អំបោសដៃធ្វើពីស្រកីដូង

ដោយ អាំង ជូលាន

ខ្ញុំធ្លាប់ស្គាល់តាចាស់ម្នាក់ជាយូរមកហើយដែលរស់នៅភូមិសណ្តាន់ក្នុងស្រុកអង្គរធំនៅផ្នែកខាងជើងតំបន់អង្គរ ហើយធ្លាប់បានបង្ហាញរបស់ប្រើប្រាស់ខ្លះដែលគាត់ធ្វើជាញឹកញាប់ ដូចជាវែក (ជំពូក១, លេខរៀងទី២៤) និងឈ្នាង (ជំពូក១, លេខរៀងទី២៦)។ តាមពិតទៅគាត់ធ្វើរបស់ច្រើនបែបយ៉ាងផ្សេងទៀត ហើយពុំដែលយកទៅលក់ឯណាឆ្ងាយទេ គឺទុកប្រើប្រាស់ផង លក់ឲ្យអ្នកភូមិគ្នាឯងក្នុងតម្លៃ ថោកផង។ របស់ខ្លះទៀតដែលមានប្រយោជន៍ដល់វត្ត (ភូមិសណ្តាន់ជាចំណុះជើងវត្តខ្នាចត្រាច) គាត់ថែមទាំងយកទៅប្រគេនលោកទៀត។

នៅទីនេះខ្ញុំយកវត្ថុមួយមុខទៀតដែលគាត់ធ្វើមកបង្ហាញ គឺអំបោសដៃធ្វើពីស្រកីដូង។ ដែលខ្ញុំឃើញគាត់ធ្វើគឺមានពីរបែប ហើយទាំងពីរបែបនេះសុទ្ធតែប្រើឬស្សីជាដង។ ប្រភេទទី១ជាប្រភេទដែលប្រើស្នូលសម្រាប់កៀបស្រកីដូងឲ្យជាប់នឹងដង។ នៅរូបលេខ១-៣ យើងឃើញតាកំពុងចោះបើកដងតាមបណ្តោយល្មមឲ្យស្រកីដូងដែលវេញហើយបត់ចូលបាន។ បន្ទាប់មកគាត់យកស្រកីដូងមកដុំឲ្យទក់បន្តិច ហើយបត់ជុំវិញស្នូលនោះដើម្បីបញ្ចូលទៅក្នុង (រូបលេខ៤-៧)។ រូបលេខ៨បង្ហាញពីអំបោសប្រភេទទី១ដែលធ្វើហើយ។ ប្រភេទទី២ឥតមានប្រើស្នូលទេ គឺគាត់ចោះឬស្សីជាបីប្រឡោះតាមបណ្តោយ (រូបលេខ៩)។ រូបលេខ១០-១២ បង្ហាញថាស្រកីដូងនោះទៅកៀបជាប់នឹងដងដោយរបៀប ណា ឯរូប១៣-១៤ បង្ហាញពីអំបោសប្រភេទទី២ដែលធ្វើហើយ។ យើងសង្កេតឃើញថាដងអំបោស នេះមិនត្រង់ភ្លឹងដូចមុនទេ តែនៅផ្នែកខាងក្រោយកាច់មកលើបន្តិច ដែលបង្ហាញពីការបែកគំនិតរកសោភ័ណភាពផ្សេងៗ។ សូមមើលអំបោសទាំងពីរដាក់ជិតគ្នានៅរូបលេខ១៥។

អ្នកដែលមានលទ្ធភាពមើលកុនអាចឃើញជាចលនានៅកុនខាងក្រោមទាំងពីរ។

 

 

Movie 1

Movie 2