ដោយ វណ្ណ វិរៈបុត្រ
នៅក្នុងកម្រងអត្ថបទបណ្តាញពត៌មានវប្បធម៌ខ្មែរលេខ១៧ ខ្ញុំធ្លាប់បានស្រង់កាព្យពីសាស្ត្រាបុរាណមួយមកចុះផ្សាយម្តង ដោយកាព្យនោះមានចំណងជើងថា « ច្បាប់បង្កួយ » (សូមមើលទំពូក៦, លេខរៀងទី៦២)។ នៅទីនេះ ខ្ញុំសូមលើកយកសាស្ត្រា១ទៀត ឈ្មោះថា «សាស្ត្រាអង្គប់កណ្តុរ» ដែលសាច់រឿងនិងគំនិតទូទៅមិនសូវខុសគ្នាប៉ុន្មានពីសាស្ត្រាមុន ពោលគឺជាប្រភេទសាស្តា្រអប់រំ បង្ហាញថា អវិជ្ជា, អំនួតក្អេងក្អាង ឬការប្រមាថនាំឲ្យអន្តរាយដល់អាត្មា។ សេចក្តីក្នុងសាស្ត្រានេះនិយាយពីកណ្តុរញីមួយក្បាលចាញ់ពាក្យបញ្ឆោតរបស់អង្គប់រហូតដល់ស្លាប់ខ្លួនចោលកូននិងប្តី។ សព្វថ្ងៃ បើចង់ទៅរកអានសាស្ត្រានេះផ្ទាល់ គឺមានតម្កល់ទុកនៅបណ្ណាល័យសាលាបារាំងចុងបូព៌ា ក្នុងវត្តឧណ្ណាលោម ហើយចុះលេខសម្គាល់ FEMC d.968.II.2 ។
សេចក្តីខាងក្រោម គឺជាការចម្លងឡើងវិញទាំងស្រុងពីច្បាប់ដើម ដោយខ្ញុំគ្រាន់តែសម្រួលពីរបៀបសរសេរបែបចាស់ មកជារបៀបបច្ចុប្បន្នដោយយោងតាមវចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិត្យ។ ពាក្យត្រង់ណាដែលខ្ញុំមើលពុំរួច ឬដោយសារសន្លឹកសាស្ត្រាចាស់ផុយដាច់ដាចដោយកន្លែង ខ្ញុំប្រើជាចំណុចរាយបី (…) ជាសម្គាល់។ ឯបទកាព្យដែលតែងក្នុងសាស្រ្តានេះ មានបទបន្ទោលកាក, បទកាកគតិ, បទពំនោល, បទព្រហ្មគីតិ និងបទមួយទៀតដែលយើងមិនសូវជួបញឹកញាប់គឺបទ «មហាជ័យ»។ តាមពិតទៅបទនេះក៏ធ្លាប់មានប្រើក្នុងរឿងដទៃទៀតខ្លះដែរដូចជារឿងព្រះជិនវង្ស (សូមមើលជំពូក៣, លេខរៀងទី៦៤), រឿងពុទ្ធិសែននាងកង្រី និងរឿងហង្សយន្តជាដើម។