ដោយ ស៊ីយ៉ុន សុភារិទ្ធ
កាលពីខែបិណ្ឌឆ្នាំ២០០៩ ខ្ញុំបានចុះទៅមើលពិធីកាន់បិណ្ឌនៅតាមបណ្តាវត្តនានាក្នុងខេត្តសៀមរាប។ ពេលទៅដល់វត្តស្លាត ដែលស្ថិតនៅក្នុងឃុំស្វាយចេក, ស្រុកអង្គរធំ ខ្ញុំឃើញ យាយៗអង្គុយជុំគ្នាមើលសៀវភៅធម៌។ សៀវភៅនោះមានធម៌ផងនិងមានច្បាប់ផ្សេងៗផង។ ខ្ញុំក៏ល្បងសួរសាកមើលថា តើគាត់ចេះសូត្រកំណាព្យទាំងនោះឬទេ។ ពេលនោះលោកយាយម្នាក់ឈ្មោះ យាយពាន់ ក៏ចាប់ស្មូតបីបួនកាព្យឱ្យខ្ញុំនិងយាយទាំងអស់ស្តាប់។ សូមជម្រាបថា ដោយសម្លេងគាត់ពីរោះ ក្មេងៗជំទង់ខ្លះដែលមកលេងបុណ្យនោះឮហើយក៏ចូលមកអង្គុយស្តាប់ដែរ។ នៅពេលចប់សូត្រម្តងៗ គាត់តែងឲ្យអ្នកស្តាប់អនុមោទនាទទួលយកកុសល ត្បិតនោះគឺជា “ធម៌”។
នៅទីនេះ ខ្ញុំយកមកបង្ហាញអ្នកអាននូវសំណូតឈ្មោះថា “ទំនួញមាតាបិតា” មួយប៉ុណ្ណោះ។ ខ្ញុំគ្មានអត្ថាធិប្បាយអ្វីវែងឆ្ងាយឡើយ ត្បិតខ្លឹមសារដែលនៅក្នុងនោះងាយស្តាប់ទេ ព្រោះ ទាញគំនិតយកមកពីត្រៃលក្ខណ៍ ដែលខ្មែរតែងស្គាល់ជាទូទៅ។
កូនអើយកាលម្តាយនៅពីក្មេង និងឪពុកឯងសែនវេទនា
ខំប្រឹងចិញ្ចឹមកូនពុំងា ឥឡូវក្លាយជាមនុស្សឥតន័យ។
ចិត្តចង់រៀនសូត្រនូវធម៌អាថ៌ រក្សាសីលប្រាំសីលប្រាំបី
ជាប់ចិត្តនឹងកូនស្ងួនពិសី រៀនធម៌វិន័យមិនចេះចាំ។
កម្មក្រាស់ខ្លាំងណាស់នឹងតណ្ហា មាតាបិតាប្រាថ្នាខ្លាំង
ចង់បានភោគទ្រព្យដោយកម្លាំង ទុកគ្រាន់ចែកកេរ្តិ៍កូនប្រុសស្រី។
ឲ្យកូនរៀនសូត្របានចេះដឹង មិនឲ្យល្ងិតល្ងង់ក្នុងលោកីយ៍
រៀបគូភរិយានិងស្វាមី តាមច្បាប់វិន័យពីបុរាណ។
នឹកសង្ឃឹមថាខ្លួនចាស់ទៅ រំពឹងទៅលើកូនកល្យាណ
ថាមុខនឹងជួយខ្លួនវិញបាន ក៏សម្រាកប្រាណភ្លេចអាត្មា។
លុះដល់ខ្លួនចាស់កម្លាំងស្រុត ទើបបានតក់ស្លុតនឹងសង្ខារ
ក៏ចាប់តាំងរៀនសូត្រធម៌អាថ៌ ឯរូបកាយាដេកដួលហើយ។
រំពឹងទៅលើកូនប្រុសស្រី បានប្រពន្ធប្តីធ្វើព្រងើយ
គេខំរកស៊ីធ្វើកន្តើយ ព្រះអើយនេះហើយគួរអនិច្ចា។
កូនអើយនេះហើយកម្មឪពុកម្តាយ ស្មានថារូបកាយមានខ្លឹមសារ
គ្មានធម៌អនិច្ចំ និងទុក្ខា ឥឡូវនេះណាជរាហើយ។
ព្យាធិចុកចាប់សព្វរាងកាយ ធ្វើឲ្យរូបម្តាយចុកគ្រាំគ្រា
