ដោយ វណ្ណ វិរៈបុត្រ
កុនដែលខ្ញុំយកមកបង្ហាញក្នុងទីនេះ ជាចម្រៀងយីកេដែលច្រៀងដោយលោកយាយជាកូនរបស់លោកតាឃី។ ឯប្រវត្តិក្រុមយីកេតាឃី និងចម្រៀងមួយចំនួននោះធ្លាប់បានផ្សាយខ្លះៗក្នុងកម្រងអត្ថបទបណ្តាញពត៌មានវប្បធម៌ខ្មែរលេខ១៥ (ជំពូក៧, ទំព័រ១១៥-១២៥) រួចមកហើយ។ បទអុំទូកដែលខ្ញុំមានបំណងបង្ហាញនៅទីនេះ គឺដោយសារចាប់អារម្មណ៍លើពាក្យបន្ទរ ឬ «ឡាំ» ដែលគាត់ច្រៀងថា «សំប៉ាន» ដ្បិត សំប៉ានជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកដែរ ឬអាចថាជាទូកអុំតូចៗមួយប្រភេទដែលគេតែងដាក់បម្រុងលើសំពៅ បើក្នុងករណីសំពៅលិច គឺគេត្រូវពឹងលើសំប៉ាននោះឯង។ បើយើងយកពាក្យបន្ទរថា «សំប៉ាន» មកគិតក្នុងចម្រៀងគឺត្រូវន័យគ្នានិងចំណងជើងនៃបទចម្រៀងនេះតែម្តង។ សព្វថ្ងៃយើងពុំឮសូរគេច្រៀងបន្ទរថាសំប៉ានទេ គឺច្រើនតែច្រៀងបន្ទរថា «…អើងអើយប្រាសាទធំធេង…»ជាដើម។
ខាងក្រោមនេះគឺជាសម្រង់ទំនុកច្រៀងបទអុំទូក ៖
ឡាំ៖
ឱណាសំប៉ានធំធេង ឱលេងភ្លេងៗរងំ
លេងថ្វាយៗព្រះព្រហ្ម ឱណាសូមសុខៗសប្បាយ
ហៃជើណាៗកែវណា សូមសុខៗសប្បាយ។
លោកយាយ ឃី មុំ