ដោយ វណ្ណ វីរៈបុត្រ
«សូរិកាយ៉ាំងស៊យ» ជាឈ្មោះចម្រៀងយីកេមួយបទ ដែលគេច្រៀងក្នុងពេល ផ្តោះផ្តងស្នេហារបៀបអ្នកស្រុកស្រែចម្ការ។ ចំពោះទំនុកដែលច្រៀងនោះវិញ ប្រហែលជាអ្នកអានភាគច្រើនធ្លាប់ឮក្នុងចម្រៀងសម័យ ច្រៀងដោយ អ្នកស្រី សូ សាវឿន និងលោកមាស សាម៉ន។ ឯចំណងជើងដែលយើងអាចរកស្តាប់បានក្នុង YouTube គឺបទ «បងសុំស្លាស្រី»។
ក្នុងកុនខ្លីនេះ លោកយាយ ឃី មុំ កំពុងច្រៀងបង្ហាត់បង្ហាញកូន និងចៅឲ្យរៀនច្រៀងតាម ដ្បិតជាយូរមកហើយដែលលោកយាយពុំដែលបានច្រៀង ឬបង្រៀនបទនេះដល់កូននិងចៅ ព្រោះលោកយាយទើបតែនឹកឃើញបទនេះឡើងវិញភ្លាមៗនៅពេលដែលខ្ញុំកំពុងសម្ភាសន៍ជាមួយគាត់។ ម្យ៉ាងទៀត សព្វថ្ងៃយើងក៏ពុំសូវបានឮគេច្រៀងបទនេះនៅក្នុងសាច់រឿងយីកេណាមួយដែរ។ ភ្ជាប់ជាមួយកុនខ្លីនេះ គឺជាសម្រង់ដែលខ្ញុំស្រង់ចម្លងចេញពីពាក្យដែលលោកយាយច្រៀងទាំងស្រុងដោយមានទាំងឡាំ ឬបន្ទរ និងទំនុកផង ៖
ឡាំ ឬ បន្ទរ ៖
សូរិកាយ៉ាំងស៊យ ឱភីអូនអើយយ៉ាំងស៊យឱដ្ឋានឋិត
ឡែវអើយភីដិត ហៃយ៉ាសហៃយូសូម៉ារ៉ាំ។
ច្រៀង៖
បងសុំស្លាស្រី ឱមាសបងអើយស្រីឲ្យស្លាខាំ
បងយកទៅដាំ អូនអើយលើភ្នំឱចរចា។
ស្រណោះស្រូវទុំ ឱមាសបងអើយកំពីងពួយផ្កា
លើភ្នំអូនអើយចរចា ឱណាស្លាយើងឱផ្លែហើយ។
លោកយាយ ឃី មុំ