ការជះឥទ្ធិពលក្នុងវិស័យភ្លេង

ដោយ អាំង ជូលាន

យើងដឹងហើយថា ក្នុងលោកនេះគ្មានជាតិសាសន៍ណាមួយមិនទទួលឥទ្ធិពលអ្វីសោះពីក្រៅឡើយ ។ បើជាតិសាសន៍នោះធំធេងផង គឺឥទ្ធិពលពីក្រៅនោះកាន់តែធំធេងទៅទៀត តែជាឥទ្ធិពលដែលទទួលបានមកហើយ បត់បែនទៅតាមមូលដ្ឋានវប្បធម៌ ព្រមទាំងទេពកោសល្យផ្ទាល់របស់ខ្លួន។ បើខ្មែរមិនដែលទទួលឥទ្ធិពលវប្បធម៌ពីឥណ្ឌា គឺច្បាស់ជាគ្មានអង្គរវត្តទេ តែអង្គរវត្តដែលមានគំនិត និងស្ថាបត្យកម្មជាមូលដ្ឋាននោះក៏ពុំឃើញមាននៅប្រទេសឥណ្ឌាដែរ ហើយនៅទីណាលើលោកក៏គ្មាន ដ្បិតទេពកោសល្យនោះជាទេពកោសល្យខ្មែរ។

បើក្នុងវិស័យភ្លេងផង មនុស្សកាន់តែឆាប់ចាប់អារម្មណ៍លើការរៀបចំសម្លេងប្លែកៗត្រចៀកទៅទៀត ដូច្នេះហើយបានជាគេលំបាកនឹងរកប្រភពឧបករណ៍ភ្លេងបុរាណថាមកពីណាប្រាកដណាស់។ នេះបើនិយាយតាមអ្នកស្រាវជ្រាវ ចេះដឹងពិតប្រាកដ។ ប្រការនេះមាន័យថា មនុស្សចម្លងភ្លេងនិងឧបករណ៍ភ្លេងពីគ្នាទៅវិញទៅមកតាំងតែពីយូរយារណាស់មកហើយ។ ខ្ញុំនិយាយសង្ខេបតែត្រឹមនេះដើម្បីលោតមកដល់ករណីជាក់ស្តែងមួយ ក្នុងភ្លេងខ្មែរយើងហៅថា “មហោរី ”។ បទដែលមាននៅក្នុងភ្លេងនេះ ប្រហែលជាមានច្រើនណាស់។ ខ្ញុំពុំដឹងថាអាចមានដល់ប៉ុន្មានឡើយ តែខ្ញុំជឿថា ប្រភេទភ្លេងនេះជាប្រភេទដែលបើកចំហ ពោលគឺងាយឆាប់នឹងចាប់យកបទពីគេដទៃមកបញ្ចូល បត់បែនឲ្យមកនៅក្នុងប្រភេទខ្លួន មិនថា យកពីជាតិសាសន៍ឯង ឬយកពីគេអ្នកក្រៅឡើយ។ មហោរីនេះ សៀមក៏មាន លាវក៏មាន ខ្មែរក៏មាន រីឯឧបករណ៍ បើមានខុសគ្នាខ្លះក៏មិនមែនខុសជាមូលដ្ឋានធំដែរ គឺជាការបត់បែនទៅតាមទំនៀមស្រុករៀងៗខ្លួន។ ចំណែកបទភ្លេងវិញក៏មានខ្ចីគ្នាពីមួយទៅមួយដែរ។ ចំណុចដែលខ្ញុំចង់លើកមកនិយាយនៅទីនេះ គឺការខ្ចីហើយបត់បែនទៅតាមត្រចៀកជាតិសាសន៍អ្នកខ្ចីនោះឯង ដ្បិតទាល់តែស្តាប់មួយបទៗច្រើនដងទើបដឹងថា មានបទមួយចំនួននោះ ដើមឡើយជាបទគេ។ ក្នុងនោះមានបទចិនច្រើន ប៉ុន្តែស្តាប់ភ្លេងចិននិងភ្លេងមហោរីខ្មែរឃើញថាខុសគ្នាភ្លាម ដ្បិតខ្មែរយកមកបត់បែនតាមត្រចៀករបស់ខ្លួន បើចិនយកទៅស្តាប់ ប្រហែលជាថា មិនពិរោះក៏មិនដឹង។

ឧទាហរណ៍ខាងក្រោមនេះទើបនឹងកើតឡើងថ្មីៗទេ គឺមានការសាកល្បងយកភ្លេងចម្រៀងជប៉ុនមកលេងជាមហោរី។ ចម្រៀងជប៉ុននោះសោតក៏ពុំមែនជាប្រពៃណីចាស់បុរាណណាស់ណាដែរ ដ្បិតជាចម្រៀងដែលតែងឡើងនៅឆ្នាំ១៩៣៨ លេងដោយឧបករណ៍សម័យបែបអឺរ៉ុប ហើយមានឈ្មោះថា “រាត្រីស្រុកចិន” (Shino no Yura)។

រីឯអ្នកភ្លេងមហោរីខ្មែរដែលយកមកលេងវិញក៏មានចំនួនតិចបំផុត ពោលគឺមានតែ៤នាក់ តែប៉ុណ្ណោះ មិនពេញលេញ មានឧបករណ៍សព្វគ្រប់ទេ ៖ ម្នាក់កាន់រនាតឯក, ម្នាក់ផ្លុំខ្លុយ, ម្នាក់កូតទ្រសោ និងម្នាក់ទៀតកាន់ស្គរដៃនិងរមនា (សូមមើលរូបអ្នកទាំងនេះកំពុងហាត់ សម)។ សម្រង់សម្លេងដែលយកមកនេះ បង្ហាញពីដំណាក់កាលដែលទើបនឹងសម ហើយនៅមានខុសខ្លះ មិនទាន់ថ្នឹករលូននៅឡើយទេ តែខ្ញុំសូមបញ្ជាក់ថា ក្រោយបន្តិចមក ទាំង ៤នាក់នេះទៅប្រគំនៅប្រទេសជប៉ុន ហើយឃើញថា ជនជាតិជប៉ុនគេស្តាប់ទៅពេញចិត្ត។