ដោយ ថន ស៊ុយទ្រី
ផ្ដៅជារុក្ខជាតិវល្លិ៍មានបន្លានៅស្រទប, ធាង និងស្លឹក ហើយមានឈ្មោះច្រើនប្រភេទតាមទំហំតូចធំនៃដើមផ្តៅនោះ ដូចជាផ្តៅទឹក, ផ្តៅក្រែក, ផ្តៅឈ្វាំង, ផ្តៅអារ៉េច, ផ្តៅដំបង, ព្រះផ្តៅជាដើម។ ឯប្រយោជន៍ដែលគេអាចទាញយកពីផ្តៅនោះមានច្រើនបែបយ៉ាងណាស់។ នៅទីនេះខ្ញុំលើកយកតែការប្រើប្រាស់ម្យ៉ាងហៅថា «ច្បោស» មកនិយាយតែប៉ុណ្ណោះ។ ច្បោស គឺការដែលយកបន្ទោះផ្តៅបិតហើយ មករឹតអបអ្វីមួយឲ្យជាប់មាំ។
នៅភូមិព្រែកឬស្សី ស្ថិតនៅក្នុងឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ពីមុនឃើញមានរុក្ខជាតិផ្ដៅដុះច្រើនតាមព្រៃនិងដងអូរនានា ហើយការយកផ្ដៅមកប្រើប្រាស់ក្នុងជីវភាពរស់នៅក៏សម្បូណ៌បែបណាស់ដែរ។ អ្វីដែលជាការសំគាល់មួយគឺគេយកផ្ដៅវេញធ្វើជាព្រ័ត្រសំរាប់ទាញលេងនៅមុខរោងអ្នកតាដើមសំរោង ក្នុងថ្ងៃបុណ្យចូលឆ្នាំដូចមាននិយាយរួចមកហើយនៅជំពូក៥ លេខរៀងទី៥០។ ក្នុងចំណោមផ្តៅច្រើនប្រភេទដូចរៀបរាប់ខាងលើ ផ្តៅដែលគេតែងយកមកពុះបិតធ្វើបន្ទោះច្បោសនោះគឺផ្តៅទឹក (រូបលេខ១-២) ដោយសារដើមវាទំហំល្មមមិនធំពេកមិនតូចពេក។ គេរើសរកផ្តៅណាដែលនៅខ្ចីល្មម ពោលគឺមិនទាន់មាន «ចញ្ចើមស្វា» មកពុះ ដ្បិតងាយស្រួលពុះមិនដាច់ខូច ហើយគេអាចពុះផ្ដៅជាពីរឬបីចម្រៀកតាមទំហំដែលចង់បាន រួចទើបបិតចម្រៀកផ្ដៅនោះឲ្យរាងសំប៉ែតគ្រាប់ត្នោត ដោយយកសាច់ពោះចេញ និងលួសចញ្ចើមស្វាខាងខ្នងឲ្យស្អាត ហើយយកខ្នងកាំបិតកៀសគែមបន្ទោះឲ្យស្អាតល្អកុំឲ្យមុត ។
នៅពេលចាក់ច្បោស គេយកចម្រៀកបន្ទោះដែលពុះបាននោះមកមូរពាត់វង់ជាពីរកងស្មើគ្នា ធំជាងទំហំវត្ថុដែលគេចង់ច្បោសពីលើនោះបន្តិច។ គេត្រូវចាប់សំណុំកងបន្ទោះពីរនោះឲ្យជាប់កុំឲ្យរលាឬរំកិលខុសទីតាំងដែលត្រូវច្បោស រួចយកចុងបន្ទោះដែលវែងចាក់មុជងើបៗ ប្រទាក់ក្រឡានឹងកងផ្ដៅពីរនោះទៅមក រហូតទាល់ចុងបន្ទោះទាំងពីរប្រសព្វមុខគ្នា។ គេធ្វើបែបនេះរហូតឃើញថាបានទំហំច្បោសមួយដែលគេចង់បាន (រូបលេខ៣-៥)។
