ដោយ អាន រស្មី និង សួង សុខរ៉ូ
បើនិយាយពីរឿង «ផ្ការាំទឹករាំ» ប្រហែលជាពីមុនមកមានគេស្គាល់ច្រើន ដ្បិតជារឿងមួយក្នុងចំណោមរឿងប្រជាប្រិយដទៃទៀត។ បើទោះជាមកដល់បច្ចុប្បន្ននេះក្តី ក៏រឿងនេះនៅតែមានគេស្គាល់ខ្លះដែរ ថ្វីដ្បិតតែមិនសូវទូលំទូលាយដូចមុនក៏ដោយ ព្រោះមានគេបោះជាសៀវភៅលក់តាមបណ្ណាគារនានា និងមានថតជាកុនផង។ មិនត្រឹមតែប៉ុណ្ណោះ មានល្អាងទឹកជប់ខ្លះ គេហៅឈ្មោះថា «ល្អាងផ្ការាំទឹករាំ» ដូចជាល្អាងមួយនៅកំពង់ត្រាច និងល្អាងមួយទៀតនៅភ្នំគូលែន។ ក្រៅពីនេះមានទូកងខ្លះគេឲ្យឈ្មោះតាមតួអង្គឯកក្នុងរឿងនេះផង។ ឧ. ទូកងប្រណាំងនៅវត្តក្តីសែន ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ឈ្មោះថា «នាងផាត់សមុទ្រ» ជាដើម (រូបលេខ១)។
កាលពីឆ្នាំ២០១៥ កន្លងទៅ យើងខ្ញុំបានជួបលោកយាយម្នាក់ ឈ្មោះវិន (រូបលេខ២) ក្នុងឱកាសកាន់បិណ្ឌនៅលើសាលាឆាន់វត្តសំបូរ ក្នុងស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។ ក្នុងបរិយាកាសដ៏អ៊ូអរនោះ យើងក៏បានជជែកលេងជាមួយលោកយាយពីនេះពីនោះ ហើយក៏ធ្លាយដល់កាព្យរឿងផ្ការាំទឹករាំនេះ។ យើងក៏ស្នើសុំឲ្យលោកយាយជួយនិទានឲ្យយើងស្តាប់។ ក្នុងពេលនោះ យើងក៏ឆ្លៀតថតសំឡេងទុកផង។ កាព្យនេះលោកយាយទន្ទេញរត់មាត់តាំងពីក្មេងមកម្លេះ។ កាលនៅអាយុជាង១០ឆ្នាំ គាត់ធ្លាប់ចូលសាលារៀនបានត្រឹមតែចេះមើលអក្សររួច ហើយក៏ឈប់ទៅ ដោយសារម្តាយមិនឲ្យរៀនតទៅទៀត។ ពេលដែលសូត្រកាព្យនេះឡើងវិញ លោកយាយមានអាយុ៨០ឆ្នាំទៅហើយ។
ដោយហេតុថាលោកយាយមានវ័យជរា ហើយកម្លាំងក៏ខ្សោយផង សម្លេងគាត់ឮសូរខ្សេវៗ ជុំជិតដោយសម្លេងអ្នកឯទៀតនៅលើសាលាឆាន់។ ទើបតែថ្មីៗនេះ យើងបានយកសម្លេងថត មកស្តាប់ឡើងវិញម្តងជាពីរដង ឃើញថាអាចស្តាប់បាន បើទោះមានសំឡេងអ៊ូអរលាយឡំក្តី។ យើងក៏សម្រេចថាយកសម្លេងនេះមកផ្សាយជូនឲ្យអ្នកដទៃទៀតបានស្តាប់ដើម្បីជាការរំឭក និងដើម្បីឧទ្ទិសកុសលជូនលោកយាយផង ដ្បិតលោកយាយបានចែកស្ថានទៅហើយកាលពីខែកញ្ញា ឆ្នាំ២០២០ ក្នុងអាយុ៨៥ឆ្នាំ។
ខាងក្រោមនេះជាសេចក្តីចម្លងចេញពីសម្លេងសូត្ររបស់លោកយាយវិនទាំងស្រុង។ កាព្យនេះ បើយើងយកមករាយជាល្បះ ឃើញថាសាច់រឿងទាំងមូលទំនងតែងជាបទពាក្យ៧។ ប៉ុន្តែមានកន្លែងខ្លះ ព្យាង្គលើសច្រើនពេក ធ្វើឲ្យយើងពុំអាចញែកឲ្យដាច់ជាល្បះបាន ហើយបើគិតថាជាបទកាព្យអ្វីផ្សេងក៏ពុំដឹង។ ដូច្នេះយើងក៏សម្រេចថាដាក់រាយគ្នា។ ឯទីត្រង់ណាដែលយើងយល់ថាជាឃ្លា ឬល្បះដែលលោកយាយភ្លេច យើងប្រើសញ្ញាចុច (…) ដូចលោកអ្នកឃើញនៅខាងក្រោម ៖
តាមពិតទៅ កាព្យដែលលោកយាយសូត្រខាងលើនេះ គឺបានតែ១ភាគនៃសាច់រឿងប៉ុណ្ណោះ ពោលគឺត្រង់ផ្នែកខាងចុងនៃសាច់រឿងទៅហើយ។ លោកអ្នកដែលចង់ដឹងរឿងទាំងមូល អាចរកអានសាស្ត្រាបុរាណ ឈ្មោះ «ផ្ការាំទឹករាំ» តម្កល់ទុកនៅបណ្ណាល័យជាតិដោយមានចុះលេខសម្គាល់ a.146.II.1។ សាស្ត្រានោះមានប្រាប់ឈ្មោះអ្នកចម្លង និងឆ្នាំផង «ហែមចម្លងពីកាលព.ស.២៤៨៩ ចម្លងតាមច្បាប់វត្តកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម»។ លោកអ្នកក៏អាចរកអានផ្ទាល់លើវេបសាយអ៊ីនធឺណេត តាមគេហទំព័រនេះ ៖ khmermanuscripts.efeo.fr។
កាព្យនិទានដោយលោកយាយវិន ខុសគ្នាពីសាស្ត្រាខ្លះ ដ្បិតតែសេចក្តីក្នុងរឿងទាំងមូលមានលំនាំដូចគ្នាក៏ដោយ ប៉ុន្តែឈ្មោះតួអង្គភាគច្រើនមិនដូចគ្នាទេ។ ប្រការនេះនាំឲ្យគិតថា រឿងនេះអាចទិទានខុសគ្នា តាមតំបន់ក៏សឹងថាបាន។
តារាងខាងក្រោមនេះ ជាការប្រៀបធៀបតួអង្គក្នុងរឿង រវាងសាស្ត្រាបុរាណ និងសេចក្តីនិទានរបស់លោកយាយវិន។ នៅក្នុងសាស្ត្រា ឈ្មោះតែ១ អាចសរសេរបានច្រើនរបៀប ដូចឃើញនៅខាងក្រោម ៖