ដោយ វណ្ណ វិរៈបុត្រ
សាស្រ្តាដែលខ្ញុំលើកយកមកបង្ហាញក្នុងទីនេះពុំមែនជាអត្ថបទស្រាវជ្រាវវែងឆ្ងាយអ្វីឡើយ។ ខ្ញុំគ្រាន់តែយកកំណាព្យទាំងមូល មកសម្រួលជាអក្ខរាវិរុទ្ធបច្ចុប្បន្ន តាមវចនានុក្រមខ្មែរតែប៉ុណ្ណោះ។ ត្រង់ចំណុចណាដែលខ្ញុំមើលពុំរួច ឬខូចដាច់ដោយប្រការណាមួយនោះ ខ្ញុំសូមប្រើចំណុចរាយបី (…) ដើម្បីសម្គាល់។ សព្វថ្ងៃសាស្រ្តានេះតម្កល់ទុកនៅបណ្ណាល័យជាតិដែលមានចុះលេខសម្គាល់ EFEO b.280, B.N.75 ហើយបោះត្រារបស់ព្រះរាជបណ្ណាល័យនិងចុះលេខចាស់ ៦៣៩។
កំណាព្យនេះនិទានពីសត្វបង្គួយ និងកង្ហែនប្រខាំគ្នា រហូតបង្គួយខាំត្រូវគុមត្រចៀកកង្ហែនស្លាប់។ មុនស្លាប់កង្ហែនរត់ទៅជួបញីនៅឯសម្បុក។ ពេលនោះកង្ហែនយំផ្តែផ្តាំកូនកុំឲ្យរកស៊ីព្រៃជ្រៅ ឲ្យរកតែព្រៃអាយនិងឆាប់ប្រញាប់មករក្សាម្តាយវិញ។
កាព្យអប់រំរបៀបនេះមានច្រើន ដូចយើងធ្លាប់បានដឹងរួចមកហើយ។ មានឧទាហរណ៍ដូចជាជុចនិងត្រី, ក្តាន់ជាប់អន្ទាក់ជាដើម។ សេចក្តីក៏ប្រហាក់ប្រហែលគ្នាដែរគឺ បរិយាយពីអំនួតក្អេងក្អាង ឬការប្រមាថដែលនាំឲ្យអន្តរាយដល់ខ្លួនរហូតដល់ស្លាប់។ ខ្ញុំលើកច្បាប់ នេះមក គឺគ្រាន់តែចង់បង្ហាញថាកាព្យអប់រំប្រភេទនេះមានច្រើនរបៀបច្រើនយ៉ាងណាស់ គ្រាន់តែខុសតួអង្គ ឧបករណ៍ឬអន្ទាក់តែប៉ុណ្ណោះ។
បពិត្រខ្ញុំនេះណា ទ្រង់នាមាដោយគាថំ
គរុសុលោភំ អវិគោតំមភារា។
នេះនៃនាមាអញខ្ញុំ សោយសុខសមគិតកាព្យា
រៀនគិតដោយប្រាជ្ញា តាមសាស្រ្តាស្មារតីក្មេង។
កាលគ្រានេះសោតមាន សត្វតិរច្ឆានពីរនាមា
កង្ហែនបង្គួយវា តែងរកស៊ីដោយព្រឹក្សព្រៃ។
ថាមានហេតុអស្ចារ្យ ជាត្រកាលប្លែកពន្លឹក
សត្វផងហើរគគ្រឹក ហើយស្រែកយំដោយភាសា។
សត្វខ្លះហើររំពៃ រកចំណីបរិភោក្តា
ខ្លះទុំមែកព្រឹក្សា ប្រចឹកគ្នាដណ្តើមភស្តុ។
រីឯសត្វកង្ហែន ដើររលះរលើសល់
តម្រង់សម្តៅឆ្ពោះ គុម្ពឫស្សីព្រៃព្រឹក្សា។
កាលនោះបង្គួយមាយា និត្យនៅព្រឹក្សា នៅគុម្ពឫស្សីសំកោង។
