ដោយ អាំង ជូលាន
ចំណងជើងនៃអត្ថបទខ្លីនេះ បើនិយាយជាបណ្តោះអាសន្ន អាចថាជាចំណងជើងនៃចម្រៀងមួយយ៉ាងខ្លីណាស់ដែរដែលខ្មែរណាក៏ស្គាល់ ទោះបីជាមិនចេះច្រៀងក៏ធ្លាប់ឮគេច្រៀងដែរ។ តាមពិតទៅ ពាក្យចាប់ផ្តើមមុនគេគឺ «ឱផ្កាយលើមេឃ» ដូច្នេះតែម្តង។ ហេតុនេះហើយ ដោយសារចម្រៀងនេះគ្មានចំណងជើងពិតប្រាកដ គេក៏យកមករាប់ថាជាចំណងជើងឲ្យទៅ។
ហេតុអ្វីបានជាគ្មានចំណងជើង ? ប្រការនេះឥតមានអ្វីប្លែកទេ បើយើងគិតទៅចម្រៀងប្រជាប្រិយ៍រាប់ពុំអស់ដូចជា «ត្រពាំងពាយ», «បង្គងក្អែក», «សារាយអណ្តែត» ជាដើម តែចេញឃ្លាណាមកមុន គេយកឃ្លានោះឯងមកដាក់ធ្វើជាឈ្មោះឲ្យចម្រៀង។
ចម្រៀងប្រភេទនេះពុំអាចនរណាដឹងថាកើតពីពេលណា តែងដោយនរណាឡើយ។ បើគេថាកើតឡើង១០០ឆ្នាំមុននេះក៏បាន ថា៥០០ឆ្នាំមុនក៏បាន ថាមុននោះទៅទៀតក៏គ្មាននរណាអាចប្រកែក ដ្បិតជំនាន់ណាក៏មានផ្កាយនៅលើមេឃ ជំនាន់ណាក៏មនុស្សមានស្នេហា ជំនាន់ណាក៏មានមនុស្សខកចិត្តរឿងស្នេហា។ ទំនុកនោះមានដូចតទៅ ៖
១. ឱផ្កាយលើមេឃ ផ្កាយអ្វីចម្លែកគួរឲ្យស្នេហា
ផ្កាយនេះជាផ្កាយរបស់ទេវតា គួរឲ្យស្នេហារាល់ពេលរាត្រី (ស្ទួន)
២. ស្រីស្រស់ចំណាប់ បងលូកដៃចាប់ផ្ការសាត់ឆ្ងាយ
បងសង្ឃឹមផ្កាដូចសង្ឃឹមផ្កាយ ផ្ការសាត់ឆ្ងាយឲ្យបងវេទនា (ស្ទួន)
ទំនុកមានតែ២ល្បះ គ្មានបន្ទរ គ្មានអ្វីទៀតដូច្នេះមែន តែពាក្យពេចន៍នោះ បើយកមកគិតបន្តិច ឃើញថាមានកម្រឹតសិល្បៈឬក៏ថាកម្រឹតអក្សរសិល្ប៍ខ្ពង់ខ្ពស់។
នៅល្បះទី១ គេឥតនិយាយពីស្ថានមនុស្សនៅដីទេ គឺគេនិយាយអំពីផ្កាយដែលនៅលើមេឃ ហើយក្នុងចំណោមនោះ មានផ្កាយមួយដែលចម្លែកធ្វើឲ្យតួអង្គនៅក្នុងចម្រៀងនេះចាប់ចិត្តប្រតិព័ទ្ធ។ ប្រសិនបើត្រូវគូរឬត្រូវថតជាកុនជាដើម គេត្រូវឲ្យតួអង្គនោះងើយក្បាលមើលទៅលើសម្លឹងផ្កាយ។ ទំនុកមួយល្បះនេះគ្មានរឿងអ្វីស្អេកស្កះទេ គឺគ្រាន់តែឲ្យអ្នកស្តាប់ស្រមើស្រមៃតែប៉ុណ្ណោះ ព្រោះនិយាយពីស្ថានមេឃដែលនៅឆ្ងាយពីយើង។
ល្បះទី២និយាយរឿងបានច្រើន។ សង្ខេបសង្ខុញមែន តែឥតមានបាត់បង់សម្រស់ជាសិល្បៈឡើយ គឺថានៅតែពីរោះ។ ល្បះនេះនាំតួអង្គឲ្យបែរក្បាលមករកដីវិញ ដោយសារគេបង្ហាញថាមាននារីម្នាក់នៅឯនេះមានរូបស្អាតគួរឲ្យអ្នកនោះបេតី។ យើងឃើញថានៅលើមេឃមានផ្កាយមួយចម្លែក ចំណែកលើដីឯនេះវិញ ក៏មាននារីដាច់គេម្នាក់ដែរ។ លើសពីនោះទៅទៀតយើងអាចគិតថា នាងនោះរស់នៅក្នុងភូមិជាមួយគ្នានឹងបុរសនោះ បានជាសម្លឹងឃើញ។ ប៉ុន្តែចូលមិនចុះទេ, ត្រកូលគេអ្នកខ្ពស់ណាស់ ! ហេតុនេះគ្មានខុសគ្នាអ្វីពីផ្កាយក្នុងល្បះទី១នោះឡើយ។
សង្ខេបមក ល្បះទី១មើលមេឃសុទ្ធ ឯល្បះទី២ចុះមកដី ហើយបែរទៅមើលមេឃសាជាថ្មីវិញ បង្ហាញថានៅតែឆ្ងាយគ្មានសង្ឃឹម។
ក្រៅពីសេចក្តីរួមមកនៅតែក្នុង២ល្បះនេះ មានការ «លេងពាក្យ» ទៀត ៖ «បងសង្ឃឹមផ្កាដូចសង្ឃឹមផ្កាយ» (ឲ្យមាន «ផ្ក» ដូចគ្នា)។
ថ្វីដ្បិតតែនិយាយនេះគ្មានអ្វីជាទឡ្ហីករណ៍ច្បាស់ ខ្ញុំយល់ថាគ្មានកវីបណ្ឌិតឯណាធំដុំឡើយដែលលើកទំនុកនេះឡើង គឺអ្នកណាម្នាក់សាមញ្ញដូចតែគេដូចតែឯងប៉ុណ្ណោះ។ ពេលរវើរវាយដោយសារស្រឡាញ់នារីណាម្នាក់ដែលមើលទៅឃើញថាមិនអាចបានយកមកជាគូ ក៏លើកឡើងទៅ។ ពេលនោះប្រហែលជាទើបនឹងលែងគោឲ្យស៊ីស្មៅ ហើយប្រះទម្រេតខ្លួនក្រោមដើមត្នោត លើកពាក្យពេចន៍នេះមកផងក៏មិនដឹង !