ព្រះព្រៅ

ដោយ អាំង ជូលាន និង ជា សុជាតិ

នៅក្នុងគ្រួសារ «ជីរ» ដែលខ្មែរប្រើយកក្លិនខុសៗគ្នាឲ្យម្ហូបអាហារផ្សេងៗ មានរុក្ខជាតិមួយដែលគេហៅទូទៅស្ទើរតែពាសពេញប្រទេសថា «ម្រះព្រៅ»។ អម្បូរទូទៅហៅជាឡាតាំងថា Ocimum ហើយគេច្រើននិយាយពី Ocimum sanctum ដេម្បីសំដៅលើពពួកម្រះព្រៅដែលមានពណ៌បៃតងស្រស់។ ថ្វីដ្បិតតែក្នុងឈ្មោះហៅនោះមានពាក្យថា «ម្រះ» ក៏ប៉ុន្តែគ្មានទាក់ទងគ្នាអ្វីបន្តិចបន្តួចនឹងម្រះដែលជារុក្ខជាតិវារ ហើយដែលមានផ្លែល្វីងនោះឡើយ។

ជាដំបូងចូរយើងចោលភ្នែកទៅប្រទេសឥណ្ឌាសិន។ គេហៅម្រះព្រៅជាពាក្យសំស្ក្រឹតថា តុលសី ឬរួញមកជា តុល្សី។ ពាក្យនេះជាឈ្មោះមួយក្នុងចំណោមឈ្មោះជាច្រើននៃនាងលក្ស្មីដែលជាព្រះជាយានៃព្រះនារាយណ៍។ គេពុំយកម្រះព្រៅមកប្រើក្នុងអាហារដូចខ្មែរឡើយ គឺគេតែងគោរពទុកសម្រាប់ថ្វាយទេព ជាពិសេសទេពដែលនៅក្នុងនិកាយព្រះនារាយណ៍ ហៅថា «វៃស្ណវ» មានព្រះនារាយណ៍អង្គឯង, ព្រះក្រឹស្ណា, ហនុមានជាអាទិ៍។ ហេតុនេះហើយសាសន៍អឺរ៉ុបដែលសិក្សាអារ្យធម៌ឥណ្ឌាជ្រៅជ្រះក៏បានឲ្យឈ្មោះម្រះព្រៅនេះជាយូរមកហើយថា Holy basil, Basalic sacré ជាដើម មានន័យថាជាជីរ Basil ដែលជាទីសក្ការៈ។ នៅរូបលេខ១ យើងឃើញម្រះព្រៅដែលគេដាក់លក់នៅប្រាសាទមួយនៅប្រទេស ឥណ្ឌាខាងត្បូង សម្រាប់យកទៅថ្វាយព្រះ។ ប្រតិមាទេពដែលសំខាន់ជាងគេតម្កល់នៅក្នុងគភ៌គ្រិះនោះជារូបព្រះនារាយណ៍ផ្ទំយ៉ាងធំ។ មនុស្សម្នាយកម្រះព្រៅទៅថ្វាយ ហើយព្រាហ្មណ៍ដែលធ្វើកិច្ចនៅទីនោះយកទៅរាយពាសពេញលើព្រះបាទនៃព្រះនារាយណ៍នោះចាប់ពីកំភួនចុះមកចុង។ រូបលេខ២-៦ ក៏ចេញមកពីប្រាសាទនោះដែរ តែនៅក្រៅគភ៌គ្រិះ បានជាងាយថតបន្តិច។ យើងឃើញថាគេយកម្រះព្រៅពីរបីសន្លឹកទៅសៀតតាមកន្លែងផ្សេងៗដែលមានចម្លាក់ទេព ហើយបើមានកន្លែងស្រឡះបន្តិចក៏យកទាំងទងៗទៅថ្វាយ។ បើនិយាយពីទេពកថានានាដែលទាក់ទងនឹងនាងទេពតុលសី ហៅថា «តុលសីទេវី» គឺរាប់មិនអស់ទេ ផុតពីវគ្គមួយចូលទៅវគ្គមួយទៀត។ ក្រៅពីនេះ ដើមម្រះព្រៅណាដែលចាស់ មានគល់ឡើងរឹងមាំហើយ គេយកគល់នោះមកកាត់ជាកំណាត់តូចៗមូលឬទ្រវែង ចុះរន្ធ ហើយយកខ្សែចងជាផ្គាំឲ្យរាយតគ្នាសម្រាប់ពាក់ ហើយរាប់គ្រាប់នៅពេលសូត្រធម៌។ គ្រាប់ក្នុងផ្គាំមួយខ្សែៗតែងមានចំនួន១០៨ (រូបលេខ៧, © Youtube)។

