ហៅព្រលឹងឲ្យអ្នកជម្ងឺ

ដោយ  អាំង  ជូលាន

ការសិក្សាអំពីពិធីហៅព្រលឹងមានច្រើនមកហើយដែរ  រីឯបណ្តាញពត៌មានវប្បធម៌នេះក៏មាននិយាយពីព្រលឹងច្រើនកន្លែងផង។ ក្នុងជំពូកទី២ លេខរៀងទី៤៤ មាននិយាយពីការហៅព្រលឹងឲ្យមនុស្សត្អើកមិនឈប់។  ឯក្នុងជំពូកទី៦ លេខរៀងទី១៦ ក៏មាននិយាយពីការហៅព្រលឹងស្រូវ  មិនតែប៉ុណ្ណោះ  មានឲ្យពាក្យពេចន៍ហៅមួយចប់ផង។  នៅទីនេះ ខ្ញុំស្រង់យកសម្លេងហៅព្រលឹងមនុស្សឈឺមកបង្ហាញមួយវគ្គខ្លី។  សាមីខ្លួននោះ (រូបលេខ១) ពុំមានជម្ងឺអ្វីពិសេសប្រាកដឡើយ  គឺគាត់ជាមនុស្សចាស់ រស់នៅក្រុងសៀមរាប  ហើយឧស្សាហ៍ហេវហត់ ខ្សោយកម្លាំងអន់ថយ  ដែលគេតែងនិយាយថា  «ព្រលឹងមិននៅនឹងរូប»  ដូច្នេះកូនចៅក៏ទៅរកអ្នកនៅជនបទ នៅប៉ែកខាងជើងតំបន់អង្គរ មកធ្វើកិច្ចហៅព្រលឹងនោះ។  កិច្ចនេះចាប់ផ្តើមធ្វើនៅម៉ោងប្រមាណ ៨យប់  ហើយកិច្ចទីមួយនេះ ចប់នៅប្រមាណ ម៉ោង៩។  គេតែងត្រូវការមនុស្សពីរក្រុម។  មួយក្រុមជាមនុស្សប្រុសបីបួននាក់ ដែលអានសូត្រពាក្យហៅតាមក្បួន ធ្វើបទយឺតៗ លន្លង់លន្លោច។  នៅទីនេះយើងឃើញថា មានព្រះសង្ឃមួយអង្គ  (រូបលេខ២-៤) តែតាមពិត ពុំចាំបាច់មានព្រះសង្ឃឡើយ  នេះគឺមកពីព្រះសង្ឃអង្គនោះចេះពាក្យហៅស្ទាត់  ហើយគង់នៅវត្តមួយដែលភូមិជនបទនោះជាចំណុះផង។  រីឯក្រុមទី២វិញ ភាគច្រើនជាមនុស្សស្រី ចាស់ឬក្មេង  ហើយពុំមែនជាអ្នកអានសូត្រពាក្យពេចន៍តាមក្បួននោះឡើយ  តែមានមុខងារច្រើនយ៉ាង។  ស្រីក្មេងៗគេច្រើនតែឲ្យកាន់វត្ថុខ្លះ ដូចជាមានម្នាក់កាន់បាយព្រលឹងនៅលើភ្លៅ (នៅរូបលេខ៥ យើងឃើញនាងនោះកំពុង អុជទៀន)។  អ្នកខ្លះទៀតកាន់កូនចេកនិងកូនអំពៅ ដែលនឹងត្រូវយកទៅដាំនៅពេលចប់កិច្ច (រូបលេខ៦)។  ក្រៅអំពីនោះ ច្រើនតែជាមនុស្សដែលមានចំណាស់បន្តិច ហើយតែងអង្គុយនៅម្តុំខាងក្រោយគេ (រូបលេខ៧)។  ពេលណាអ្នកសូត្រតាមក្បួន សូត្របានបន្តិច ឬថាបានមួយវគ្គៗខ្លី  ស្រីទាំងនេះមានពាក្យបន្ទរហៅព្រលឹងអ្នកជម្ងឺនោះឲ្យមកចូលនឹងរូបវិញ  កុំឲ្យទៅវង្វេងវង្វាន់ ចាញ់បោកខ្មោចព្រៃនានាដែលលោមយកទៅ (រូបលេខ៨)។  ពាក្យហៅបន្ទរទាំងនេះ ពុំមែនមានកក់ត្រាក្នុងក្បួនអ្វីឡើយ  តែការបន្ទរក៏ហាក់ដូចជាគោរពតាមគោលនិងបែប បទអ្វីមួយដែរ ទោះបីជាមានការបញ្ចោញបញ្ចូលខ្លះរៀងៗខ្លួនតាមការនឹកឃើញក៏ដោយ។  ដោយសារលោកយាយជាម្ចាស់ខ្លួននោះ ជាអ្នកផ្សារឬអ្នកក្រុង  អ្នកបន្ទរដែលមកពីជនបទទាំងនេះ ពុំហៅគាត់ថា «យាយ» ទេ  តែនាំគ្នាំហៅថា «ម៉ា» តាមការនិយមជាទូទៅនៅតំបន់នោះ។  ធ្វើយ៉ាងនេះបានក៏មកពីអាចបញ្ចោញបញ្ចូលខ្លះតាមការនឹកឃើញនោះឯង។

កិច្ចហៅព្រលឹងមានវែងឆ្ងាយទៅទៀត ឧទាហរណ៍នៅពេលទៀបភ្លឺ ស្រីចាស់ក្មេងទាំងនោះនាំគ្នាទៅជញ្ជាត់ព្រលឹងនៅក្បែរផ្ទះ (តែសន្មតថាជាព្រៃស្បាត) យកមកវិញ  នៅពេលដែលក្រុមមនុស្សប្រុសដដែលនោះ សូត្រហៅសាជាថ្មី។  បំណងរបស់ខ្ញុំពុំមានត្រូវរៀបរាប់អំពីពិធីនេះឡើយ  ព្រោះគ្រាន់តែចង់ស្រង់ពាក្យហៅ ព្រមទាំងពាក្យបន្ទរមួយវគ្គខ្លី ដែលអ្នកអានអាចបើកស្តាប់ជាមួយអត្ថបទនេះ។