ដោយ រឹម ទិត្យបញ្ញា
ខ្ញុំបានសាកសួរចាស់ៗនៅតំបន់ផ្សេងៗគ្នា អំពីពាក្យសូត្រដែលខ្ញុំនឹងបង្ហាញនៅខាងក្រោយ ដើម្បីបានជាពត៌មានឲ្យយល់ពីអត្ថន័យនិងកិច្ចពិធីដែលគេយកទៅប្រើ។ បើយោងតាមពាក្យសាមញ្ញទូទៅ ពាក្យនេះអាចហៅថា «ធម៌លាបាប»។ មានការហៅខ្លីជាងនេះទៅទៀត គឺ «ល្វេ» ឬក៏ «ភន្តេ» (ហៅដូចខាងក្រោយនេះមកពីផ្តើមឡើងថា «ភន្តេភគវា») នេះបើយោងតាមពុទ្ធដីកាព្រះតេជគុណ ភាព ចិត្រមន្នី គង់នៅវត្តក្រញូង, ស្រុកពញាក្រែក, ខេត្តត្បូងឃ្មុំ។ ឯល្វេនោះមានពីរសណ្ឋាន។ មួយហៅថា «ល្វេតូច» ដែលជាការប្រកាសសូមលាបាបហើយដែលយើងអាចនិយាយថា កើតឡើងដោយអចេតនា ដោយកាលនោះសាមីខ្លួននៅជាទារកក្នុងផ្ទៃម្តាយ និងកាលចេញពីផ្ទៃម្តាយហើយ តែកាលនោះនៅតូចក្រូចឆ្មារមិនទាន់ដឹងអ្វីរាក់ជ្រៅ។ បណ្តាញពត៌មានវប្បធម៌ខ្មែរ នៅជំពូក៦, លេខរៀងទី៥៦ បានចុះពាក្យសូត្រនេះឯង ដោយឲ្យចំណងជើងជាសំណួរថា «ល្បាបិណ្ឌ ?»។ រីឯសណ្ឋានទីពីរហៅថា «ល្វេធំ» គឺថាការលាបាបនោះ តមកដល់អំពើមិនគប្បីទាំងអម្បាលម៉ានដែលសាមីខ្លួនបានប្រព្រឹតក្នុងវ័យក្រោយៗមកទៀត ដែលខ្លួនដឹងអស់ហើយថាអ្វីល្អអ្វីអាក្រក់។ មិនតែប៉ុណ្ណោះទេ លានោះលើសពីសេចក្តីខមាទានទោសទៅទៀត គឺថាលាទាំងអ្វីដែលឥតទាក់ទងផ្ទាល់នឹងចេតនាផង ដូចជាសូមជៀសវាងទៅអនាគតជាតិកុំឲ្យមានពិកលពិការរូបរាងកាយដោយក្រការណាមួយ រាប់តាំងពីក្បាលទំពែក, ធ្មេញបាក់, ជើងខ្ចើច... ឡើងទៅ។
ពាក្យពេចន៍ដែលខ្ញុំយកមកចុះខាងក្រោមនេះ ឥតមានឃើញចំណងជើងទេ តែគ្រាន់តែមើលបន្តិចទៅក៏យើងយល់ថាជាពាក្យ «ល្បា» ដែលជាធម៌លាបាប ហើយបើប្រើពាក្យថាល្វេ គឺល្វេធំនេះឯង។ ក្រាំងនោះមានទុកនៅវត្តក្រញូងដែលបានពោលពីខាងលើ។ គេសូត្រនៅក្នុងឱកាសផ្សេងៗ ដែលមានលក្ខណៈជាកិច្ចឬពិធី ធំក្តីតូចក្តី។ គេអាចអាចសូត្រនៅពេលកាន់បិណ្ឌ ឬក្នុងកិច្ចអធិដ្ឋានភ្នំខ្សាច់នៅពេលបុណ្យចូលឆ្នាំ, ក្នុងពិធីកាត់គ្រោះ, ចម្រើនអាយុ។ល។ បើតាមលោកអាចារ្យឡាក់ សារិទ្ធ នៅវត្តពញាគុក, ស្រុកបាទី, ខេត្តតាកែវ គេអាចសូត្រធម៌នេះឲ្យអ្នកជម្ងឺធ្ងន់ ដែលដេករ៉ាំរ៉ៃយូរពេលមកហើយ ដើម្បីអ្នកនោះបានស្ងប់ចិត្តនៅពេលដែលគិតថានឹងស្លាប់ទៅជាតិមុខ ដោយសារបានលាបាបនោះឯង។
សេចក្តីចម្លងចេញពីក្រាំងវត្តក្រញូងខាងក្រោមនេះ មានការកែប្រែសម្រួលអក្ខរាវិរុទ្ធទៅតាមពេលវេលា តែការខ្វះខាតព្យាង្គមួយចំនួននោះ ខ្ញុំមិនប៉ះពាល់ទេ ទុកឲ្យមានការផ្ទៀងផ្ទាត់ទៅអនាគតទៅចុះ។
១ ភន្តេភគវា ខ្ញុំទូលបាទា បង្គំភក្តី
ទូលល្អងធូលី បានជ្រាបព្រះទ័យ ថ្វាយព្រះជិនស្រី
រតនថ្លៃថ្លា។
២ អញខ្ញុំនេះណា លាទោសអាត្មា កាលនៅក្នុងផ្ទៃ
អ្នកម្តាយទ្រង់គភ៌ អញខ្ញុំនេះនៃ ទន់អស់សរសៃ
ទាំងសាមសិបសង។
៣ អ្នកម្តាយជាទុក្ខ ពុំដែលស្រណុក ដល់តិចឡើយហោង
តែងនឹងជាទុក្ខ ពុំសុខបានម្តង ត្បិតខ្ញុំនេះហោង
ជាទុក្ខមហិមា។
៤ លុះបានមួយខែ ឈាមនោះមកប្រែ ជាដុំហើយណា
លុះបានខែប្រាំ សោះសារកកើត បញ្ចសាខា
នៅលើទងសុក។
៥ អង្គុយច្រហោង ងងើងងោង នៅក្រោមផ្ទៃសុក
មាត់បៀមបៅ ជញ្ជប់តែសុក អង្គុយប្រែមុខ
ទៅឯខ្នងម្តាយ។
៦ ខ្លួននោះដូចសត្វ ដូចស្វាគេលាត់ ក្រហល់ក្រហាយ
បើលោកបរិភោគ បង្អែមទាំងឡាយ សឹងសុខសប្បាយ
អស់អង្គអាត្មា។
៧ បើលោកម្តាយឆី អស់ទាំងចំណី ហិរប្រៃហើយណា
វាឈឺអស់អង្គ វាខ្លោចវាផ្សា ញ័រអស់រូបា
អញខ្ញុំនេះនៃ។
៨ រំពឹងឱ្យគ្រប់ ជួបជួនគម្រប់ បរិបូណ៌ហើយនៃ
លុះបានគម្រប់ បរិបូណ៌ប្រពៃ ខ្យល់ចាប់វៃ
ឈ្មោះកម្មវិជ្ជវាត។
៩ មកបក់បង្វិល បែរក្បាលនោះវិល ចុះមកសោះសារ
ដោយទ្វារមាតា អញខ្ញុំជាអាទិ៍ ទើបខ្ញុំព្រះបាទ
ពុំដឹងអាត្មា ។
១០ ដូចគេក្រវែង ចោលទៅកំពែង ចក្រវាឡា
រូតចេញពីផ្ទៃ ព្រះកន្លោងហើយណា ខ្ញុំភ្ញាក់អាត្មា
ស្រែកយំខ្លាំងក្រៃ។
១១ ឯព្រះមាតា អ្នកឈឺខ្លោចផ្សា បុត្រខ្ញុំនេះនៃ
