ដោយ វណ្ណ វិរៈបុត្រ
ជាធម្មតាយើងតែងឮជាញឹកញាប់ពីពាក្យថាសិរី៣ប្រការ ហើយប្រភពនោះចេញមកពីរឿងកបិលមហាព្រហ្មដែលមាននិយាយក្នុងប្រវត្តិបុណ្យចូលឆ្នាំខ្មែរ។ នៅទីនេះខ្ញុំបានប្រទះឃើញចំនួនសិរីមាននិយាយដល់ទៅ៨។ ក្នុង៨នោះមាន៣ដូចទៅ និងសិរីនៅក្នុងរឿងកបិលមហាព្រហ្មដែរ។ រីឯសាច់រឿងទាំងមូលក៏មានលំនាំប្រហាក់ប្រហែលគ្នា។ «សិរី៨ប្រការ» នេះ ខ្ញុំបានស្រង់យកចេញមកពីសាស្រ្តា «អានិសង្សសព្វសូត្រ» តម្កល់ទុកនៅវត្តឧណ្ណាលោម មានលេខកូដសម្គាល់ FEMC.a.17។ សាស្ត្រានោះមានច្រើនខ្សែ ហើយមានប្រធានបទច្រើន។ ចំណុចដែលនិយាយពីសិរីជាផ្នែកមួយនៃខ្សែទី៨។ សិរីទាំង៣ដែលយើងធ្លាប់ដឹងនោះគឺ ៖ ពេលព្រឹកសិរីស្ថិតនៅលើមុខ, ថ្ងៃត្រង់ស្ថិតនៅលើដើមទ្រូង ហើយយប់ស្ថិតនៅលើក្បាល, ភ្លៅ និងផ្ចិត។
នៅទីនេះខ្ញុំសូមស្រង់យកសិរី៥ទៀតដែលមាននិយាយក្នុងសាស្រ្តានេះមកបង្ហាញ។ សិរីនោះគឺ ៖
១. ឲ្យបុរសវៀរចាកកាមគុណក្នុងថ្ងៃទី៧, ៨, ១៤កើតនិងរោច បូកនឹងថ្ងៃពេញបូណ៌ ព្រមទាំងថ្ងៃផ្សេងៗទៀតដូចជា ត្រស្តិសង្ក្រាន្ត, ចន្ទ្រគ្រាស, សូរ្យគ្រាស, ចូលវស្សា, ភ្ជុំបិណ្ឌ, ថ្ងៃកំណើតរបស់ខ្លួនជាដើម។
២. បរិភោគអាហារឲ្យបែរមុខទៅទិសខាងកើត។
៣. បន្ទោរបង់ឲ្យបែរមុខទៅទិសខាងលិច។
៤. បើបុរសនិងចូលដំណេកជាមួយស្រ្តី ចូរកុំឲ្យស្រ្តីនៅខាងស្តាំខ្លួន។
៥. បើនិងស្លៀកពាក់ឲ្យស្គាល់ជាយ ចងកុំឲ្យភ្លេច និងកុំឲ្យស្លៀកលើជាក្រោម ក្រោមជាលើ។
បើអ្នកឯណាប្រព្រឹត្តិតាមប្រការទាំង៨នោះ និងមានសេចក្តីសុខជ្រះអស់ មន្ទិលទាំងពួង ពោលគឺមានសិរីនោះឯង។