ដោយ សួង សុខរ៉ូ និង អាំង ជូលាន
ពាក្យ «ពានវាំង» ជាចំណងជើងនេះ បើយើងសួរទៅគេឯងជាទូទៅថាមានន័យយ៉ាងដូចម្តេច ច្បាស់ជាគេនឹងឆ្លើយថា «ប្រមាថព្រះចេស្តា» ជាពិសេសទៅទៀតគឺនៅក្នុងគំនិតថា បានលបលួចស្មន់អន្ធករជាមួយស្រីស្នំក្នុងវាំងស្តេច។ គួរយើងយកពាក្យនីមួយៗមកវិភាគដើម្បីរកមើលន័យឲ្យបានទូលំទូលាយជាងនេះទៅទៀត។
១. ពាន ~ ពារ ៖ ទាំងពីរនេះ ដើមឡើយជាពាក្យតែមួយទេ ហើយសំដៅថា «ប៉ះ», «ទង្គិច», «កៀរ», «ឆូត», «ធ្វើឲ្យរបើក»...។
- ពារ ៖ «បើកឡានទៅពាររបងផ្ទះ», «ទៅប៉ះពារគេ»។ ដូច្នេះហើយបានជាមានពាក្យ «ការពារ» ដែលមានន័យថា «ទប់ឃាំងឬបញ្ចៀស (អ្វីមួយដែលអាក្រក់) កុំឲ្យមកប៉ះ»។
- ពាន ៖ សម្រង់ឃ្លាចេញពីសំដីសុភាពរាបសានៃអ្នកនិពន្ធអត្ថបទមួយផ្ញើមកពុទ្ធសាសនបណ្ឌិត្យ ៖ «បានជាមិនហ៊ានធ្វើឲ្យពិស្តារតែម្តង ព្រោះក្រែង ពាន ទៅលើខុសទាំងអស់នាំឲ្យខាតកំឡាំង»។ ម្យ៉ាងទៀត ចូរយើងគិតទៅពាក្យ «ឈ្លានពាន» ដែលបង្កប់ន័យក្នុងនោះថា «ប៉ះពាល់»។ ជួនកាលយើងយកពាក្យទាំងពីរមកនិយាយជាន់គ្នាដោយមិនដឹងខ្លួន ដូចជាក្នុងពាក្យថា «បំពារបំពាន»។
២. វាំង ៖ ខ្មែរបុរាណសរសេរជា «វង៑» ឬ «វាង៑» ហើយសំដៅទៅលើអ្វីដែលមានរាងមូលនិងដែលពាត់ជិត។ ពាក្យពន្យារ «រ្វាង៑» មានន័យថាឆ្វែលឃ្លាំមើលខុសត្រូវ (ក្នុងភាសាសៀមក៏មានយកពាក្យនេះទៅប្រើដែរ ហើយប្រែថា «ប្រយ័ត្ន»)។ ពាក្យពន្យាតបន្ទាប់ពីនោះមកទៀតគឺ «រង្វាង៑» សំដៅទៅអ្នកដែលមានមុខងារល្បាត, ឃ្លាំ, ពិនិត្យ (និយាយពីការងារនិងនាទីធំៗ ដ្បិតងារ «រង្វាង៑» ចែកចេញដល់ទៅបួនថ្នាក់)។
គឺនៅសម័យកណ្តាលដែលន័យនៃពាក្យនេះលេចធ្លោមកច្បាស់ឲ្យងាយយល់។ យើងខ្ញុំសូមជូនឧទាហរណ៍ពីរ។
- ល្បះទី៥នៃ «ច្បាប់កេរ្តិ៍កាល» ដែលជាច្បាប់ចាស់ជាងគេបង្អស់ ៖
ធ្វើស្រែទិសប្រាំបី ខ្ញុំប្រុសស្រីចេញជួយផង
មើលផ្ទះស្រាស់របង វាំងចំណារគួររក្សា
«វាំង» និង «ចំណារ» នៅទីនេះសំដៅទៅរបងហ៊ុំពាត់អ្វីៗដែលត្រូវការពារ។ ទីនេះសំដៅទៅផ្ទះនិងច្បារនានាជាទ្រព្យនៃម្ចាស់ផ្ទះនោះ[1] ។