អ្នកដេកអាំងភ្លើង ប្រាំដណ្តប់ថ្ងៃ ទើបស្រួលជើងដៃ
បរិបូណ៌ហើយហោង។
១២ លាបាបមួយណា ត្បិតលោករក្សា ចិញ្ចឹមរៀបរង
ទុក្ខគេប៉ុន្មាន មិនឱ្យមានឆ្គង អ្នកតែដឹងរង
ទម្ងន់នោះណា។
១៣ ខ្ញុំលាបាបមួយ ត្បិតម្តាយអ្នកព្រួយ ពិបាកច្រើនគ្រា
ដេកនៅលើល្មក់ អាក្រក់ច្រើនគ្រា ហេតុនេះខ្ញុំលា
កាលនៅក្មេងឡើយ។
១៤ ខ្ញុំលាអំពើ ក្រែងខ្ញុំបានធ្វើ បាបពៀរនោះហើយ
កុំឱ្យចំណាំ ចងចាំជាត្រើយ ខ្ញុំលាឱ្យហើយ
ទាន់ចិត្តជំពាក់។
១៥ មួយសោតខ្ញុំលា អ្នកម្តាយរក្សា ឥតមានត្រគ្រោស
តែងនឹងឱបក្រុង បីឱ្យបៅដោះ ដៃអញខ្ញុំនោះ
ទះទ្រូងអ្នកម្តាយ។
១៦ អញខ្ញុំនេះណា ក្រែងមានវេរា ទុក្ខនៅទាំងឡាយ
កាលលោកដេកលក់ ជាសុខសប្បាយ អញខ្ញុំពាយងាយ
យំឱ្យលោកភ្ញាក់ ។
១៧ លាបាបនោះឯង អញខ្ញុំគិតក្រែង ធ្វើឱ្យអន់អាក់
ត្បិតចិត្តអញខ្ញុំ នេះយំទធាក់ បាបនោះអប្បលក្ខណ៍
ទើបខ្ញុំស្មារលា។
១៨ លាបាបមួយនោះ ក្រែងខ្ញុំទ្រគោះ ឈ្លោះនឹងធ្ងន់ពាក្យ
ប្រមាថមាតា បិតានោះឯង ណាលាដោះ
ចេញហោង។
១៩ លាបាបនោះឯង អញខ្ញុំគិតក្រែង ប្រមាថអស់បង
គិតខ្លាចបាបឈ្លោះ ប្រកួតប្រឡង បោះពាក្យឱ្យឆ្គង
អញខ្ញុំនេះណា។
២០ មួយសោតយើងខ្ញុំ នេះគិតបារម្ភ ក្រែងមានទោសា
ក្រែងមានបំពោត នឹងចាស់ព្រឹទ្ធា លាទោសនោះណា
កាលនៅក្មេងឡើយ។
២១ អញខ្ញុំប្របាទ កាលជានេសាទ កម្លៅឥតត្រើយ
សម្លាប់មច្ឆា ជាអាហារហើយ ចាប់នោះឥតស្បើយ
ទើបស្មារលាទោស។
២២ សូមឱ្យល្តោះអស់ ទាំងបាបនោះ ដូចខ្ញុំសច្ចា
បពិត្រសូមឆុត ចំហុតមហិមា ខ្ញុំមានវេរា
វិបាកនៅឡើយ។
២៣ លាបាបប្រមាទ ខ្ញុំមុសាវាទ អំពើឥតត្រើយ
មាត់ឥតយោបល់ ពុំយល់នោះឡើយ ឮពាក្យគេហើយ
ស្រដីមុសា។
២៤ មួយក្រែងប្រមាទ ព្រះអាទិត្យអាទិ៍ ព្រះចន្ទតារា
ព្រះពាយព្រះភិរុណ ព្រះអគ្គីគង្គា ឥន្ទព្រហ្មទេវតា
លាបាបនោះឯង។
២៥ លាបាបមួយណា ប្រមាទរាជា ក្រឡាគម្តែង
