ដោយ អាំង ជូលាន
នៅជំពូក៤, លេខរៀងទី៦៣ លោក ភឹង តារា បានបង្ហាញនិងអធិប្បាយយ៉ាងក្បោះក្បាយអំពីការរែកដែលជាឥរិយាបទប្រើរាងកាយដើម្បីដឹកជញ្ជូនវត្ថុនានា ដែលពីមុនមកសំខាន់ក្រៃលែង។ ដូច្នោះហើយបានជាគេប្រទះឃើញចម្លាក់មនុស្សរែកឥវ៉ាន់ច្រើនកន្លែងម្ល៉េះ នៅតាមប្រាសាទនានា។ សព្វថ្ងៃ ដោយសារសម្បូណ៌មធ្យោបាយដឹកជញ្ជូនជាយានយន្តច្រើនទៅៗ ការរែកចុះថយជាងពីមុនច្រើន មិនឃើញមនុស្សរែកអ្វីៗញឹកញាប់ទៀតឡើយ ថ្វីដ្បិតតែពុំទាន់បាត់បង់ទាំងស្រុង។
មានសង្រែកតូចម្យ៉ាងប្រើទោលតែឯងគ្មានគូ គ្មានដងរែក ដែលគេហៅថា «សង្រែកកណ្តុំ»។ វត្ថុនេះស្ទើរតែបាត់បង់ទាំងស្រុងទៅហើយ។ ពីមុនមកគេចាក់សង្រែកនេះសម្រាប់យួរចានអ្វីមួយធំ ឬឆ្នាំងជាដើម ឧទាហរណ៍ដាក់បាយឬសម្លរទៅវត្ត។ សង្រែកនេះគេចាក់ពី «ផ្តៅក្រែក» ដែលគេពុះបិតឲ្យបានជាបន្ទះស្តើងៗ (រូបលេខ១-៣)។ គេធ្វើក្រវិលសម្រាប់រិតកវាឲ្យវត្ថុដែលត្រូវយួរនោះនៅនឹង មិនក្រឡាច់របូត។ ក្រវិលនេះគេហូតចុះឡើងអាស្រ័យទៅតាមទំហំនឹងកំពស់វត្ថុ។ នៅរូបលេខ៤ យើងឃើញថា បើយួរដូច្នេះតែម្តង ឆ្នាំងនោះអាចនឹងក្រឡាច់រង្កិលមិននឹង។ នៅរូបលេខ៥ ឃើញថាសង្រែកកៀបគ្រាន់បើជាងមុន ហើយបើនៅលេខ៦ទើបឃើញថាគេអាចរិតឲ្យតឹងជាងនោះបន្តិចទៀត ពេលកាន់យួរទៅ ងាយស្រួល។ ក្រៅពីប្រើសម្រាប់យួរកាន់វត្ថុនោះ គេអាចយកទៅប្រើអ្វីផ្សេងទៀតតាមតែចិត្តនឹកឃើញដែរ ដូចមានបង្ហាញនៅរូបលេខ៧-៨។
សូមមើលកុនភ្ជាប់ជាមួយ។
KR 7 26 Movie