ទោះបីមិនប្រើជាគ្រឿងបូជាសុទ្ធសាធ ក៏គេប្រើម្រះព្រៅជាថ្នាំដែរ នៅប្រទេសឥណ្ឌា ដោយចម្រាញ់ចេញជាប្រេងយកមកលាបរិតធ្វើសរសៃ តាមប្រពៃណីពេទ្យបុរាណហៅថា «អាយុវ៌េទ»។ សូម្បីតែបច្ចឹមប្រទេសសព្វថ្ងៃក៏ទទួលឥទ្ធិពលពីឥណ្ឌាក្នុងការប្រើថ្នាំរិតខ្លួននេះដែរ។ រីឯការដែលយកម្រះព្រៅដាក់ជាកញ្ចប់លក់សម្រាប់ទទួលទានរបៀបជាតែនោះ គឺជាជំនួញដែលកើតឡើងថ្មីៗមកនេះទេ តាមពិតទៅឥណ្ឌាដែលកាន់ប្រពៃណីមិនប្រើម្រះព្រៅជាម្ហូបអាហារឬភេសជ្ជះឡើយ។

និយាយមុននេះបន្តិចមកហើយអំពីពាក្យ។ គឺថា «ម្រះ» ដែលនៅក្នុងឈ្មោះជាខ្មែរនេះគ្មានអ្វីទាក់ទងនឹងផ្លែម្រះសោះឡើយ។ ហេតុអ្វីបានជាមានពាក្យនេះ? យើងនឹងលើកយកមកត្រិះរិះខាងក្រោយនេះបន្តិច។ នៅសល់ពាក្យថា «ព្រៅ» ដែលយើងធ្លាប់ដឹងថាគេនិយាយពីស្រីក្រមុំចាស់ឥតប្តី («សុខចិត្តនៅព្រៅ») ឬមួយក្នុងពាក្យថា «ស្មៅព្រៅ»។ បើស្វែងរកថានៅបុរាណកាលពាក្យនេះមានន័យដូចម្តេចដែរ យើងឃើញសេចក្តីពន្យល់នៅក្នុងវចនានុក្រមខ្មែរបុរាណពីរផ្សេងគ្នាឲ្យន័យពីរផ្សេងគ្នាដែរ ហើយអាចថាផ្ទុយគ្នាស្រឡះទៀតផង។ មួយថាដែលមានរូបរាងមុខមាត់ «អាក្រក់» មួយទៀតថាដែលមានរូបរាងមុខមាត់ «ស្អាត»។ ខ្ញុំពុំហ៊ានវិនិច្ឆ័យលើការពន្យល់ នេះអ្វីទាំងអស់ គ្រាន់តែគិតទៅដល់ពាក្យ «ស្មៅព្រៅ» ដែលខ្ញុំយល់ថាជាពាក្យនិយាយសារុបឲ្យខ្លីសំដៅទៅលើរុក្ខជាតិទាំងអស់ដែលមានលក្ខណៈជាស្មៅ អាចបោចឬដកចេញបាននឹងដៃ គឺដែលពុំមែនជាដើមឈើ។ បើគិតតាមភាសាបារាំងសេស ពាក្យថា Herbe សំដៅទៅលើស្មៅមិនរើសមុខដូច្នេះឯង។ បើគេចង់និយាយពីប្រភេទដែលយកមកប្រើសម្រាប់ឲ្យក្លិនដល់ម្ហូប គេបន្ថែមថា Herbes aromatiques ឬ Fines herbes។ បើក្នុងភាសាអង់គ្លេស៍ផង Herb តែមួយម៉ាត់ដូច្នេះក៏សំដៅទៅពពួកឲ្យក្លិននេះស្រេចទៅហើយ។ ភាសាខ្មែរគ្មានទាក់ទងអ្វីនឹងបារាំងសេសឬអង់គ្លេស៍នោះទេ ប៉ុន្តែអាចមនុស្សគិតរឿងខ្លះប្រហាក់ប្រហែលគ្នាដែរ។ តើពីមុនមក «ព្រៅ» អាចមានន័យថាជារុក្ខជាតិប្រដូចនឹងស្មៅបាន តែខុសពីស្មៅធម្មតាដោយសារឲ្យក្លិនទៅអាហារឬក៏យ៉ាងណា? ឧទាហរណ៍យើងអាចគិតថា តើរហូតដល់ពេលណាមួយនោះ គេនិយមរាប់ពួកស្លឹកគ្រៃ, ម្អម, ជីរគ្រប់បែបយ៉ាង រាប់បញ្ចូលទាំងរុក្ខជាតិដែលសព្វថ្ងៃយើងហៅថាម្រះព្រៅទៅក្នុងពួក «ព្រៅ» ដូច្នេះបានដែរឬអ្វី? នេះជាការស្មានមួយ ឯស្មានម្យ៉ាងទៀតគឺថាស្មៅនិងព្រៅមានន័យដូចគ្នា ឬស្មើគ្នា (សូមគិតទៅពាក្យ «ពោះពុង» ដែលកើតមកពីពាក្យពីរផ្សេងគ្នាតែមានន័យដូចគ្នា)។ ប៉ុន្តែបើថាស្មៅព្រៅគួបជាមួយគ្នាដូច្នេះ និយាយជាទូទៅមិនសំដៅទៅរុក្ខជាតិតូចៗនោះណាមួយប្រាកដទេ។

