ដោយ វណ្ណ វិរៈបុត្រ
ពាក្យកាព្យដែលខ្ញុំយកមកចុះខាងក្រោមនេះ ស្រង់មកពីក្រាំងមួយដែលប្រទះឃើញនៅវត្តកំពង់ត្រុំ ក្នុងខេត្តកំពង់ចាម។ មើលសេចក្តីទៅ ឃើញថានៅក្នុងពពួក «ល្បា» ដ្បិតជាពាក្យលាបាប ហើយប្រហែលជាគេសូត្រនៅពេលកាន់បិណ្ឌដែរ។ បើដូច្នោះមែននោះ គឺគេហៅថា «ល្បាបិណ្ឌ»។ តាមពិតទៅ នៅក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះ ត្រង់ជំពូក៦ លេខរៀងទី៤៧ មានអត្ថបទមួយឈ្មោះថា «អ្នកម្តាយ» ដែលបង្ហាញពីកាព្យមួយវែងជាងនេះ ហើយសេចក្តីប្រហាក់ ប្រហែលគ្នា និយាយពីការស្មាលាទោសពីអ្នកមានគុណ។ ដូច្នេះ ជាសេចក្តីសុទ្ធសាធ កាព្យដែលខ្ញុំ បង្ហាញនេះពុំមានអ្វីប្លែកទេ តែខ្ញុំយកមកចុះក្នុងបំណងបង្ហាញអ្នកអានថារបៀបស្មាលាទោសមាន ពាក្យពេចន៏ច្រើនបែបច្រើនយ៉ាង។
អក្សរនៅក្នុងក្រាំងនេះ កន្លែងខ្លះមានប្រឡាក់ទឹកដាមខូចមើលមិនយល់ ធ្វើឲ្យបាត់ន័យបន្តិចបន្តួច។ កាលណាមានដូច្នោះ ខ្ញុំមិនថែមបង្គ្រប់ព្យាង្គឡើយ ព្រោះក្រែងពុំមែនត្រូវច្បាប់ដើមតែខ្ញុំគ្រាន់តែជំនួសដោយសញ្ញាចុច ៖ … ។ កាព្យនេះខ្លី តែពាក្យពេចន៏គួរឲ្យចាប់អារម្មណ៏ច្រើន។ ពាក្យទាំងឡាយជាពាក្យដែលកូនដឹងក្តីយូរមកហើយនឹកឃើញ ហើយយកមកពោលសុំខមាទានទោសម្តាយ ដ្បិតកាលនៅក្នុងផ្ទៃព្រមទាំងពេលកើតហើយជាទារកក្តី បានធ្វើទាស់ខុសចំពោះម្តាយជាអ្នកមានគុណដោយអចេតនា។ ចំណែកការសុំខមាទានទោសពីឪពុកវិញ ក៏មានបន្តិចបន្តួចដែរ។
«ល្បា» មកពីពាក្យថា«លា» ពោលគឺលាបាប។
១. ភន្តេភគវា | ខ្ញុំទូលបាទា | បង្គំភក្តី |
ទសករទាំងដប់ | ដាក់លើសិរសី | ថ្វាយទៅព្រះស្រី |
ទាំងបីសូមជ្រាប។ | ||
២. អញខ្ញុំនេះណា | លាទោសអាត្មា | កាលនៅក្នុងផ្ទៃ |
អ្នកម្តាយ… | អញខ្ញុំនេះនៃ | ទន់អស់សរសៃ |
ទាំងសាមសិបសង។ | ||
៣. អ្នកម្តាយមានទុក្ខ | ពុំ… | បន្តិចឡើយហោង |
ខ្លាចក្រែងគ្រោះកាច | មាតានោះផង | អ្នកតែងនឹងរង |
ទម្ងន់នោះណា។ | ||
៤. លុះបានមួយខែ | ឈាមនោះមកប្រែ | ជាដុំហើយណា |
លុះបានពីរខែ | បីខែសោះសា | កើតបញ្ចសាខា |
នៅលើទងសុក។ | ||
៥. ….. | ហោងេងងោងនៅ | ក្រោមផ្ទៃលាមក |
មាត់នោះបៀមបៅ | ជញ្ជក់ទងសុក | អង្គុយបែរមុខ |
ទៅឯខ្នងម្តាយ។ | ||
