ត្បាញជាល

ដោយ អាំង ជូលាន

គេសង្កេតឃើញជាទូទៅថា វត្ថុប្រើប្រាស់រាល់ថ្ងៃតាមផ្ទះដែលពីមុនមកផលិតពីរុក្ខជាតិ សព្វថ្ងៃមានទំនោរទៅរកការបាត់បង់ ដោយសារមានវត្ថុផលិតអំពីជ័រ (ហៅថាប្លាស្ទិក) តាមរោងចក្រតូចតាចមកជំនួស។ ការសង្កេតនេះមិនចំពោះតែនៅតាមទីក្រុងដែលមានជាទូទៅឡើយ សូម្បីតែនៅជនបទដាច់ស្រយាលក៏បាតុភូតនេះរាលដាលម្តងបន្តិចៗដែរ។ នៅតំបន់អង្គរ បើចូលទៅក្នុងភូមិនានាដែលនៅផុតពីស្រុកផ្សារបន្តិច យើងឃើញថា ការធ្វើវត្ថុប្រើប្រាស់ក្នុងគ្រួសារ ឬលក់ដូរបន្តិចបន្តួចនៅមានជីវិតនៅឡើយ។ ឧទាហរណ៍ គេនៅតែត្បាញកន្ទេលរំចេក, ធ្វើឧបករណ៍នេសាទ និងវត្ថុប្រើប្រាស់ដទៃទៀតច្រើននៅឡើយដែរ។ នៅទីនេះ ខ្ញុំសូមបង្ហាញឧទាហរណ៍ភូមិចំនួនពីរដែលនៅឆ្ងាយពីតំបន់ផ្សារបន្តិច ៖ មួយគឺភូមិបង្កោង មួយទៀតគឺភូមិគិរីមានន្ទ។ ប្រមាណជា២០ឆ្នាំមកហើយដែលភូមិទាំងពីរនេះផលិតវត្ថុប្រភេទ «ជាល» លើសពីតម្រូវការប្រើប្រាស់ ដោយសារមានទីផ្សារចេញទៅក្រៅ។ ហៅថាចេញទៅក្រៅនោះ គឺមានការបញ្ជាទិញពីប្រទេសថៃឡង់ដ៍ តាមរយៈឈ្មួញកណ្តាលដែលតាំងទីនៅស្រុកពួកជាដើម។ ប្រការនេះគួរឲ្យយកមកគិតដែរថា ប្រសិនបើគ្មានការបញ្ជាទិញពីក្រៅទេ ប្រហែលជាសិប្បកម្មត្បាញជាលនោះទៅជាយ៉ាងណាដែរ? ប្រភេទជាលដែលបង្ហាញនៅតាមរូបភាពនិងកុននេះ ខ្ញុំស្រង់យកតែមួយចំនួនមកទេ។ រូបលេខ១-២ បង្ហាញពីការត្បាញកញ្ឆេទំហំធម្មតាដែលគេប្រើប្រាស់ទូទៅ ឯនៅរូបលេខ៣-៤ គឺកញ្ឆេទំហំតូច ដែលគេពុំធ្លាប់ត្បាញ តែដែលធ្វើនៅទីនេះតាមការបញ្ជារបស់អ្នកទិញ។ នៅរូបលេខ៥ យើងឃើញមានបាត «ជាលសំប៉ែត» ដែលគេទើបនឹងករ ហើយទុកនៅមួយកន្លែងសិន ឯអ្នកត្បាញនោះកំពុងត្បាញ «ជាលល្ពៅ»។ រូបលេខ៦-៧ បង្ហាញពីការក្រងដៃជាលល្ពៅនោះ ឯនៅរូបលេខ៨-១០ យើងឃើញអ្នកត្បាញនោះ មកត្បាញជាលសំប៉ែតជាបញ្ចប់។ នៅរូបលេខ១១ ពីឆ្វេងទៅស្តាំ គឺជាលល្ពៅ, ជាលសំប៉ែត និងជាលប្រហុក។

អ្នកអានដែលមានលទ្ធភាពមើលកុនតាមកុំព្យូទ័រ អាចឃើញសកម្មភាពទាំងនេះរស់រវើក តាមកុនខាងក្រោមដែលឲ្យឈ្មោះថា Movie-1, Movie-2, Movie-3, Movie-4។ ជាបញ្ចប់ សូមអ្នកអានជ្រាបរឿងមួយដែលខ្ញុំយល់ថាសំខាន់នៅទីនេះ ៖ សព្វថ្ងៃបើត្រូវការត្រឹមតែជាលមួយពីរធ្វើប្រើប្រាស់ខ្លួនឯង គេអាចទៅបោចរពាក់តាមដុប ដែលនៅមិនឆ្ងាយខ្លាំងពីផ្ទះប៉ុន្មាន ប៉ុន្តែក្នុងការផលិតបោះដុំទៅឲ្យឈ្មួញកណ្តាល អ្នកស្រុកទាំងពីរភូមិនេះទាល់តែទៅបោចរពាក់តាមព្រៃដែលនៅសល់ខ្លះៗក្នុងខេត្តកំពង់ធំឯណោះ ដ្បិតនៅតំបន់អង្គរ ព្រៃនិងរុក្ខជាតិចេះតែហោចទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះគេត្រូវដេកយប់តាមព្រៃ ហើយចាយវាយប្រាក់កាសក្នុងការឲ្យឈ្នួលឡានជាដើម ដ្បិតនេះក្លាយទៅជាបណ្តាញ ឬប្រព័ន្ធរួចទៅហើយ។

Movie 1

Movie 2

Movie 3

Movie 4