ពុំមានធម៌ណាមកភាវនា កាលខ្លួននៅជាធ្វេសប្រហែស។
រំពឹងអាចារ្យឲ្យពុទ្ធោ ត្រចៀកក៏ហ៊ឹងស្តាប់មិនច្បាស់
ខ្លួនឯងមិនដែលយល់ធម៌ព្រះ ទោះជាឮច្បាស់ថាមិនត្រូវ។
មិនបានហាត់កាយវាចាចិត្ត ឲ្យបានសុចរិតទៅតាមផ្លូវ
ឱវាទព្រះពុទ្ធប្រៀនប្រដៅ ឥឡូវធ្លាក់ខ្លួនជិតមរណា។
មុននឹងមរណៈខ្ញុំសូមផ្តាំ ប្រុសស្រីចងចាំស្តាប់ឲ្យច្បាស់
ជរាព្យាធិ និងមរណៈ គេមិនបញ្ជាក់សួរចិត្តឡើយ។
រុករានទន្ទ្រានយករាល់ថ្ងៃ គួរខំកែខៃកុំព្រងើយ
ធ្មេញបាក់សក់ស្កូវអស់ទៅហើយ ម្តេចឡើយនៅតែមិនដឹងខ្លួន។
គួរតែធ្វើទានរក្សាសីល ភាវនាកុំខ្ជិលឲ្យមាំមួន
កុំធ្វើដូចខ្ញុំៗខុសខ្លួន ព្រោះតែកូនស្ងួនទាំងស្រីប្រុស។
ខ្ញុំសូមផ្តែផ្តាំចាំឲ្យច្បាស់ នូវធម៌ត្រៃលក្ខណ៍ជាវិន័យ
អនិច្ចំមិនទៀងរៀងរាល់ថ្ងៃ ទុក្ខអ្វីៗទុក្ខឥតស្បើយ។
អនត្តាប្រែថាមិនមែនខ្លួន ពិតជាមិនមែនខ្លួនយើងឡើយ
បើរបស់ខ្លួនឃាត់បានហើយ ម្តេចឡើយមិនស្តាប់បង្គាប់យើង។
ថាតែប៉ុណ្ណោះបាត់ស្មារតី ធាតុក្តៅចេញផុតដល់ចុងជើង
ឯកូនប្រុសស្រីឆោឡោឡើង ឪពុកម្តាយយើងគាត់ស្លាប់ហើយ។
ស្តាយអើយសែនស្តាយគាត់ស្លាប់ទៅ កូនចៅមិនទាន់បានដឹងគុណ
មាតាបិតាមានគុណធ្ងន់ រកអ្វីប្រៀបផ្ទឹមស្មើពុំបាន។
នេះៗកូនចៅជួបជុំគ្នា កូនសូមវន្ទាលាទោសហើយ
កាលលោកនៅរស់ខ្ញុំកន្តើយ ពោលពាក្យសំដីមិនសមរម្យ។
អញ្ជើញងូតទឹកណាអ្នកម្តាយ កូនសំអាតកាយដោយដៃខ្លួន
ឡើងព្រះស្ថានបានសមសួន កូនសូមធ្វើទានជូនទៅអ្នក។
មានភ្លេងពិណពាទ្យតូរ្យតន្ត្រី សាដកសង្ឃាដីនិងភេសជ្ជៈ
បង្អែមចង្អាបលើកឡើងដាក់ ចំពោះព្រះភក្ត្រសង្ឃត្រៀបត្រា។
នេះហើយថាអ្នកចេះធ្វើបុណ្យ តបគុណមាតានិងបិតា
មាននំចំណីម្ហូបអាហារ ជូនគាត់ពិសាទាន់នៅរស់។
ឥឡូវគាត់ស្លាប់បាត់ទៅហើយ កូនចៅខាងក្រោយធ្វើផ្ញើទៅ
មិនដឹងកន្លែងដែលគាត់នៅ មិនដឹងថាដល់ឬមិនដល់។
ឥឡូវនេះខ្ញុំខុសហើយ បងប្អូនខាងក្រោយកុំងឿងឆ្ងល់
ម្តាយឪពុកនៅរស់ត្រូវផ្តល់ នេះជាកុសលយើងឃើញពិត។
ខ្ញុំនេះជាកូនអកតញ្ញូ តស៊ូត្រាម្តាយអស់ជីវិត
កាលគាត់នៅរស់ខ្ញុំឥតគិត ញាតិមិត្តកុំយកតម្រាប់ខ្ញុំ។