ដោយ អាំង ជូលាន
ច្រមជាពាក្យហៅវត្ថុម្យ៉ាងសម្រាប់ដាក់សំណែន។ យូរៗម្តងយើងឃើញគេដោតច្រមនៅកណ្តាលស្រែ ប៉ុន្តែជាទូទៅគេច្រើនយកទៅចងផ្អោបសសរណាមួយក្នុងផ្ទះដែលគេយល់ថាជាសសរសំខាន់ជាងគេ។ នៅតំបន់ខ្លះគេនិយមធ្វើពីឫស្សី ដោយយកឫស្សីមួយកំណាត់មកពុះច្រៀកបំបែកចុងម្ខាងញែកឲ្យបែកជាមាត់ចំហរទៅលើ (រូបលេខ១)។ បើនៅតំបន់ខ្លះទៀត គេនិយមធ្វើពីផ្តៅទៅវិញ (រូបលេខ២)។ ពេលនោះ គេមិនពុះបំបែកដូចឫស្សីឡើយ គឺគេយកផ្តៅមកក្រងឲ្យចេញជាមាត់បើកមកខាងលើដូចគ្នា។ នៅខេត្តសៀមរាបគេហៅផ្តៅនោះថា «ផ្តៅឈ្វាំង» ដែលជាផ្តៅមានទំហំតូច ហើយថ្នាំងរង្វើលឆ្ងាយពីគ្នា។ ផ្នែកណាប្រើជាចំណង គឺគេពុះវាបិតឲ្យបានស្តើង។
គេធ្វើវត្ថុនេះទុកប្រុងប្រៀបតាំងពីពេលធ្វើកិច្ចលើកសសរទ្រូងផ្ទះ (រូបលេខ៣) ឬក៏អាចចាំដល់ពិធីឡើងនៅផ្ទះថ្មីក៏បាន។ ជាទូទៅគេនិយាយថាជីនាងផ្ទះ (ឬម្នាងផ្ទះ) នៅកាន់សសរកន្លោងដែលមានច្រំចងភ្ជាប់នោះ។ តែនៅតំបន់អង្គរនិងតំបន់ខាងជើងទៅទៀតគេហៅច្រមនោះថា «ព្រះភូមិ» ដូច្នេះតែម្តង ពោលគឺសំដៅទៅដីភូមិនៃផ្ទះ។ រូបលេខ៤-៦ បង្ហាញពីការក្រងព្រះភូមិ។
សូមមើលកុនភ្ជាប់ជាមួយនេះ។
KR 7 28 Movie