កាត់គ្រោះ

ដោយ គង់ វីរៈ និងអាំង ជូលាន

 នៅក្នុងទំនៀមទម្លាប់ខ្មែរ មានពិធីម៉្យាងដែលគេធ្វើឡើងដើម្បីផ្តាច់គ្រោះអ្វីទាំងអស់ឲ្យផុតពីខ្លួន។ ពិធីនេះ បើនៅខាងភ្នំពេញ គេច្រើននិយាយថា “រំដោះគ្រោះ” បើនៅតំបន់ខ្លះទៀត មានពាក្យពិរោះដូចជា “យោងព្រះគ្រោះ”ជាដើម។ នៅទីនេះយើងខ្ញុំប្រើពាក្យថាកាត់គ្រោះ ដោយសារពាក្យសូត្រដែលយើងស្រង់ជាសម្លេងមួយភាគយកមកបង្ហាញនេះ បានមកពីអ្នកស្រុកនៅតំបន់អង្គរ ហើយអ្នកស្រុកខាងនោះប្រើពាក្យថា “កាត់គ្រោះ” ដូច្នេះឯង។ កាត់គ្រោះអាចធ្វើក្នុងទេសកាលពីរ។ ទីមួយ កាត់ឲ្យមនុស្សដែលសុខភាពពុំបរិបូណ៌ ហើយដែលរកហេតុពុំឃើញ,ដាក់ថ្នាំសង្កូវធម្មតាពុំត្រូវ។ ពេលនោះ គេយល់ថាជាគ្រោះដែលពាក់ព័ន្ធនឹងឆ្នាំកំណើត ព្រមទាំងឆ្នាំបច្ចុប្បន្នដែលមនុស្សនោះឈឺ។ ម៉្យាងទៀត គឺឥតមានជម្ងឺដំកាត់អ្វីឡើយ តែអ្នកនោះដឹងខ្លួនមុនឬក៏គ្រូហោរណាមួយប្រាប់ឲ្យដឹងថាឆ្នាំនេះនឹង “ដាក់”។

ពិធីកាត់គ្រោះពុំតម្រូវឲ្យមានអ្នកជិតខាងមកកុះករទេ ស្ទើរតែថាអ្នកជម្ងឺនិងអ្នកនៅផ្ទះជាមួយគ្នាជួយគ្រូដែលកាត់នោះមួយដៃមួយជើងក៏គ្រប់គ្រាន់ហើយ។ តែបើមើលទៅកិច្ចវិញ ឃើញថាមានច្រើនដំណាក់ហើយតម្រូវឲ្យគ្រូនោះចេះស្ទាត់មែន។ បើចេះស្ទើរគ្រាន់តែសូត្រក៏ប្រហែលជាសូត្រមិនចប់ចុងចប់ដើមដែរ នេះបើយករបៀបដែលធ្លាប់ឃើញនៅតំបន់អង្គរ មកនិយាយ។ យើងខ្ញុំពុំរៀបរាប់អ្វីទាំងអស់ពីកិច្ចរៀបចំទាំងនោះឡើយ គឺយកតែសម្លេងពាក្យសូត្រមកបង្ហាញ។ ពាក្យសូត្រនោះសោត បើសារុបទាំងអស់គឺសូត្រអស់រយៈពេលមួយម៉ោងនិងដប់ប្រាំនាទី។ ពិតហើយថាការសូត្រនោះ មានការសូត្រដដែលៗខ្លះ តែយ៉ាងណាក៏វែងណាស់ដែរ។ ហេតុនេះ យើងខ្ញុំស្រង់យកតែ១៥នាទីមកបង្ហាញប៉ុណ្ណោះ ដើម្បីជាឧទាហរណ៍បង្ហាញថា គេលើកសម្លេងបែបបទយ៉ាងម្តេចខ្លះ។ ឯអត្ថន័យ អ្នកស្តាប់នឹងឃើញហើយថាមានពីរផ្នែកធំៗ។ មួយគឺបណ្តេញព្រាយនិងឧបទ្រពចង្រៃអ្វីទាំងអស់ចេញពីខ្លួន មួយទៀតគឺអន្ទងទេពនិករទាំងអម្បាលម៉ានឲ្យមកថែរក្សាអ្នកនោះ។