៦. ខ្លួននោះដូចសត្វ | ដូចស្វាគេលាត់ | ក្រហល់ក្រហាយ |
បើលោកបរិភោគ | បង្អែមទាំងឡាយ | ខ្ញុំសុខសប្បាយ |
អស់អង្គអាត្មា។ | ||
៧. បើម្តាយខ្ញុំឆី | អស់ទាំងចំណី | ហឹរប្រៃហើយណា |
វាឈឺអស់អង្គ | វាខ្លោចវាផ្សា | ញ័រអស់រូបា |
អញខ្ញុំក្នុងផ្ទៃ។ | ||
៨. សញ្ជឹងឲ្យគ្រប់ | ជួបជួនប្រសព្វ | ខែដប់ហើយនៃ |
លុះបានគម្រប់ | បរិបូណ៌ប្រពៃ | ខ្យល់មួយឆាបក្រៃ |
ឈ្មោះកម្មវិជ្ជវាត។ | ||
៩. មកៗបង្វិល | ប្រែក្បាលវិល | ចេញមកក្រៅស្អាត |
ដោយទ្វារមាតា | អញខ្ញុំជាអាទិ៏ | ទើបខ្ញុំប្រមាថ |
ពុំដឹងអាត្មា។ | ||
១០. ដូចគេក្រវែង | ចោលទៅកំពែង | ចក្រវាឡា |
រួចចេញពីផ្ទៃ | ព្រះកន្លងហើយណា | ខ្ញុំភ្ញាក់អាត្មា្ |
ស្រែកយំខ្លាំងក្រៃ។ | ||
១១. ឯព្រះមាតា | អ្នកឈឺខ្លោចផ្សា | ត្បិតខ្ញុំនេះនៃ |
អ្នកដេកអាំងភ្លើង | បានប្រាំបួនថ្ងៃ | |
បរិបូណ៌ហើយហោង។ | ||
១២. លាបាបមួយណា | អ្នកម្តាយរក្សា | ចិញ្ចឹមរ៉ាប់រង |
ទុក្ខភ័យប៉ុន្មាន | មិនឲ្យមានឆ្គង | អ្នកតែងនឹងរង |
…នេះណា។ | ||
១៣. ខ្ញុំលាបាបមួយ | ត្បិតអ្នកម្តាយព្រួយ | ពិបាកច្រើនគ្រា |
ដេកនៅនឹងអាចម៍ | សឹង…កាលគ្រា | …ខ្ញុំ… |
…នោះ។ | ||
១៤. លាបាបមួយណា | អ្នកម្តាយរក្សា | ឥតមានទ្រគោះ |
តែងនឹងឱបគ្រង | បីបំបៅដោះ | ដៃអញខ្ញុំនោះ |
គក់ទ្រូងអ្នកម្តាយ។ | ||
១៥. អញខ្ញុំនេះណា | ក្រែងមានវេរា | អំពើទាំងឡាយ |
កាលលោកដេកលក់ | ជាសុខសប្បាយ | អញខ្ញុំពាយងាយ |
យំឲ្យលោកភ្ញាក់។ | ||
១៦. ហេតុបទអញខ្ញុំ | មានវេរាកម្ម | តែងតាមជៀងជាក់ |
កាលខ្ញុំនៅក្មេង | តែងយំទធាក់ | បាបនោះអប្បលក្ខណ៍ |
ខ្ញុំសោតសូមលា។ | ||
១៧. លាបាបមួយនោះ | ក្រែងមានទ្រគោះ | ឈ្លោះ… |
ហើយខ្ញុំលាបាប | ប្រមាថបិតា | លាបាបនោះណា |
លាទោសនោះផង។ | ||
២៣. លាបាបមួយណា | ក្រែងមានវេរា | អំពើបាបផង |
ក្រែងបានប្រឈ្លោះ | ប្រកួតប្រឡង | ទាស់ពាក្យឆ្គាំឆ្គង និង |
ញាតិកា។ |
ពន្យល់ពាក្យខ្លះ (សូមមើលអក្សរពណ៌ក្រហមនៅក្នុងពាក្យកាព្យ) ៖
ទាំងសាមសិបសង ៖ ទាំងសាមសិបពីរ
ប្រែក្បាលវិល ៖ ត្រង់នេះខ្វះពាក្យមួយព្យាង្គ
ព្រះកន្លងហើយណា ៖ ពាក្យ «ព្រះកន្លង» ជាទូទៅច្រើនសរសេរជា «ព្រះកន្លោង»