អម្ចាស់ផ្ទៃក្រោម ត្បិតលោកតាក់តែង អស់បាបនោះឯង
ទើបខ្ញុំស្មារលា។
២៦ លាមួយស្រដី ប្រមាទមន្ត្រី អស់អង្គសេនា
ក្រែងបានស្រដី ជេរពោលមុសា បាបនោះឯងណា
ក្រែងបានស្រដី។
២៧ លាបាបមួយណា កាលបួសនៅជា សាមណេរនោះនៃ
លោកគ្រូប្រដៅ បទខ្លួននោះឆ្គង ក្រែងខេខឹងផង
តបនឹងពុទ្ធដីកា។
២៨ នោះហៅឃ្នងឃ្នើស កន្លងពាក្យលើស ឈ្ងើយឈ្លោះខ្ជីខ្ជា
បោះពាក្យទុជ៌ន បាបនោះមហិមា បាបនោះខ្ញុំលា
ជៀងជាក់ចេញឆ្ងាយ។
២៩ លាបាបមួយសោត ក្រែងខ្ញុំក្រេវក្រោធ នឹងគ្រូបាធ្យាយ
ដ្បិតលោកប្រដៅ ជេរពោលដំវាយ អញខ្ញុំពាយងាយ
ប្រកួតប្រណាំង ។
៣០ នឹងលោកជាគ្រូ ចិត្តក្រជូរ ក្រែងជេរកំបាំង
លាបាបមួយណា សូមឱ្យជួយរាំង ចៀសចាកកំបាំង
កុំឱ្យយល់ឡើយ។
៣១ លាបាបមួយណា ឈ្លោះនឹងអស់គ្នា សាមណេរផងហើយ
ពុំគិតខុសគាប់ ឥតសព្ទឥតត្រើយ ឈ្លោះនឹងគ្នាហើយ
ជេរទៅមាតា។
៣២ លាបាបខ្ញុំគិត ក្រែងខ្ញុំខុសក្រឹត្យ បាបនោះខ្ញុំលា
លុះបានជាភិក្ខុ បរិបូណ៌ហើយណា ថេរពោលអស់គ្នា
ប្រដៅរៀនសូត្រ។
៣៣ ឬសិស្សនោះណា តែងទាស់មាយា កំហកភូតភរ
ទើបខ្ញុំខឹងឃោ ជេរពោលក្រេវក្រោធ បទសិស្សភរភូត
ទើបខ្ញុំជេរទៅ។
៣៤ អញខ្ញុំនេះខឹង ធ្វើមុខក្រញឹង សម្លឹងក្រឡៅ
ក្រហមទាំងមុខ សម្លក់ជេរទៅ បទសិស្សផងខ្លៅ
ឱ្យបាបចិន្តា។
៣៥ សិស្សឥតប្រាជ្ញា ទើបខ្ញុំជេរថា ឱ្យមានគំនិត
លាបាបមួយណា កុំឱ្យដល់ដិត សិស្សឥតគំនិត
ខ្ញុំគិតមុសា។
៣៦ លាបាបមួយក្រែង ក្រែងខ្ញុំវង្វេង យល់អស់សិកា
ក្រែងចិត្តភ្លាំងភ្លេច គិតនឹកស្នេហា បាបនោះខ្ញុំណា
កុំឱ្យអប្រិយ ។
៣៧ លាបាបមួយហោង អស់ទាំងសិស្សផង រៀនភូតស្រដី
ត្របាសអង្កួច ច្រៀងហួចផ្លុំប៉ី សព្ទភ្លេងអ្វីៗ
បាបនោះខ្ញុំលា។
៣៨ លាមួយប្រើសត្វ ខិតខំវាក្តាត់ ពុំមានមេត្តា
បរហើយវាយដំ ធាក់ច្រំប្រើវា ពុំពិចារណា
ខ្ញុំលាបាបនោះ។
៣៩ លាបាបមួយណា កាលមានរោគា ឱ្យហោរគន់គូរ
