ដោយ សួង សុខរ៉ូ
ជីវិតរស់នៅរបស់មនុស្សខ្មែរជាន់មុនតែងផ្សារភ្ជាប់នឹងជំនឿទំនៀមទម្លាប់មាំទាំណាស់។ កាលបើនឹងធ្វើកិច្ចការអ្វីមួយ គេតែងមានក្បួន មានតម្រាជាគោល គឺថាមិនធ្វើអ្វីតាមតែចិត្តឡើយ។ ឯក្បួនតម្រានោះសោតមានច្រើនបែបយ៉ាងណាស់។ យើងពុំចាំបាច់និយាយទៅដល់រឿងធំៗឡើយ ត្រឹមរឿងខ្លះដែលយើងយល់ថាធម្មតាសោះ ក៏ត្រូវមានក្បួនតម្រាប្រាប់ដែរ ដូចជា «តម្រាកាត់សំពត់ ស្លៀកសំពត់» ដែលគេប្រាប់អំពីថ្ងៃជាមង្គល និងថ្ងៃអពមង្គល ដើម្បីកាត់អាវ សំពត់ថ្មី ឬស្លៀកសំពត់អាវថ្មីជាដើម។ មិនតែប៉ុណ្ណេះ រហូតដល់សត្វចិញ្ចឹមក្នុងផ្ទះក៏ត្រូវស្របតាមក្បួនដែរ ទើបនាំស្រីសួស្តីដល់ម្ចាស់ផ្ទះ។ តួយ៉ាង គេមិនឲ្យចិញ្ជឹមគោក្រយ៉ៅក្រឡាច់ ឬគោផ្កាយក្បាល, ជ្រូកជើង៥។ល។
ក្នុងចំណោមក្បួនតម្រាដែលនិយាយពីសត្វចិញ្ចឹម មានក្បួនមួយនិយាយពីលក្ខណៈរបស់ឆ្មា ដែលម្ចាស់ត្រូវដឹង មុននឹងចិញ្ចឹមវាទុកក្នុងផ្ទះ។ សាស្ត្រាក្បួននេះសព្វថ្ងៃរក្សាទុកនៅបណ្ណាល័យជាតិក្រុងប៉ារីស៍ មានលេខកូដសម្គាល់ Indochinois 123 F។ ត្រង់នេះគួរជម្រាបបន្តិចដែរថា ក្បួនទំនាយឆ្មា ពុំមែនមានតែខ្មែរទេ សៀមដែលជាស្រុកជិតខាងក៏មានដូចគ្នា។ ក្បួនជាសៀមនោះ គេតែងឡើងជាកាព្យ មានសេចក្តីវែងឆ្ងាយជាងក្បួនខ្មែរដែលនឹងឃើញនៅក្រោមនេះ[1]។ សាស្ត្រាខ្មែរសរសេរជាពាក្យរាយធម្មតា។ សេចក្តីទាំងពីរនេះបើប្រៀបគ្នាទៅឃើញថាន័យរួមនោះប្រហែលគ្នា គឺនិយាយពីលក្ខណៈរបស់ឆ្មាដែលនាំមង្គលគួរចិញ្ចឹមទុក និងឆ្មាដែលនាំចង្រៃដល់ម្ចាស់គួរចៀសវាង។ នៅទីនេះ ខ្ញុំសូមចម្លងសេចក្តីជាខ្មែរឡើងវិញទាំងស្រុងពីសាស្ត្រាដើម ដោយគ្រាន់តែសម្រួលអក្ខរាវិរុទ្ធមកជារបៀបសព្វថ្ងៃដើម្បីងាយអាន ៖
នេះក្បួនទំនាយឆ្មាសមួយកំណាត់ខ្លួន ឆ្មានោះចង្រៃស្មើផ្កាយភ្លើង។ទោះសថ្ពាល់ទាំងសងខាង ហើយ
មានភ្នែកក្រហម រោមវែងដូចរោមក្តាន់ ហើយត្រចៀកវែងដូចរាជសីហ៍ ឆ្មានោះមានអានុភាពនៅក្នុង
គុហាស្តេច ស្រឡាញ់ម្ចាស់នោះ ប្រសើរ ប្រកបនូវបុណ្យសក្តិ យស ទ្រព្យរបស់ច្រើន។ ទោះឆ្មានោះ
ខ្មៅសដូចរាជទេពីនៅក្នុងប្រាសាទ បើអ្នកឯណាបានចិញ្ចឹមឆ្មានោះ សឹងថ្កើងរុងរឿងពេកហោង។
បើឆ្មានោះមានតម្លៃប៉ុន្មានៗក្តីឲ្យទិញយកហោង កុំឲ្យលែងឡើយ។ ទោះខ្លួនឆ្មានោះខ្មៅហើយមុខ
មាត់មូល លក្ខិណាឆ្មានោះនឹងឲ្យជ័យស្រីសួស្តីឈ្មោះផ្កាយព្រឹកច្រើនទុក [នៅ] ផ្ទះជាពេកហោង។
ទោះឆ្មានោះខ្មៅអស់ទាំងខ្លួនហើយមានមមីសវាសលេច ហើយមានកន្ទុយវាសលេចខាងស្តាំ
លក្ខិណាឆ្មានោះស្មើផ្កាយព្រះសុក្រ ឲ្យចិញ្ចឹមជាពេកហោង។ ឆ្មានោះទោះសម្បុរលឿង ភ្នែកខ្មៅ
ទាំង២ លក្ខិណាឆ្មានោះនឹងឲ្យជ័យស្រីសួស្តីរបស់ទ្រព្យផងទាំងឡាយនឹងចូលមកឯងពុំលែងឡើយ។
ទោះឆ្មានោះសម្បុរដូចខ្លាហើយមុខនោះមូលវាចង្រៃពុំជា កុំឲ្យចិញ្ចឹមឡើយ។ ទោះឆ្មានោះមានក្រយ៉ៅ
នៅជើងក្តី នៅឯណាៗក្តីពុំជាឡើយហោង។ ទោះឆ្មានោះមានក្រយ៉ៅនូវបាតជើងទាំងបួនក្តី លក្ខិណា
ឆ្មានោះទុកស្មើស្តេច មានឬទ្ធីចេស្តាអស់ព្រះស្នំក្រមការសឹងមូលមកជាសម្រាប់ច្រើន ហើយសត្រូវទាំង
៨ទិសនឹងមកធ្វើទោសពុំបានឡើយ។ ទោះឆ្មាសនោះភ្នែកដូចពិទូរ្យដាំកែវនោះជាពេកហោង ឲ្យ
ចិញ្ចឹមឆ្មានោះនឹងចម្រើនយសស័ក្តិនូវរបស់ទ្រព្យម្ចាស់សព្វថ្ងៃរៀងរាបដរាបទៅហោង៕
ក្បួនខាងលើនេះទំនងជាចាស់គួរសម អាចស្មានបានថាគេរៀបចងក្រងយ៉ាងឆាប់ណាស់ក៏នៅចុងសម័យកណ្តាលដែរ។ ស្មាននេះគឺយោងតាមការប្រើពាក្យពេចន៍ខ្លះ ដូចជា «ទោះ» ក្នុងន័យថា «បើ» ជាដើម។
--------------------------
[1] សូមមើល Clutterbuck, Marin R., Siamese Cats. Legends and Reality, Bangkok, White Lotus Press, 2004, 244 p.