។
កូនកើតមករួចហើយ ម្តាយកូនអើយឃើញប្រុសពិត
ឪពុកប្តូរជីវិត គិតនឹងឲ្យទៅរៀនសូត្រ។
ធម្មតាបួសជាសង្ឃ ចិត្តឲ្យត្រង់ដូចចង្កូត
និយាយកុំភរភូត មុសាវាតពុំបានទេ។
ដូច្នេះគួរគិតចុះ ទាំងស្រីប្រុសកុំក្នាញ់គ្នេ
រៀនសូត្រកុំទំនេរ រកពូជធម៌ដែលម្តាយឲ្យ។
និងបានដោយយិតយោង ធម៌សងទៅតាមពីក្រោយ
ពូជធម៌ដែលម្តាយឲ្យ មាសម្តាយអើយចូរចាំចេះ។
ខ្លួនម្តាយនេះជាស្រី មិនដឹងអ្វីទាល់តំរិះ
បួសហើយរៀនឲ្យចេះ ដោះទុក្ខម្តាយឲ្យរួចហោង។