និយាយមកប៉ុន្មាននេះឃើញថាហាក់ដូចជាផ្អែកទៅលើតែការស្មានទាំងស្រុង។ តាមពិតពុំដូច្នោះឡើយ ដ្បិតថ្ងៃមួយខ្ញុំឮគេនិយាយច្បាស់នឹងត្រចៀកនៅភូមិស្គន់ (ស្រុកបន្ទាយស្រី, ខេត្តសៀមរាប) ថា «ព្រះព្រៅ» សំដៅទៅលើរុក្ខជាតិដែលខ្ញុំធ្លាប់តែឮគេថា «ម្រះព្រៅ»។ ក្រោយនោះបន្តិច ខ្ញុំពុំអស់ចិត្តក៏សួរទៅគេឯងនៅភូមិផ្សេងទៀតដែលនៅដាច់ស្រយ៉ាល ហើយដែលមុននេះបន្តិចមានលក្ខណៈជាស្រុកពាក់កណ្តាលព្រៃពាក់កណ្តាលនៅឡើយ គឺភូមិសណ្តាន់និងភូមិជប់សោម (ស្រុកអង្គរធំ, ខេត្តសៀមរាប)។ ប្រសិនបើខ្ញុំដេញដោលសួរទៅទីឆ្ងាយផ្សេងៗទៀតនៅតំបន់ខាងជើងនៃប្រទេសកម្ពុជា ចម្លើយប្រហែលមានដូចគ្នាខ្លះដែរ គឺថាពីមុនមកគេនិយាយថា «ព្រះព្រៅ» តែសព្វថ្ងៃ «និយាយឲ្យដូចគេឯង» ថា «ម្រះព្រៅ»។ បាតុភូតនេះគ្មានអ្វីពិសេសឡើយ ដូចជាពីមុនមកនៅតំបន់នេះគេថា «ចេកស» ក្រោយមកកែតាមគេផ្សេងថា «ចេកណាំវ៉ា» រីឯដែលសព្វថ្ងៃនាំគ្នាថា «ត្របែក» ឲ្យដូចគេ ពីមុនមកធ្លាប់តែថា «ល្ពួត»។ល។