កន្ទ្រំដាលដុំដែកភ្លើង កឡើងក្រហម ស្ទុះស្ទើតចំអើតបាំងដៃ។
កង្ហែនដើរទៅទៀបដល់ បង្គួយខឹងសល់ ហើយវាក៏ស្រែកទៅថា។
វើយអាកង្ហែនមោហា ម្តេចមឹងហ៊ានពារ មកដល់ដំណាក់អញថ្វាត់។
មឹងមិនប្រាប់ដល់មួយម៉ាត់ អាចោរកាចក្តាត់ អញខាំឲ្យក្ស័យជន្មា។
កង្ហែនឆ្លើយស្នងទៅថា ----------------- បង្គួយតិរច្ឆានអប្រិយ។
កុំមឹងចែងចេះស្រដី អញខាំឲ្យក្ស័យ ជីវិតពុំលែងឡើយណា។
ត្បិទមឹងមោហាឫស្យា កាចក្រៃមហិមា កំហល់កំហឹងពេកក្រៃ។
ចូរអាចុះដល់ទៅដី ប្រខាំជាញជ័យ ឲ្យយល់តេជះឫទ្ធី។
បង្គួយលោតចុះដល់ដី ដុំដែកភ្លើងនៃ លោតខាំនៃសត្វកង្ហែន។
លោចឹកក្រញឹកមុតមែន រីឯកង្ហែន លោលោតប្រចឹកខាំវិញ។
បង្គួយរហ័សដាលដេញ កង្ហែនឃ្មាតខ្មាញ់ ប្រដេញខំខាំឲ្យបាន។
បង្គួយខំខាំច្រាស់ច្រាន កង្ហែនសាមាន្យ ស្ទាញស្ទុះទន្ទែងចូលជិត។
បង្គួយសោតសឹងខឹងចិត្ត ញាប់ញ័របព៌ត ស្ទុះស្ទើតចំអើតខាំមាត់។
កង្ហែនស្ទុះភ្លាមទៅទាត់ វាវាយវាវាត់ និងកន្ទុយវាត្រូវកែង។
បង្គួយស្ទាញស្ទុះស្ទើតស្ទែង ក្រវាត់ក្រវែង កង្ខើញចូលជិតប្រឹងប្រែង។
កង្ហែនប្រែប្រឹងសម្តែង លោលោតស្ទុះស្ទែង ចំកែងចំកោងខាំមាត់។
បង្គួយស្ទាយស្ទុះទៅវាត់ វិលលោតឡើងលើ តន្ត្រំប្រខាំជួញជិត។
កង្ហែនរួតរឹងខឹងចិត្ត ដាលដេញដ៏ប្រកិត ប្រកៀកប្រកានតបត។
បង្គួយប្រែប្រឹងរឹទ្ធី ស្ទុះស្ទាញដ៏ប្រវា ប្រខាំខំញាប់ញ័រ។
កង្ហែនរួញរឹងដាលដេញ ពើបពុះពឹងពេញ សម្រុកសម្រុញបី…។
បង្គួយក្រចៅក្រចក ស្ទុះស្ទាញទៅមក សម្រុកសម្រុញចូលចឹក។
កង្ហែនប្រែប្រឹងខំគិត ពុះពាររកចឹក ប្រខាំប្រខំចឹកទាញ។
បង្គួយស្ទុះទៅត្រូវកល លោតភ្លាមចូលដល់ ខាំគុម្ពត្រចៀកកង្ហែន។
ប្រែប្រឹងខំខាំមែនទែន រីឯកង្ហែន ស្រែស្រែកទៅប្រាប់ខាងព្រៃ។
វារត់ចាលចាញ់ចូលព្រៃ រួញគ្នាពេកក្រៃ ពុំហ៊ានប្រកួតទៀតឡើយ។
បង្គួយស្ទុះមកថាធ្វើយ អាចោរផេះហើយ មកអួតនិងអញឡើយណា។
អញនេះខ្លាំងពេកមហិមា នឹងរកអ្នកឯណា មកផ្ទឹមនិងអញបានឡើយ។
ម្តេចមឹងមុះមកផ្ចាញ់ផ្ចាល លើយើងនេះណា ដេញអញឲ្យក្តាត់ឡើយនៃ។
