ដោយ គង់ វីរៈ
ក្នុងជំពូកទី៦ លេខរៀងទី១២ អ្នកអានធ្លាប់បានឃើញក្បួនហៅព្រលឹងស្រូវ ដែលសូត្រក្នុងពិធីបុណ្យ «ពូនភ្នំស្រូវ» រួចមកហើយ។ ក្នុងអត្ថបទនោះ អ្នកនិពន្ធសង្កត់ធ្ងន់តែលើឈ្មោះស្រូវផ្សេងៗ ដែលមានក្នុងក្បួននោះ ដោយមិនបានពន្យល់ក្បោះក្បាយពីក្បួនហៅព្រលឹងស្រូវនេះទេ។ បន្ទាប់ពីនោះមក អ្នកនិពន្ធទាំងពីរនាក់រួមនិងសហការីម្នាក់ទៀតបានចុះផ្សាយជារបាយការណ៍លម្អិតមួយ ស្តីពីកិច្ចហៅព្រលឹងស្រូវនេះ នៅក្នុងទស្សនាវដ្តី “ឧទ័យ ” (សូមអាន អាំង ជូលាន, គង់ វីរៈ, រស់ សុខុម, «ពូនភ្នំស្រូវនៅតំបន់ភ្នំបូក, អង្គរ» ឧទ័យ លេខ ៩, ២០០៩ : ២៩៣-៣០៥)។ ពេលនោះ ដោយសារបណ្តាញពត៌មានវប្បធម៌ខ្មែរនេះ ពុំទាន់បង្កើតជំពូក «សម្លេង -កុន» នៅឡើយ យើងចុះបានតែឯកសារជាសំណេរប៉ុណ្ណោះ។ ឥឡូវខ្ញុំសូមយកផ្នែកមួយនៃពាក្យហៅព្រលឹងស្រូវមកផ្សាយជាសម្លេងដើមតែម្តង។ តែខ្ញុំមិនអាចយកសម្លេងសូត្រហៅព្រលឹងស្រូវនេះមកចុះទាំងស្រុងបានទេ ដោយសារតែមានទំហំធំពេក ខ្ញុំសូមស្រង់យកតែពាក្យប្រកូកហៅឈ្មោះស្រូវប៉ុណ្ណោះ។ សូមជ្រាបថា ដែលហៅថា ហៅព្រលឹងស្រូវនោះ គឺមានអាចារ្យសូត្រពាក្យហៅធ្វើបែបបទ ដោយអានក្បួនមួយសរសេរលើក្រាំង។ ដូច្នេះពាក្យកាព្យសូត្រហៅនោះជាពាក្យដែលមានស្រាប់ ពីរោះ ឬមិនពីរោះអាស្រ័យទៅតាមការប៉ិនប្រសប់នៃអ្នកសូត្រ ឲ្យតែអាចារ្យសូត្រទៅត្រង់ណាដែលអ្នកស្តាប់ឮពាក្យថា «ព្រលឹង» ពេលនោះមនុស្សស្រីមួយក្រុមដែលអង្គុយនៅជុំវិញនោះ ប្រកូកជាពាក្យបន្ទរលាន់ឮអឺងកងហៅព្រលឹងស្រូវ ដែលខ្ចាត់ព្រាត់ទៅទីជិតឆ្ងាយ ឲ្យត្រឡប់មកនៅនឹងខ្លួន (ស្រូវ) វិញ។ ពាក្យបន្ទរនេះ ថ្វីដ្បិតតែមានចារនៅក្នុងក្បួន តែអ្នកប្រកូកប្រកាសនោះ ពុំមានអានអ្វីឡើយ គឺគេស្រែកបន្ទរដោយចាំរត់មាត់។ បន្ទរនោះគឺរៀបរាប់ឈ្មោះស្រូវ ហើយ ហៅស្រូវទាំងអម្បាលម៉ានឲ្យមកចូលផ្ទះ ចូលជង្រុក។