ទិសទាំងខែឆ្នាំ ជោកជាំសព្វគ្រោះ ទើបមេមត់នោះ
ឱ្យសែនលៀងណា។
៤០ ទើបឱ្យបង្គាប់ យកសត្វសម្លាប់ ដូចហោរទាយថា
បង្គាប់ឱ្យត្រូវ សត្វដូចហោរថា ថ្នាំត្រូវនឹងស្រា
យកមកបំផឹក។
៤១ រីបាបនោះណា ដោយច្បាប់លោកថា យមបាលបំផឹក
នៅទឹកទង់ដែង គួរស្ញែងពន្លឹក បាបត្បិតសង្ឃផឹក
ស្រាខុសវិន័យ។
៤២ អញខ្ញុំនេះលា ក្រែងមានវេរា សូមឱ្យប្រពៃ
ត្បិតខ្ញុំផឹកស្រា បាបខុសវិន័យ សូមឱ្យម្ចាស់ថ្លៃ
ករុណាខ្ញុំផង។
៤៣ លាបាបមួយណា ក្រែងមានចចារ អំពើឆ្គាំឆ្គង
វាយមាន់វាយទា ឆ្កែឆ្មានោះផង វាព្រុសខ្តតពង
ទើបខ្ញុំស្មារលា។
៤៤ ហើយខ្ញុំលាថ្លង់ លាអស់ទាំងល្ងង់ វិបាកកំព្រា
ខ្ញុំលារៀងទៅ សព្វជាតិនានា កើតមកសព្វគ្រា
កុំឱ្យយល់ឡើយ។
៤៥ ខ្ញុំលាឃ្លង់ស្រែង ដំបៅកក្រែង អស់ឥន្ទ្រីយ៍ហើយ
កំបុតកំបាក់ ខ្វិនខ្វាក់ខ្ទែរខ្ទើយ គមធាត់កងើយ
កងន់ពើតពើង។
៤៦ ខ្ញុំលាខ្នងកោង ដំណើរក្រញោន សក់ច្រាញ់កន្ទ្រើង
កជួរកនស់ ក្រញាញ់ក្រញើង អមគាងស្រមើង
ស្រមូរអប្បលក្ខណ៍។
៤៧ ខ្ញុំលាស្អកក គ្រតគ្រើឡក់ ខ្សោះខ្សាវមិនជាក់
លាទាំងឃ្លង់ខ្លៅ ស្រមូស្រមាក់ លាជើងកំបាក់
កំភួនក្រងោស។
៤៨ លាធ្មេញសំញេញ ពពីរមាត់ស្ញេញ កំបុតច្រមុះ
សាច់សព្រោង រងគាសស្គុះ សើចឮហ៊ុះៗ
បពិត្រខ្ញុំលា។
៤៩ លារូបអាក្រក់ ជើងចំរុលស្ទក់ ឥតគេស្នេហា
លាមាត់កន្លែង ពពេបសោះសា លាពុកចង្កា
ស្កួញស្កាញ់ស្កឹមស្កៃ។
៥០ លាមាត់ក្រពិត ក្រហួចជ្រួញជិត ឃ្លង់ជើងឃ្លង់ដៃ
ភ្នែកមើលស្រងើ ស្រងេវក្រៅក្រៃ ឡើងបាយស្លើតនៃ
បាំងស្បែកផងណា។
៥១ លាមួយធ្មេញបាក់ ខ្ញុំលាញ័រញាក់ អង្គជ្រងសិរិសា
លាមាត់ក្រញើញ ក្រមើញដូចស្វា បើនឹងឆីស្លា
ខិបខុបក្រៅៗ ។
៥២ ខ្ញុំលាសម្លាក ដំបៅរលាក សព្វខ្លួនជើងដៃ
ខ្មៅមុខដូចជួស អសូរកាយចង្រៃ ស្តាក់ស្តូចជើងដៃ
អញខ្ញុំនេះណា។
៥៣ លាក្បាលទំពែក ទ្រថ្ងាសចម្លែក គង់តែលលាដ៏
ដើរទៅដេរដាល ប៉េលប៉ាលសោះសារ គង់តែលលាដ៏