កង្ហែនរឹងជាអស់ដៃ ពុំហ៊ានស្រដី លលបអាត្មាពួនផ្ទាប់។
បង្គួយវិលវឹងក្រឡាប់ ពួនលើឈើឆាប់ ដាលដុំដែកភ្លើងសម្បើម។
អួតករជើយងើបឡើង ញញាក់ចិញ្ចើម ងងក់លើចុងឫស្សី។
ថាយើរឹទ្ធីយើងក្រៃ រកអ្នកណានៃ មកផ្ទឹមនិងយើងពុំបាន។
មានបុណ្យតែយើងឈ្នះឈ្នាន កុំបីឲ្យក្លាន មកអួតប្រកួតទៀតឡើយ។
ចចកសូមសួរឆ្លាស់ឆ្លើយ ថាយើបងអើយ បងដេញវាទៅដល់ណា។
បង្គួយប្រាប់ទៅវិញថា អញឯដេញវា រត់ទៅដល់ដើមធ្លកធំ។
ចចកឆ្លាស់ឆ្លើយថាខំ ខាំវាឲ្យគ្រាំ ឲ្យវាដំណំហោងណា។
ពីងពាងថាវើយគ្នាផ្ងារ អញអរក្តាត់ណា ឯងឈ្នះកង្ហែនឬអ្វី។
បង្គួយថាកុំស្រដី អញដេញចូលព្រៃ វារត់ពុំហ៊ានមកឡើយ។
ពីងពាងថាយើក្លើវើយ កម្លាំងក្លើរើយ ក្លើស្បើយកុំទៅទៀតណា។
បង្គួយឆ្លះឆ្លើយទៅថា ក្លើឯងចរចា កម្លាំងអញនៅច្រើនក្រៃ។
ប្រដូចខ្យល់ព្យុះកួចព្រៃ ក្លើកុំសង្ស័យ ឫទ្ធីអញថ្កើងមហិមា។
ក្លើកុំគិតអញឡើយណា អញគិតទ័យា នឹងអាកង្ហែនមោហា។
អស់សត្វជំនុំគិតគ្នា អួតអាងរឹទ្ធី នៃសត្វបង្គួយឫទ្ធិថ្កើង។
ថាពលពង្រឹងដែកឡើង រែងដុំដែកភ្លើង កណ្តាលជំនុំពលត្រៀប។
បង្គួយគិតពុំខ្លាចស្លាប់ អួតអាងផ្ងារផ្កាប់ ក្រឡាប់ក្រឡាស់សើចស្រួល។
នោះនៃនាមនិទាន អំពីកង្ហែននោះណា
ចរចេញរត់ម្នីម្នា ទៅដល់ញីនៅសម្បុក។
ដល់ក្រាបដេកននៀល បែរមមាលយំជាទុក្ខ
ដើមទ្រូងសឹងឈាមចុក ហេតុអាល័យអាឡោះពី។
ថាហៃមាសព្រលឹង បងអ្នកនឹងក្ស័យជីវិត
ចូរមាសបណ្តូលចិត្ត ព្រលឹងមិត្រមាសបងអើយ។
កូនអើយកូនកុំស៊ី ព្រៃនេះណាៗកូនអើយ
អាពុកផ្តាំឲ្យហើយ កុំប្រហែសខ្លួនឡើយណា។
ឱកូនមាសព្រលឹង ម្ល៉េះហើយសមនិងកុំ
រត់ទៅដល់ដើមធ្លកធំ ក្រៃអាពុកនិងក្សិណក្ស័យ។
ចូរអ្នកឯក្រោយហោង ------
កូនអើយចូរអ្នកចាំ អាពុកផ្តាំដោយគន្លង
ពាក្យពេចន៍ច្បាប់នេះផង បាចាំទុករក្សាប្រាណ។
ស្ងួនអើយមាសប្រសើរ កុំបាដើរដោយព្រឹក្សា
ខំរកបរិភោគក្តារ តែនៅអាយណាកូនតន់។
កុំដើរទៅព្រៃជ្រៅ នាំកូនទៅរកផលា
គយគន់បរិភោគក្តា ឆ្អែតហើយវិលមកសម្បុក។
