ដោយ សួង សុខរ៉ូ
«ដាល់អំបុក» ឬអ្នកស្រុកខ្លះហៅថា «បុកអំបុក» គេច្រើនតែធ្វើនៅពេលច្រូតស្រូវដើមដៃ។ ហើយស្រូវដែលគេយកមកបុកច្រើនជាស្រូវដំណើបថ្មី ឬជួនកាលក៏មានស្រូវខ្សាយខ្លះដែរ។ ការដែលដាល់អំបុកគឺមិនមែនដើម្បីតែបានអំបុកទទួលទានម្យ៉ាងទេ បំណងមួយទៀតគឺថាដើម្បីនឹងយកអំបុកទៅប្រើក្នុងពិធី។ រីឯពិធីដែលអ្នកស្រុកធ្វើរួមគ្នានៅតាមវត្តហៅថា «អកអំបុកសំពះព្រះខែ» នោះមាននិយាយនៅក្នុងជំពូក២, លេខរៀងទី៥០រួចមកហើយ។ សូមបញ្ជាក់ថាគេអាចធ្វើកិច្ចបន្តិចបន្តួចដោយមាននិមន្តព្រះសង្ឃមកតាមផ្ទះដែរ (រូបលេខ១)។ តែនៅទីនេះខ្ញុំគ្រាន់តែចង់បង្ហាញពីបច្ចេកទេសឬកាយវិការផ្សេងៗនៅពេលគេដាល់អំបុកប៉ុណ្ណោះ។
ជាដំបូងគេត្រូវយកស្រូវស្រស់មកលីងក្នុងអំបែងឬខ្ទះ (រូបលេខ២) រហូតដល់ស្រូវចាប់ផ្ទុះមួយៗទើបគេចាក់ស្រូវទៅក្នុងត្បាល់។ អ្នកដាល់ច្រើនមានគ្នាពីរនាក់គឺម្នាក់កាន់អង្រែដៃពីរឬអង្រែវែង និងម្នាក់ទៀតកាន់អង្រែដៃមួយឬអង្រែខ្លី (រូបលេខ៣)។ ក្នុងពេលកំពុងដាល់យើងឃើញថាអ្នកកាន់អង្រែខ្លីហាក់ដូចជារហ័សរហួននិងសកម្មជាងម្នាក់ទៀត ដ្បិតដៃម្ខាងកាន់អង្រែនិងម្ខាងទៀតកាន់ឈើឆ្កៀស។ គេដាល់ទាល់តែឃើញថាអុំបុកពៀចសំប៉ែតនិងខ្ចាត់សម្បកស្រូវចេញអស់ទើបឈប់ ហើយបារដាក់ចង្អេរយកទៅអុំ។ ឯកាយវិការអុំនោះសោតក៏មានបែបមានបទច្រើនយ៉ាងដូចជារែង, អង្រួន, ស្ទៃ ជាដើម។ មុនពេលចាប់ផ្ដើមអុំគេត្រូវយកកញ្ច្រែងរែងមករែងកន្ទក់ចេញ ឬវិធីម្យ៉ាងទៀតគឺការ «ប្រទាក់» ដោយចង្អេរ ដើម្បីឲ្យអំបុកនិងកន្ទក់នៅផ្សេងពីគ្នា។ បន្ទាប់មកទៀតគឺអុំជម្រុះក្បាលអង្កាម ដោយអុំបណ្ដើរ «ក្នាច់» បណ្ដើរ។ ផ្នែកចុងក្រោយគឺគេអង្រួនចង្អេរឲ្យគ្រាប់អំបុកធំៗ ហៅថា «អង្ករដើម» និងគ្រាប់ស្រូវឡើងមកខាងលើ ដើម្បីងាយរើសគ្រាប់ស្រូវចេញឲ្យបានស្អាត។ កាយវិការទាំងអម្បាលម៉ាននេះ (រូបលេខ៤-៥) លំបាកនឹងបរិយាយពន្យល់ដោយមាត់ទទេឬគ្រាន់តែសរសេរណាស់ ទាល់តែបានឃើញនឹងភ្នែកស្រស់ទើបយល់។
ដូច្នេះយ៉ាងហោចណាស់សូមចូលមើលកុនខ្លីដែលភ្ជាប់មកជាមួយនេះ។
រូបលេខ១