ដោយ អាំង ជូលាន
អត្ថន័យនៃការបាញ់កាំជ្រួច, បង្ហោះគោម…ជាដើមដែលឃើញនៅក្នុងកុននេះ មាននិយាយនៅជំពូកលេខ២, លេខរៀងទី៦២រួចហើយ ពុំយកមកលាតត្រដាងម្តងទៀតទេ។ នៅទីនេះខ្ញុំគ្រាន់តែយកសម្រង់រូបដែលថតជាកុនបន្តិចមកបង្ហាញប៉ុណ្ណោះ។ បានជាថាសម្រង់គឺមកអំពីការបង្ហាញនេះគ្រាន់តែជាផ្នែកតូចមួយនៃការបូជាសពនៅវត្តរុនដែលស្ថិតនៅជនបទអង្គរតែប៉ុណ្ណោះ ហើយគេមិនអាចឮកាំជ្រួចសម្រាប់បញ្ចេញតែសម្លេងត្រាប់តាមមាត់សត្វជាដើមឡើយ គឺថាយ៉ាងណាក៏ពុំស្មើការឃើញផ្ទាល់ភ្នែកដែរ។ នេះជាការបូជាព្រះសពព្រះចៅអធិការដែលគណកម្មការនិងចំណុះជើងវត្តរៀបចំឡើងពីរឆ្នាំក្រោយពីព្រះអង្គសុគត។ គេឃើញថាអ្នកស្រុកឆ្លៀតឱកាសគាស់យកឆ្អឹងញាតិសន្តានរៀងៗខ្លួនមកបូជាជាបង្ហើយ ព្រោះនៅតំបន់អង្គរកាលណាមានមនុស្សម្នាក់ស្លាប់គេតែងតែយកទៅកប់ដើម្បីឲ្យ «ព្រះធរណីឱប» មួយរយៈសិន (ជាមធ្យមពី២ទៅ៣ឆ្នាំ) ហើយទើបគាស់យកឆ្អឹងមកបូជាជាក្រោយ។ រូបលេខ១-៩បង្ហាញទិដ្ឋភាពខ្លះៗនៃការបូជាសពនេះ។