យ៉ាងណាក៏ដោយ ពាក្យថា «ព្រះព្រៅ» ធ្វើឲ្យខ្ញុំចាប់អារម្មណ៍ជាពន់ពេក។ បើសេចក្តីស្មានខាងលើពុំខុសទេ គឺមានន័យថាជាព្រៅ (ស្មៅ) ដែលគេគោរព ដ្បិតយកពាក្យ «ព្រះ» មកដាក់ពីមុខ។ ប្រការនេះធ្វើឲ្យនឹកឃើញពាក្យ Holy basil / Basilic sacré ដែលពោលមកពីលើ។ គោរពនោះពីជំនាន់ណា? គឺពីជំនាន់ដែលខ្មែរកាន់សាសនាព្រាហ្មណ៍។ ចូរយើងកុំភ្លេចថាក្នុងព្រហ្មញ្ញសាសនា អ្នកកាន់និកាយវៃស្ណវ ពោលគឺអ្នកនិយមខាងពពួកទេពព្រះនារាយណ៍ មានច្រើនណាស់ដែរ បើពុំដូច្នោះទេធ្វើម្តេចនឹងមានប្រាសាទអង្គរវត្ត? ក្នុងការស្មានដដែលនេះ គឺក្រោយមកដែលសាសនាដូរយូរទៅ រុក្ខជាតិដែលឡាតាំងហៅថា Ocimum sanctum នេះក៏អស់លក្ខណៈជាសក្ការៈ (ព្រះ) ហើយសារសំខាន់នៅត្រឹមតែក្លិនឈ្ងុយបែបម្យ៉ាងតាមធម្មជាតិរបស់វា ទើបគេប្រើតែក្នុងម្ហូបទៅវិញ។ ទោះជាយ៉ាងនេះក្តីក៏ម្រះព្រៅនៅតែអាចជាគ្រឿងតង្វាយបន្តិចបន្តួចដែរ។ រូបលេខ៨-៩ ព្រិលបន្តិចមើលមិនសូវច្បាស់ទេ តែក្នុងនោះយើងអាចឃើញ «ស្រូវពន្លៃ» មួយកញ្ជើដែលគេរៀបជារណ្តាប់ក្នុងកិច្ចកាត់សក់បង្កក់ឆ្មបមួយនៅភូមិស្ពានថ្មី (ស្រុកមុខកំពូល,ខេត្តកណ្តាល) ហើយកញ្ជើនោះក្រៅអំពីស្រូវមានម្លូស្លា, ទៀនធូប, កន្ត្រៃ, ចេក, ដូង និងគ្រឿងម្ហូបដែលមានក្រូចសើច, ខ្ញី (ឬរំដេង?) និងម្រះព្រៅ។ ពិតហើយថាម្រះព្រៅនៅទីនេះគ្រាន់តែជាផ្នែកតូចមួយនៃគ្រឿងម្ហូប តែយ៉ាងណាក៏ឃើញថាមានម្រះព្រៅនៅក្នុងកិច្ចពិធីដែរ។ ម្យ៉ាងវិញទៀត ក្មេងដែលនៅតូចៗអាយុបីបួនឆ្នាំចុះក្រោម ច្រើនឃើញគេឲ្យពាក់ថង់ក្រណាត់តូចល្អិតចងនៅក ដែលក្នុងនោះមានកំណាត់ដើមម្រះព្រៅដែរ។ គេថាធ្វើដូច្នេះដើម្បីកុំឲ្យម្តាយនោះអារឹសកូន ឬក៏ដើម្បីឲ្យកូននោះគេចផុតជម្ងឺផ្សេងៗ។ ជួនកាលទៀតគេកាត់គល់ម្រះព្រៅធម្មតាជាកង់តូចៗដូចជាក្នុងការយកទៅធ្វើផ្គាំនៅរូបលេខ៧ដែរ តែយកមកធ្វើជាខ្សែចងដៃឲ្យក្មេងដូចគ្នាក្នុងគំនិតតែមួយ (រូបលេខ១០)។

ជាទីបញ្ចប់មានចំណុចមួយឲ្យគិតទៀត ហើយគួរលើកឡើង។ ដើមព្រះព្រៅ (សព្វថ្ងៃថាម្រះព្រៅ) នេះមានទំហំតូច មិនអាចយកទៅធ្វើអ្វីដែលមានទំហំធំបានទេ។ ប៉ុន្តែភាពជាសក្ការៈនោះជះឬឆ្លងទៅលើដើមឈើមួយផ្សេងទៀតធំជាងនោះឆ្ងាយ ដែលមានតែនៅតាមព្រៃភ្នំ តែដែលមានក្លិនស្រដៀងនឹងម្រះព្រៅធ្វើម្ហូបដែលគេដាំជាធម្មតានៅតាមភូមិស្រុក។ គេហៅដើមដែលមានសាច់ឈើជាខ្លឹមនោះថា «ម្រះព្រៅភ្នំ» ថ្វីដ្បិតតែជាអម្បូររុក្ខជាតិផ្សេងស្រឡះ។ ច្រើនឮគេនិយាយថា «ខ្លឹមម្រះព្រៅ» ហើយគេយកទៅឆ្លាក់ធ្វើជាព្រះពុទ្ធរូបទំហំធំល្មមៗ។ ដោយសារមានតែនៅតាមព្រៃភ្នំ ដូចជាភ្នំក្រវ៉ាញជាដើម ហើយម្យ៉ាងទៀតសព្វថ្ងៃនេះព្រៃក៏កាន់តែហោចទៅផង យើងពុំងាយបានឃើញឡើយ។ រូបលេខ១១ជាព្រះពុទ្ធប្រក់នាគទំហំទទឹងប៉ុនកំភួនដៃ ដែលគេថាធ្វើពីខ្លឹមម្រះព្រៅនោះ ហើយដែលតម្កល់នៅកុដិព្រះសង្ឃរាជបច្ចុប្បន្ននេះទៀតផង។ ចំណុចក្រោយនេះបង្ហាញថាភាពសក្ការៈនៃម្រះព្រៅមិនទាន់បាត់បង់ទាំងស្រុងទេ គ្រាន់តែដូរសម្បកខ្លួនតែប៉ុណ្ណោះ។

យកប្រការទាំងអស់នេះមកគិតទៅ ពាក្យ «ម្រះព្រៅ» ដែលនិយាយសព្វថ្ងៃហើយដែលពុំដឹងថាមានន័យយ៉ាងដូចម្តេចប្រាកដនោះ ប្រហែលក្លាយមកពីពាក្យ «ព្រះព្រៅ» ដូច្នេះមែនហើយ។