“ផ្តាច់ព្រ័ត្រ”

ដោយ ស៊ីយ៉ុន សុភារិទ្ធ

“ព្រ័ត្រ” ជាពាក្យខ្ជីមកពីសំស្រ្តឹត “វរត្រ” សំដៅទៅលើខ្សែផ្សេងៗដែលគេវិញ។ ជានិយមន័យ គឺច្រើនតែសំដៅទៅលើខ្សែវិញដែលជាប់មាំមួន ពោលគឺមិនមែនគ្រាន់តែខ្សែជាចំណងធម្មតាឡើយ។ ទោះជាសំដៅទៅរកខ្សែដែលជាប់ ក៏គប្បីយើងកុំច្រឡំនឹង “ពួរ” ដែលជាខ្សែវិញជាប់មាំដែរ តែសម្រាប់ចងវត្ថុដែលធំឬដែលធ្ងន់ឲ្យជាប់ទៅនឹងអ្វីមួយមិនឲ្យរបូតរសាត់។

ព្រ័ត្រអាចសំដៅទៅវត្ថុដែលមាននាទីពីរខុសគ្នា ៖ ម្យ៉ាងជាខ្សែសម្រាប់ទាក់សត្វ ម្យ៉ាងទៀតជាខ្សែសម្រាប់ទាញឲ្យដាច់ក្នុងការប្រកួតគ្នាដែលមានលក្ខណៈជាកិច្ចពិធីផង។ ព្រ័ត្រសម្រាប់ទាក់សត្វក៏អាចមានពាក់ព័ន្ធនឹងជំនឿដូចជាត្រណមដែរ។ បើនិយាយពីព្រ័ត្រទាក់ដំរី គឺព្រ័ត្រនោះវេញអំពីស្បែកក្របី ធ្លុងបីឲ្យចូលគ្នាជាធ្លុងមួយ។ ឯការទុកដាក់ ក៏មិនអាចទុកនៅផ្ទះបានដែរ ត្បិតហ្មឬគង្វាលដំរីជឿថាអាចមានគ្រោះថ្នាក់។ ដូច្នេះហើយ គេទុកព្រ័ត្រនោះនៅរោងមួយដាច់ចេញពីផ្ទះ ហើយដែលគេសន្មតថាជាព្រៃទៀតផង (រូបលេខ១-២)។

ព្រ័ត្រដែលខ្ញុំលើកយកមកនិយាយនៅទីនេះពុំមែនព្រ័ត្រទាក់សត្វឡើយ គឺព្រ័ត្រដែលមានអត្ថន័យទាក់ទងនឹង “វដ្ត” ពោលគឺចលនាជាពេលវេលាដែលវិលដូចដុំកង់។ ដូចយើងធ្លាប់ដឹងស្រាប់ហើយ នៅក្នុងភាសាខ្មែរមានពាក្យថា “ផ្តាច់ព្រ័ត្រ”។ តើគេផ្តាច់ព្រ័ត្រនេះនៅពេលណាខ្លះ? ខ្ញុំសូមលើឧទាហរណ៍ពីរមកបង្ហាញ។

ឧទាហរណ៍ទី១គឺការផ្តាច់ព្រ័ត្រនៅកណ្តាលទន្លេបួនមុខនាថ្ងៃបញ្ចប់នៃការអុំទូកប្រណាំង។ បានជាមានពាក្យថាផ្តាច់ព្រ័ត្រដូច្នេះមកពីនៅសម័យមុន នៅពេលប្រណាំងចប់ភ្លាមនោះ មានព្រាហ្មណ៍បារគូម្នាក់ដែលអង្គុយក្នុងទូកមួយកណ្តាលទន្លេ យកដាវកាត់ផ្តាច់ព្រ័ត្រដែលមានអ្នកកាន់ចុងសងខាង។ ខ្ញុំពុំដឹងថាព្រ័ត្រនោះធ្វើពីអ្វី ហើយគេធ្វើយ៉ាងណាឲ្យកាប់តែមួយដាវអស់ទំហឹងដៃទៅនឹងដាច់ឡើយ ត្បិតប្រការនេះមិនងាយនរណាបានទៅជិតនិងឃើញឲ្យច្បាស់ គ្រាន់តែទំនៀមនិយាយមកថាដូច្នេះឯង។ ន័យសំខាន់ក្នុងការផ្តាច់ព្រ័ត្រនេះគឺដើម្បីទម្លាយទឹកដែលកំពុងចាល់ក្នុងទន្លេសាប ឲ្យហូរបញ្ច្រាសចាក់មកសមុទ្រវិញ។ តាមពិតទៅ ទឹកទន្លេសាបនៅពេលនោះហូរចាក់ទៅសមុទ្រវិញជាច្រើនអាទិត្យមកហើយ ប៉ុន្តែជាធម្មតាទេដែលកិច្ចពិធីតែងតែធ្វើក្រោយចលនាធម្មជាតិ តែគេតែងសន្មតថាពិធីនេះហើយដែលបញ្ជាធម្មជាតិ។ បើប្រៀបមកពិធីឆ្លងវ័យមនុស្ស គេអាចយកពិធីកាត់សក់បង្កក់ឆ្មបមកប្រៀបបាន ត្បិតទារកនោះមានកំណើតច្រើនថ្ងៃមកហើយ ប៉ុន្តែជានិមិត្តរូបគឺវាកើតឡើងចូលក្នុងសង្គមមនុស្សនៅពេលដែលគេកាត់ “សក់ព្រៃ” របស់វា ហើយឲ្យឈ្មោះវាក្នុងកិច្ចនោះ។

ចលនាទឹកទន្លេសាបក្នុងមួយឆ្នាំៗ គឺទឹកតែងចាល់ពីទីប្រសព្វមុខនៅមុខវាំងឡើងទៅលើ ហើយច្រើនខែក្រោយមកទើបហូរត្រឡប់មកក្រោមទៅរកសមុទ្រវិញ។ ចលនានេះទៀងដូច្នេះឯង មិនអាចផ្លាស់ប្តូរនៅឆ្នាំណាមួយឡើយ ទោះជានៅដំណាក់កាលទីពីរទឹកហូរទៅសមុទ្រក្តី ក៏ដល់ពេលដល់វេលាត្រូវតែហូរចាល់ទៅលើវិញទៀត ត្បិតនេះគឺជា “វដ្ត” ភ្ជាប់ភូមិសាស្រ្តទៅនឹងពេលដែលជាកង់វិល។

ផ្តាច់ព្រ័ត្រម្យ៉ាងទៀតដែលខ្ញុំចង់និយាយនៅទីនេះ ទាក់ទងនឹងពេលដូចគ្នា ហើយគេធ្វើឡើងនៅទីបញ្ចប់នៃល្បែងទាញព្រ័ត្រដែលលេងច្រើនថ្ងៃ។ តាមពិតល្បែងនេះមានលក្ខណៈជាកិច្ចផង ព្រោះជាការបញ្ជាក់ថាដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី។ យើងនឹងឃើញថាយ៉ាងណាក៏ព្រ័ត្រនោះត្រូវតែដាច់។ រីឯឆ្នាំនោះពុំមែនចំជាឆ្នាំនៃប្រតិទិនឡើយ ប៉ុន្តែជាឆ្នាំឬវដ្តនៃដំណាំស្រូវ។ ជាធម្មតា ភ្លៀងតែងចាប់ធ្លាក់នៅខែពិសាខដែលអ្នកស្រែនៅតំបន់ជាច្រើនចាត់ទុកថាជាខែទីមួយ ត្បិតពេលនោះហើយដែលគេចាប់ដាស់ដី ហើយបន្ទាប់មកភ្ជួររាស់ជាដើម។ នៅតំបន់អង្គរ ទោះជាគេចាប់ផ្តើមលេងទាញព្រ័ត្រនៅពេលណា ក៏គេយកថ្ងៃដែលហៅថាឆ្លងចេត្រ (សូមមើលជំពូក២, លេខរៀងទី៣៩) សម្រាប់ផ្តាច់ព្រ័ត្រនោះ ព្រោះពេលនោះហើយដែលជាទ្រឹស្តីគេនឹងចាប់ផ្តើមធ្វើស្រែ។ ឧទាហរណ៍ដែលលើកខាងក្រោមនេះពុំមែនបានមកពីតំបន់អង្គរទេ គឺមកពីភូមិត្របែកពក និងភូមិព្រែកឫស្សី, ឃុំកំពង់កុង, ស្រុកកោះធំ, ខេត្តកណ្តាល។ តែអត្ថន័យនៃការលេងទាញព្រ័ត្រនិងផ្តាច់ព្រ័ត្រនៅទីនេះពុំខុសអ្វីពីនោះឡើយ។ ពេលដែលចូលឆ្នាំតាមប្រតិទិនផុតពេលណា អ្នកស្រុកតែងចាប់ផ្តើមលេងទាញព្រ័ត្រ ទោះបីជានៅក្នុងខែចេត្រនៅឡើយក៏ដោយ។ ឯការរកផ្តៅ, វេញព្រ័ត្រ ដែលជារឿងអ្នកស្រុកទាំងអស់គ្នាដែរនោះមាននិយាយនៅជំពូក៥, លេខរៀងទី៥០ ដោយមានជូនរូបមួយភាគធំហើយ។ រូបលេខ៣នៅទីនេះបង្ហាញពីការវេញព្រ័ត្រផ្តៅ។

ពេលដែលត្រូវលេងផ្តាច់ព្រ័ត្រ គឺចំពេលថ្ងៃត្រង់ ដោយអ្នកទាញទាំងសងខាងប្រឹងធ្វើយ៉ាងណាឲ្យខាងតែងឈ្នះរៀងខ្លួន (រូបលេខ៤) និងធ្វើឲ្យព្រ័ត្រនោះដាច់ផង។ បើទាញហើយ ព្រ័ត្រនោះនៅតែមិនដាច់ គេយកកាំបិតមកកាត់សរសៃព្រ័ត្រខ្លះ ដូចក្នុងរូបលេខ៥ ដើម្បីឲ្យទាញទៅងាយដាច់។ រូបលេខ៦បង្ហាញពីពេលដែលព្រ័ត្រនោះដាច់។

ពាក្យថា “ផ្តាច់ព្រ័ត្រ” មានក្នុងភាសាខ្មែរក្នុងករណីផ្សេងទៀតដូចយើងដឹងស្រាប់។ តែប្រភពដើមគឺផ្តាច់ព្រ័ត្រពេលចប់ការប្រណាំងទូក និងផ្តាច់ព្រ័ត្រដើម្បីបើករដូវធ្វើស្រែដែលនិយាយមកហើយនេះឯង។ ឧទារណ៍ “ប្រដាល់ផ្តាច់ព្រ័ត្រ”, “រត់ប្រណាំងផ្តាច់ព្រ័ត្រ” ជាដើម មិនមានន័យជាពេលវេលាដែលវិលដូចដុំកង់នោះឡើយ ត្បិតមិនទាក់ទងនឹងកិច្ចពិធីអ្វីទាំងអស់។