ស្មូតបណ្តាំនាងមហាមាយា

 ដោយ  ស៊ីយ៉ុន  សុភារិទ្ធ

 ខ្ញុំធ្លាប់យកពាក្យស្មូតរឿងនាងបដាចារដែលបងប្រុស ប៉ត  ឆុំ  ស្មូតជូនស្តាប់ ហើយមាននិយាយត្រួសៗអំពីប្រវត្តិរបស់គាត់ផង (សូមមើលក្នុងជំពូកនេះ  នៅលេខរៀងទី៨)។

សម្លេងដែលលោកអ្នកស្តាប់នៅពេលនេះ  គឺជាពាក្យស្មូតបណ្តាំនាងមហាមាយា  ដែលខ្ញុំអាត់ទុកនៅថ្ងៃកាន់បិណ្ឌមួយ  ក្នុងឆ្នាំ២០១០  នៅវត្តត្រាច  ខេត្តសៀមរាប  ដែលកាលនោះ បង ប៉ត ឆុំ គាត់មកលេងវត្ត ហើយស្មូតរឿងរ៉ាវពុទ្ធប្រវត្តិផ្សេងៗជាធម្មទាន  ជូនដល់អ្នកចូលរួមក្នុងពិធីបុណ្យស្តាប់។ 

បើនិយាយពីសម្លេងរបស់បងប្រុសខាងលើនេះ  យើងស្តាប់ទៅក៏ឮហើយថាក្រអួនក្រអៅយ៉ាងណានោះ  ហើយបើគិតពីអារ្យធម៌និងភាសាសាស្ត្រវិញ  ពាក្យស្មូតនេះមានជម្រៅខ្លាំងណាស់ទៅទៀត។ បើលើកតែចំណុចមួយមកសង្កេត  គឺពាក្យស្មូតនេះធ្វើឲ្យយើងយល់ពីទឹកចិត្តម្តាយខ្មែរចំពោះកូននោះខ្លាំងក្លាណាស់ដែរ។ 

តាមដំណើររឿងនេះនិយាយថា  ពេលនាងមហាមាយារៀបសោយទិវង្គត  នាងហៅប្អូនស្រីមកផ្តែផ្តាំឲ្យជួយមើលថែទាំងបុត្រខ្លួនផង។  លុះនាងសុគតបានទៅកើតនៅស្ថានសួគ៌ហើយក៏ដោយ ក៏នាងមហាមាយានៅតែខ្វល់ខ្វាយយកចិត្តទុកដាក់អំពីដំណើរជីវិតខុសទុក្ខរបស់កូន  ដែលនៅរស់លើផែនដីឯណេះទៀត។  កាលគ្រាមួយនាងដឹងថា  ព្រះរាជបុត្រធ្វើទុក្ករកិរិយានាំឲ្យរាងកាយស្គមស្គាំងសល់តែស្បែកដណ្តប់ឆ្អឹងនោះ  ព្រះនាងកើតទុក្ខសោកសង្រេងជាខ្លាំង   ហើយយាងចុះមកមើលថ្នាក់ថ្នមព្រះរាជបុត្រដោយក្តីសង្វេគ។   មិនតែប៉ុណ្ណោះ ព្រះនាងថែមទាំងជួយដាស់សតិកូនឲ្យភ្ញាក់រលឹកដើរផ្លូវត្រូវវិញ  ដោយយកពិណមកដេញឲ្យកូនយល់អំពីផ្លូវកណ្តាល  ពោលគឺកុំតឹងពេក  ហើយក៏កុំធូរពេកទៀតផង។  សូមជម្រាបថា  ដំណើររឿងនេះមានទាំងគូរជារូបនៅតាមជញ្ជាំងព្រះវិហារខ្លះដែរ  ដូចជាគំនូរមួយផ្ទាំងនៅវត្តខ្យា  ខេត្តសៀមរាបជាដើម (សូមមើលរូប) ។   សូមរំលឹកថា  ជាទូទៅគេយល់ថាព្រះឥន្ទ្រជាអ្នកលេងពិណ ឬបើនៅស្រុកប្រកាន់ព្រះពុទ្ធសាសនាខ្លះទៀតយល់ថា  ព្រះសិទ្ធត្ថយាងទៅប្រទះឃើញគេរឹតខ្សែពិណទៅវិញក៏មាន។ 

ថ្វីដត្បិតែការយល់ទីទៃៗពីគ្នាខ្លះក៏ដោយ ចំណុចដែលលើកមកនិយាយនេះជាលក្ខណៈពិសេសមួយនៅក្នុងអារ្យធម៌ខ្មែរ ពោលគឺស្តែងអំពីទឹកចិត្តម្តាយចំពោះកូន។  តាមខ្ញុំដឹង  ស្រុកដែលប្រកាន់ព្រះពុទ្ធសាសនាឯទៀតៗ  ពុំសង្កត់ធ្ងន់លើព្រះនាងមហាមាយាទេ  មានន័យថា  ពុំសូវសង្កត់ធ្ងន់លើទឹកចិត្តម្តាយចំពោះកូនដូចខ្មែរឡើយ។