បើបារយកផល្លា រសពិសាជិតទៅមក
នាំគ្នាស៊ីសសុក ហើយអត់ស៊ីជាអាហារ។
ឆ្អែតឆ្អន់វិលមកវិញ កុំចរចេញចោលមាតា
ម្តាយមានគុណណាស់ណា បាកុំវៀសរវាំងប្រាណ។
កុំកូនស្ងួនប្រហែស កុំធ្វើធ្វេសដោយចិត្តក្សាន្ត
ពិតពុំរក្សាប្រាណ កុំភ្លាំងភ្លេចស្មារតីឡើយ។
ផ្តាំស្រេចកង្ហែននោះ មែនមានទុក្ខកម្លាំងស្បើយ
ដាច់ខ្យល់ទៅព្រងើយ ធ្វើមាត់ស្ញេញស្ញាញអាក្រក់។
រីឯនាងប្អូនស្រី យល់ស្វាមីរែងជាទុក្ខ
ក្នុងពោះឈឺបផុក ហើយយំទួញគ្រប់ព្រឹក្សា។
ថាឱអ្នកឧត្តម ម្ល៉េះហើយសមប្អូនកំព្រា
ខ្លួនអើយសមអាសារ ជាមេម៉ាយឯងអាស្រូវ។
ម្តេចឡើយមកនិរាស ប្រែព្រាត់ប្រាស់កូនសំឡាញ់
បាត់ឈ្មោះបាត់ខ្លួនទៅ ឲ្យប្អូននៅៗកំព្រា។
នេះហើយហេតុកាលកម្ម ពីព្រេងនាំមកទាន់ហើយ
ឲ្យព្រាត់ប្រាស់ត្រាណត្រើយ ជាវេរាពៀរជាធ្ងន់។
ពីដូចបានប្រសព្វ ពុំទាន់ស្អប់និងប្អូនលន់
អាសូរអ្នកប្រុសតន់ ម្តេចឡើយប្រាស់ពីប្អូនទៅ។
ឱះឱព្រៃព្រឹក្សា យើងយកជាទីលំនៅ
ម្តេចឡើយកែវប្រាសទៅ ឲ្យប្អូននៅឯងអសារ។
កែវអើយកែវពិសី ចោលប្អូនស្រីឲ្យកំព្រា
ទ្រូងប្អូនឈឺខ្លោចផ្សា ក្តៅឱរាសឹងរលាយ។
ដ្បិតឃ្លាតអ្នកឆោមឆាយ ឃ្លាតទៅឆ្ងាយមើលមិនយល់
ឲ្យប្អូនកើតទុក្ខសល់ មើលមិនយល់ដ្បិតបង់បាត់។
ឱះឱសត្វត្រយ៉ង យំរំពងហើរច្រវាត់
ឱម្តេចអញសមស្លាប់ ពីនេះឯងទៅហើយណា។
ឱអ្នកប្រុសបណ្តូល អ្នក…………………………….
ប្អូនសោកអ្នករែងស្អក ដ្បិតអ្នកឃ្លាតទៅឆ្ងាយហើយ។
ប្អូនគិតអ្នកណាស់ណា ដ្បិតជាខ្យល់បក់រំភើយ
ឃ្នងឃ្នេរក្នុងចិត្តហើយ ហើយតែងគិតស្នៀតទៅទៀត។
កាលដើមបងបណ្តើរ ប្អូនទ្រង់គភ៌យាងតាមបង
ឥឡូវម្តេចជាម្តង ធ្លាប់ដើរលេងដោយព្រឹក្សា។
បងអើយប្អូនព្រួយចិត្ត សែនអាណិតពន់ពេកណា
ដ្បិតឃ្លាតបងទៅឆ្ងាយ ម្ល៉េះហើយសមកើតទុក្ខធំ។
ដោយនូវសព្វគ្រប់ហើយ សេចក្តីអើយនិដ្ឋិតំ
ចែងចប់អស់ទាំង ទាំងអម្បាលណេះឯងហោង។
នេះសាស្រ្តាបង្គួយចារចប់នូវថ្ងៃអង្គារ ៨កើត ខែជេស្ឋ។ ព្រះសាសនាកន្លងទៅបាន២៤៦៩។