អាស្រូវ

 ដោយ អាំងជូលាន

 «អាស្រូវ» ក្លាយមកពីពាក្យដើមជាសំស្ក្រឹតថា «អសរុ» ដែលប្រែឲ្យចំថា «គ្មានរូបរាង», «ពុំប្របកដោយរូបរាង»។ «គ្មានរូបរាង» នេះ ពុំមានន័យថាមើលពុំឃើញឡើយ គឺសំដៅថាគ្មានទ្រង់ទ្រាយប្រក្រតី (មូលមិនមូល, ជ្រុងមិនជ្រុង, ស្មើមិនស្មើ... រកពាក្យអ្វីមករៀបរាប់ឲ្យត្រូវមិនបាន)។ មនុស្សលោកតែងតែរាប់រកអ្វីដែលប្រក្រតី, ដែលមានទ្រង់ទ្រាយ, ដែលមានលំនាំ, មានរាង...។ គិតតែប៉ណ្ណេះក៏យល់ដែរថា ហេតុអ្វីបានជាមនុស្សភាគច្រើនពុំចូលចិត្តសត្វម៉្យាងដែលអ្នកខ្លះហៅថា “ពពុះសមុទ្រ” (បារាំងហៅថា Méduse ឬអង់គ្លេសហៅថា Jellyfish ) ដែលគ្មានដៃគ្មានជើង, គ្មានមុខគ្មានមាត់, ពុំដឹងកន្លែងណាអាចហៅថាខ្លួន ឬកន្លែងណាថាក្បាលជាដើម ហើយអន្ធិលៗ រមៀលនៅតាមឆ្នេរខ្សាច់? ពុំត្រឹមតែពុំចូលចិត្តទេ តែជួនកាលខ្លាចទៀតផង។ នេះមកអំពីសត្វនោះគ្មានអ្វីជាលក្ខណៈឲ្យរៀបរាប់រូបរាង ឬភិនភាគបាន។ ផ្ទុយទៅវិញ នៅក្នុងចម្រៀងខ្លះយើងធ្លាប់ឮពាក្យថា “ស្រីស្រស់មានទ្រង់”។ ពាក្យ «ស្រស់» ដែលនៅក្នុងនោះធ្វើឲ្យយើងយល់ថា អ្នកនោះស្អាតដែរ ប៉ុន្តែហេតុអ្វីចាំបាច់បញ្ជាក់ថា “មានទ្រង់”? នេះមកពីអ្វីដែលមានរាង (មានទ្រង់) ពោលគឺម្តុំណាត្រូវរៀវ, ម្តុំ ណាត្រូវរីក, ម្តុំណាត្រូវសាយ... និយាយឲ្យខ្លីមកថា មិនកន្ទ្រីលកន្ទ្រល គឺល្អស្អាត។ ក្នុងន័យក្លាយមកទៀត អសរុ ពោលគឺអាស្រូវ មានន័យថា «អាក្រក់», «អាប់ឱន», «ថោកទាប» ហើយ ខ្មែរបច្ចុប្បន្នច្រើនតែយកមកប្រើក្នុងរឿងកិត្តិយស កេរ្តិ៍ឈ្មោះប៉ុណ្ណោះ។ តែបើក្រឡេកទៅក្រោយឲ្យឆ្ងាយបន្តិច ពាក្យ «អាស្រូវ» នេះមានន័យថា «អាក្រក់» ដូចគ្នា តែពុំចាំបាច់ទាល់តែទាក់ទងនឹងកិត្តិយសទេ គឺគេប្រើក្នុងជំនឿដែលទាក់ទងនឹងគំនិតថា «ចង្រៃ»។

ខាងក្រោមនេះជាសម្រង់សិលាចារឹកមួយ (លេខជំរឿន K. ៤៨៤) ដែលប្រហែលជាចារឡើងនៅចុងស.វ.ទី១២ ