ដោយ អាំង ជូលាន
ភាសាខ្មែរមិនខុសអ្វីពីភាសាផ្សេងៗឡើយ ត្រង់ចំណុចថាមានពាក្យច្រើនណាស់ដែលនិយាយស្តាប់យល់ទាំងអស់គ្នា តែរកដំណើរដើមទងមកពន្យល់មិនបាន។ មានករណីពិសេសតិចតួចណាស់ដែលយូរៗម្តងមានសំណាងបានដឹងពីកំណើតពាក្យ។
នៅទីនេះខ្ញុំសូមបង្ហាញពាក្យថា «ម៉ៅស្វិត»។ ពាក្យនេះនរណាក៏យល់ដែរថាមនុស្សដែលគេនិយាយនោះជាមនុស្សកំណាញ់ ពុំងាយចាយលុយ ពុំងាយឲ្យលុយនរណា។ល។ ដោយសារមានពាក្យថា «ស្វិត»។ តែហេតុម្តេចបានជាយើងហៅថា «ម៉ៅ»?
ខ្ញុំបានប្រទះឃើញការពន្យល់នៅក្នុងស្វ័យជីវប្រវត្តិនៃឥស្សរជនខ្ពង់ខ្ពស់ខ្មែរម្នាក់ ដែលមាននាទីសំខាន់នៅសម័យសង្គមរាស្រ្តនិយម។ ខ្ញុំបានឃើញតែសំណេរអង្គុលីលេខជាភាសាបារាំងសែស ហើយពុំដឹងថាស្វ័យជីវប្រវត្តិនោះមានការផ្សព្វផ្សាយជាសាធារណ៍ឬអត់។ឥស្សរជននេះកើតនៅឆ្នាំ១៩០៨ ហើយកាលពីតូចក្រូចឆ្មារធ្លាប់បានទៅរស់នៅជាមួយជីតាខាងឪពុកនៅភូមិសេកយំ (ខេត្តកំពង់ចាម) ចំនួនបួនឆ្នាំ។ ឯរឿងដែលនឹងសង្ខេបខាងក្រោមនេះប្រហែលកើតឡើងនៅដើមស.វ.ទី២០ ឬចុងស.វ.ទី១៩ផងក៏សឹងថាបាន។
ជីតានោះជាអ្នកមានបង្គួរ ហើយក្នុងភូមិសេកយំជាមួយគ្នានោះមានម្នាក់ទៀតជាអ្នកមានខ្លាំងក្លា មានងារហៅថា «មហាវិជ័យ»។ ពីរនាក់នេះមិនត្រូវគ្នាទេ តែក៏មិនដែរឈ្លោះគ្នាផ្ទាល់មាត់ចំមុខដែរ គឺថាបើចំអកឡកឡើយដាក់គ្នាតែងតែមានអ្នកទីបីនាំពាក្យទៅវិញទៅមក។ មហាវិជ័យនោះឈ្មោះម៉ៅ។ នរណាក៏ស្គាល់គាត់ជាអ្នកមានខ្លាំងតែកំណាញ់រកអ្វីប្រៀបគ្មាន។ ដូច្នោះហើយបានជានៅពីក្រោយខ្នង គេហៅគាត់ថា «ម៉ៅស្វិត»។ នេះជារឿងដែលមានពិតប្រាកដ។ ក្នុងប្រការ «ស្វិត» នោះ មានរឿងមួយដែលឥស្សរជនជាន់ខ្ពស់ចាស់ជាងនោះម្នាក់ទៀត (កើតនៅស.វ.ទី១៩) លើកមកនិយាយ តែយើងពុំដឹងថាពិតទាំងស្រុង ឬពន្លើសខ្លះ ឬក៏ប្រឌិតទាំងស្រុង។ រឿងនោះមានដូចតទៅ ៖
«ថ្ងៃមួយមហាវិជ័យម៉ៅធ្វើដំណើរទៅភ្នំពេញ។ គាត់មិនហ៊ានស្លៀកពាក់ខោអាវធំស្អាតបាតឲ្យសមជាអ្នកមានទេ ដ្បិតខ្លាចខូច ដូច្នោះបត់យ៉ាងស្អាតខ្ជប់ក្នុងក្រមា ទុកយកទៅស្លៀកពាក់នៅភ្នំពេញតែម្តង។ ក្នុងដំណើរនោះសុខចិត្តកាន់កញ្ជប់ក្រមាយ៉ាងថ្នម តែបើមើលទៅខោអាវដែលស្លៀកពាក់វិញនោះ គឺមានបំណះហើយប្រឡាក់ប្រឡូសដូចតែគេធ្លាប់ឃើញជាធម្មតា។ មកភ្នំពេញនោះគឺជិះកូនកប៉ាល់ដឹកឧុស។ ពេលមួយនោះ កម្មករដើរកប៉ាល់ម្នាក់មកទាញក្រណាត់វាំងននបាំង កុំឲ្យថ្ងៃចាំងខ្លាំងលើអ្នកដំណើរពេក។ មហាវិជ័យម៉ៅអង្គុយត្រង់កន្លែងមួយដែលទទើសទទែង នាំឲ្យកម្មករនោះលំបាកទាញក្រណាត់បាំង។ ដោយឃើញតាម៉ៅនេះរញីករញាកពេក កម្មករនោះវាមើលងាយគាត់ ហើយយកជើងជាន់លើក្បាលគាត់ដើម្បីឈោងដៃឲ្យដល់គល់វាំងននខាងលើ។»
ប៉ុន្តែមានពាក្យអ្នកខ្លះគេថារឿងនេះឥស្សរជនខ្ពង់ខ្ពស់ដែលចាស់នោះប្រឌិតទេ ដោយសារ ខឹងធ្លាប់ខ្ចីលុយមហាវិជ័យម៉ៅមិនបាន។
យ៉ាងណាក៏ដោយនេះជាឧទាហរណ៍ដ៏កម្រមួយនៃប្រភពដែលនាំឲ្យយើងទៅដល់កំណើតពាក្យនិយាយ។