- នៅក្នុង ច្បាប់ក្រមស្រុកព្រះជៃជេដ្ឋា [12] គេចែងថា «[…] បើខ្ញុំកាចស្អប់អម្ចាស់ទៅពានវាំងរបងហែក ចូលក្តី ទោះចូលដោយទ្វារពីឯលិចឯកើតឯជើងឯត្បូងក្តី បើ អម្ចាស់វាំងរបងនោះសក្តិ១០ហ៊ូពាន់ ឱ្យអម្ចាស់ខ្ញុំនោះយកស្លា ម្លូ ចំណី ផ្លែឈើនូវប្រាក់តម្លឹង៤ ទៅស្មាលាទោស […] ហើយឱ្យចៅក្រមយក ខ្ញុំកំណាចមកវាយនូវព្រ័តលួសបាន ៤០ដំណំ ហើយឱ្យកៀបក្បាល៥រណ្តៅ ហើយបើកឱ្យទៅអម្ចាស់ ខ្ញុំនោះហោង […]»។ នៅត្រង់នេះ យើងឃើញកាន់តែច្បាស់ថា «វាំង» សំដៅទៅរបងហ៊ុំពាត់ទីអ្វីមួយ។
ភាសាវិទូអាចបង្ហាញយ៉ាងងាយថាភាសានានាតែងមានបាតុភូតមួយដែលហៅជាពាក្យគេថា Métonymie គឺថាពាក្យសំដៅទៅអ្វីមួយជាសំបកក្រៅ អាចសំដៅទៅអ្វីដែលនៅក្នុងនោះ។ ឧទាហរណ៍ ៖
- «ផឹកមួយកែវ», «ដាក់មួយកែវសិន!»... មិនសំដៅថាផឹកវត្ថុដែលជាកែវនោះឡើយ តែគឺផឹកវត្ថុរាវអ្វីមួយដែលនៅក្នុងកែវនោះ។
- «ការអះអាងនេះធ្វើឲ្យក្រុងប៉េកាំងមិនសប្បាយចិត្ត» ៖ ត្រង់នេះ «ក្រុងប៉េកាំង» ពុំសំដៅទៅរដ្ឋធានីជាទឹកដីនោះទេ គឺសំដៅទៅរដ្ឋាភិបាលចិនដែលមានទីតាំងនៅក្នុងក្រុងប៉េកាំង។
ដូច្នេះ ផុតពីគំនិតថា «របង», «ចំណារ», «កំពែង»...ទៅ «វាំង» មានន័យថាអ្វីៗដែលនៅក្នុងកំពែងនោះ។ បើយកនិយមន័យតែម្តងមកនិយាយ គឺអាគារទាំងប៉ុន្មានដែលនៅក្នុងសីមាលំនៅផ្ទាល់នៃព្រះរាជា។ បើយកពាក្យ «បន្ទាយ» មកគិតក៏ដូចគ្នា ដ្បិតន័យដំបូងនៃពាក្យនេះគឺ «កំពែង»។
សារុបមក ថ្វីដ្បិតតែពាក្យថា «ពានវាំង» ធ្វើឲ្យយើងគិតភ្លាមថា «ប្រមាថព្រះចេស្តា» ជាដើមនោះ ពាក្យនេះគ្រាន់តែជាន័យក្លាយពីន័យដំបូងដែលសំដៅថា «(លួច) ហែករបង» ចូលទៅក្នុងបរិវេណមួយតែប៉ុណ្ណោះ។
........................
[1] សូមមើលការសិក្សាវែងឆ្ងាយអំពីច្បាប់នេះនៅក្នុង Saveros Pou, “Les cpāp’ ou code de conduite khmers. I : cpāp kerti kāl”, BEFEO LXII : 369-394។ ត្រង់ពាក្យ «វាំង» និង «ចំណារ» សូមមើលត្រង់ ទំ. 383, កំណត់យោង 8។
[2] ឯកសារនេះមានច្បាប់មួយតម្កល់នៅសាលាបារាំងចុងបូព៌ា (ប៉ារីស៍) លេខ EFEO P29 / P115 និង EFEO P44 ត្រង់ទំព័រ ២៤-២៥, បន្ទាត់ ៤១១ ដល់ ៤២២។ ចំពោះការសិក្សា សូមមើល Grégory Mikaélian, « La gestion administrative du royaume khmer d’après un code institutionnel du XVIIe siècle », Péninsule 38, 1991 (1) : 69-166។