ការប្រើប្រាស់ច្បោសនេះ ខ្ញុំប្រទះឃើញមានបែបផែនផ្សេងគ្នា។ នៅភូមិព្រែកឬស្សីនេះ ដែលឃើញញឹកញាប់ជាងគេគឺច្បោសលើអំបោសទ្រនង់ជ្រែ ដោយគេចាក់ធ្វើជាច្បោសរួច បញ្ចូលច្បោសនោះពីខាងចុងអំបោស រួចរូតរឹតបន្តឹងទៅផ្នែកខាងគល់ធំ (រូបលេខ៦-៧)។
ឧទាហរណ៍ផ្សេងទៀតដែលខ្ញុំលើកយកមកបង្ហាញនៅទីនេះគឺច្បោសដែលគេចាក់រឹតលើស្រោមកាំបិតបន្ទោះ។ ច្បោសនោះរឹតផ្លែកាំបិតបន្ទោះឲ្យជាប់តឹងនឹងស្រោមឬស្សី បង្ការកុំឲ្យកាំបិតរបូតចេញពីស្រោមនៅពេលស្ពាយដើរ (រូបលេខ៨)។
ក្រៅពីនោះ គេក៏អាចចាក់ច្បោសសម្រាប់ជាមធ្យោបាយពាសរឹតស្បែកទ្រឲ្យជាប់មាំដែរ។ របៀបធ្វើគឺថានៅពេលដែលលាបបាយដំណើបនំចាំងក្បុង ឬនំអន្សមលើលលាដ៏ទ្ររួច គេយកស្បែកពស់ឬស្បែកអន្សងដែលគេបានត្រាំទឹកជាមុនមកដើម្បីឲ្យទន់សិនមកពាសពីលើលលាដ៏នោះ ហើយស៊កច្បោសផ្ដៅឲ្យតឹងស្បែក រួចហើយរក្សាទុកក្នុងម្លប់កុំឲ្យត្រូវកំដៅថ្ងៃដើម្បីឲ្យស្បែកតឹងល្អ (រូបលេខ៩)។
របៀបផ្សេងទៀត គឺគេប្រើច្បោសដើម្បីអបរឹតដងកាំបិតឬស្រោមដាវ។ គេច្បោសនៅលើដងកាំបិតណាដែលបែកបាក់ឲ្យជាប់មាំឡើងវិញ ហើយម្យ៉ាងទៀតគេច្បោសដើម្បីកុំឲ្យដងកាំបិតរអិលរបូតពីដៃនៅពេលកាប់ឆ្ការផង។ ឯនៅលើស្រោមដាវ គឺគេច្បោសអបនៅលើឈើពីរបំណែកផ្សេងគ្នា ឲ្យផ្គុំចូលគ្នាដោយមានគន្លាក់សម្រាប់សកផ្លែដាវចូលជាស្រោមផង ដើម្បីឲ្យសមភ្នែកផង (រូបលេខ១០-១១)។
នៅរូបលេខ១២-១៣ យើងឃើញច្បោសមួយបែបទៀតដែលគេប្រើនៅក្នុងការធ្វើស្គរយីកេមួយ គឺគេមិនចាក់ជាកងដូចរៀបរាប់ខាងលើឡើយ តែគេយកផ្ដៅទាំងមូលមួយដើមទំហំប៉ុនកូនដៃ មកកល់ស្ទបពីក្រោមស្បែកស្គរយីកេនោះវិញ ដោយរុំពាត់រាងកងរង្វង់ទៅតាមរាងមាត់ស្គរ។ គេប្រើកូនញញួរឈើតូចមួយដើម្បីបន្តឹងស្បែក ដោយផ្នែកក្បាលខាងធំសម្រាប់វាយបន្តឹងស្នៀតឈើ ឯផ្នែកខាងដងសំប៉ែតសម្រាប់វាយបញ្ចូលច្បោសផ្ដៅ។ ស្គរយីកេនេះអ្នកស្រុកតែងយកមកប្រគំលេងពេលទាញព្រ័ត្របុណ្យឡើងអ្នកតាដើមសំរោងនៅភូមិព្រែកឬស្សីនោះឯង។
សូមមើលវីដេអូខាងក្រោម។
KR 7 28 Movie