ដោយ ហួន សាវង
សម្លេងដែលយកមកបង្ហាញនេះ ជាសម្រង់មួយភាគតូចនៃពិធីបន់ស្រន់សូមទឹកភ្លៀងនៅភ្នំវល្លិ៍ ដែលស្ថិតនៅក្នុងស្រុកដងទង់, ខេត្តកំពត ហើយដែលអ្នកស្រុកតែងតែប្រារឰធ្វើរៀងរាល់ឆ្នាំ ក្នុងខែជេស្ឋ។ តំបន់នេះមានអ្នកតាច្រើនដែលមានឈ្មោះខុសៗគ្នា ហើយដែល មានទីតាំងផ្សេងៗគ្នាដែរ។ បើមើលរូបលេខ១-៦ដែលភ្ជាប់មកនេះ យើងឃើញថា គេធ្វើនៅក្បែរខ្ទមអ្នកតា ដោយមានរៀបរណ្តាប់ នៅទីនោះ ហើយមិនតែប៉ុណ្ណោះ ព្រះសង្ឃក៏និមន្តមកដែរ ដ្បិតនេះជាទីវត្ត។ ដោយសារមានការចូលរូប យើងឃើញថាមានទាំងភ្លេង ប្រភេទជាភ្លេងអារក្សផង។
បើយកពាក្យពេចន៍នៃការច្រៀងបួងសួងនេះមកពិនិត្យ គេអាចចែកជាបីផ្នែក។ ផ្នែកទី១ គឺគេអញ្ជើញ “សម្តេចព្រះគ្រូ” ដែលជាគ្រូធំជាងគេបង្អស់ឲ្យចុះពីលើភ្នំមក។ ផ្នែកទី២ គឺព្រះគ្រូនោះយាងចុះមកហើយ ទើបគេអញ្ជើញឲ្យផ្ទំទម្រេតសម្រាកកាយតាមសម្រួល (ហៅថា “ស្តេចផ្ទំ”)។ នៅផ្នែកទី៣ គេអញ្ជើញ “ជំទាវស្រីមៅ” ដែលអ្នកស្រុកនៅតាមសមុទ្រស្គាល់ ហើយគោរពជាទូទៅ មិនថានៅខេត្តកំពត, កោះកុង ឬកំពង់សោមឡើយ។
ពាក្យពេចន៍ទាំងនេះ ប្រហែលជាអ្នកស្រាវជ្រាវខាងប្រវត្តិសាស្ត្រនិងអារ្យធម៌ខ្មែរ ជាពិសេស បើបកទៅសម័យដែលគេនិយម ហៅថា “ហ្វូណន” អាចយកទៅធ្វើការពិចារណាបានវែងឆ្ងាយ ដ្បិតសម្តេចព្រះគ្រូធំនោះអាចដើមឡើយជាអទិទេពឥណ្ឌាណាមួយ ដូចព្រះឥសូរជាដើម រីឯជំទាវម៉ៅអាចជាទេពរបស់អ្នកស្រុកផ្ទាល់ ដែលកំពុងចាប់ផ្តើមទទួលអារ្យធម៌ឥណ្ឌាក៏មិនដឹង។