រលៀងសក់បាត់។
៥៤ លាមួយជើងបាក់ ដើរទៅខ្ញើចខ្ញាក់ ទាបពោះពភ្លើ
ត្រគាតឆ្ងាយ ទាបខ្ពស់ផ្ងាកងើយ ដំឡាន់មើលលើ
មើលខាងខ្ញុំលា។
៥៥ លាឃ្លង់ល្ពៅ ឃ្លង់ដែកឃ្លង់ខ្លៅ ឃ្លង់ភ្លើងស្រែងផ្ងារ
ស្រកីអន្តែង កើលប្រើសឃ្លង់ជូរ កើតមកសព្វគ្រា
កុំឱ្យយល់ឡើយ។
៥៦ ខ្ញុំលាអស់ព្យាធិ៍ សារពើក្នុងអា ត្មាខ្ញុំនេះហើយ
លាឈឺលាថ្កាត់ សះបាត់សះស្បើយ ឧបទ្រពនោះហើយ
កុំព្យាធិ៍ដល់តិច ។
៥៧ លាដៃក្រញ៉ង់ ក្រញាងកំសុង សរសៃរួតរឹត
លាអស់ដំបៅ នៅមាត់ក្រពិត ក្រហួចជួញជិត
ខ្ញុំគិតមកលា។
៥៨ លាមួយត្រង់ឆ្កួត លីលាអាងអួត កាងភូតមាយា
តែងចេះវេះរៀន សៀនប្រៀនមោហា បពិត្រខ្ញុំលា
ត្រង់នោះមិនគាប់។
៥៩ បទមួយមោហា កម្លៅស្នេហ៍ស្នោ ពុំដឹងដោយច្បាប់
ចិត្តវៀចនឹងញាតិ ពុំដឹងខុសគាប់ ពុំត្រូវគិតច្បាប់
ខ្ញុំលាសព្វជាតិ។
៦០ លាមួយចង្រៃ នឹងអ្នកដទៃ មកធ្វើជាញាតិ
លាទាំងអ្វី អភ័ព្វសព្វជាតិ ឧបទ្រពនោះហោង
ចៀសចាកចេញឆ្ងាយ។
៦១ លាពាក្យអាក្រក់ សម្តីច្រើនថ្លោះ ហើយតែងពាយងាយ
ដោយចិត្តកំហល់ ពុំយល់ទៅឆ្ងាយ ពាក្យនោះខ្ញុំណាយ
កុំយល់ឡើយហោង។
៦២ លាចិត្តមោហា ខេខឹងមម៉ូវ មមឹងទ្រើសឃ្នង
ចង់តែនាំកាច អំណាចលេសលង លាត្រង់ពាក្យឆ្គង
នឹងអ្នកដទៃ។
៦៣ ខ្ញុំលាអស់បាប សារពើដរាប អំពើទុក្ខភ័យ
លាខ្សត់លាក្រ តោកយ៉ាកហីនហៃ ហើយខ្ញុំលាភ័យ
ចតុរាបាយហោង។
៦៤ ខ្ញុំលាអស់ព្យាធិ៍ សារពើពិឃាដ ជីវិតសត្វផង
អទិន្នាទានា បាបពៀរនោះផង សេពសុរាផង
ខ្ញុំលាហោងណា។
៦៥ រីសីលទាំងប្រាំ សូម្បីធម៌ប្រាំ កុំភ្លេចឡើយណា
រីសីលប្រាំបី សូម្បីរក្សា អស់អញភាវនា
កុំដាច់មួយថ្ងៃ។
៦៦ ធម៌ព្រះពុទ្ធផង ពិសេសកន្លង ប្រសើរថ្លាថ្លៃ
សូមសាងសីលសុទ្ធ ប្រិតព្រតប្រពៃ នាំសត្វក្រាស់ក្រៃ
ដាក់ដល់និព្វាន ។
៦៧ សូមបានទៅកើត នាសួគាល័យ ជាទេវបុត្ត
បរិសុទ្ធថ្លាថ្លៃ លើសលែង ព្រហ្មលោក
និដ្ឋិតំចប់ហោង។