ខ្លែងឯក

ដោយ  អាំង ជូលាន

ពីមុននេះបន្តិច ការបង្ហើរខ្លែងមិនត្រឹមតែជាល្បែងកម្សាន្តមួយមុខប៉ុណ្ណោះទេ ប៉ុន្តែមាននាទីជាពិធីខ្លះផង ដូច្នេះហើយបានជាយើងឃើញថា គេនិយាយពីការបង្ហើរខ្លែងនៅក្នុងពិធីទ្វាទសមាស ដែលគេតែងធ្វើនៅខែមិគសិរ។

បើពោលត្រឹមតែខ្លែងសម្រាប់បង្ហើរលេងបន្តិចបន្តួច វត្ថុនោះមិនជាលំបាកធ្វើណាស់ណាឡើយ ក្មេងនៅជនបទអាចធ្វើបានដែរ (រូបលេខ១-៣)។ តែខ្លែងដែលពិបាកធ្វើ ហើយដែលប្រឈមនឹងគ្រោះបាត់បង់ពីប្រទេសកម្ពុជានេះ គឺ “ខ្លែងឯក”។ ទោះបីជាពុំមែនជាកិច្ចពិធីអ្វីច្បាស់ ក៏ពីមុនមកគេនិយមបង្ហើរនៅតាមស្រែនានា ជាពិសេសម្តុំពេលដែលស្រូវទុំ។ គេច្រើនចាប់ផ្តើមបង្ហើរពេលទៀបភ្លឺ ដ្បិតពេលនោះ បើជាខែកត្តិក-មិគសិរជាដើមផង គឺខ្យល់ធ្លាក់មកពីខាងជើងច្រើន។ គេបង្ហើរហើយចងចោលរបៀបនេះអស់រយៈប្រមាណ មួយម៉ោងទៅពីរម៉ោងជាដើម ពេលនោះនៅតាមភូមិស្រុកពុំទាន់មានសម្លេងអ្វីអ៊ូអរប៉ុន្មានឡើយ ក្រៅពីមាន់រងាវបន្តិចបន្តួច។ អ្នកខ្លះរោយស្រូវនៅពេលនោះ ឬក៏ធ្វើការងារអ្វីផ្សេងទៀត ដោយស្តាប់សម្លេង “ឯក” ដែលបញ្ចោញពីលើនោះមក ហើយដែលអាចជះទៅចម្ងាយប្រមាណកន្លះគីឡូម៉ែត្រជាដើម។

រាងខ្លែងសុទ្ធយើងឃើញនៅរូបលេខ៤ ឯនៅរូបលេខ៥វិញ គឺគេបំពាក់ដោតឯកសម្រាប់បញ្ចេញសម្លេងនោះភ្ជាប់។ រូបលេខ៦ ជាការចង្អុលប្រាប់ឈ្មោះនៃផ្នែកផ្សេងៗ។ ដែលលំបាកធ្វើខ្លាំងនោះ ពុំមែនតួខ្លែងសុទ្ធឡើយ គឺលំបាកធ្វើឯក (រូបលេខ៧) ដ្បិតអី តែលៃប្រវែងស្លាបឯកដែលបិតពីផ្តៅយ៉ាងស្តើងនោះមិនត្រូវ គឺមិនអាចចេញសម្លេងឡើយ។ បើនិយាយពីសម័យមុនមកផង ខ្សែឯកនោះ (រូបលេខ៨) គេតែងធ្វើពីសរសៃកែងសត្វរនាល ឬសត្វត្រដក់ បើខ្សែដែលទិញគេស្រាប់សព្វថ្ងៃនេះ បង្ហើរតែម្តងពីរក៏នឹងដាច់ ហើយត្រូវផ្លាស់ខ្សែថ្មីទៀត។ ឯខ្សែសម្រាប់បង្ហើរត្រូវតែមានឧបករណ៍សម្រាប់រុំហៅថា “អាក់” (រូបលេខ៩) ដូចអាក់ដែលប្រើក្នុងតម្បាញដែរ ដ្បិតខ្សែនោះវែង ដោយសារខ្លែងត្រូវហោះខ្ពស់ ដើម្បីនៅលើបានយូរ។

គេអាចដោះយកឯកនោះមកគ្រវី ក៏ចេញសម្លេងបានដែរ គ្រាន់តែមិនអាចជះទៅឆ្ងាយដូចពេលបង្ហើរ ព្រោះកម្លាំងដៃមនុស្សពុំអាចស្មើកម្លាំងខ្យល់នៅលើអាកាសបានទេ។ កុនខ្លីដែលភ្ជាប់មកនេះធ្វើឲ្យយើងមានគំនិតថា សម្លេងឯកនោះមានរបៀបដូចម្តេច។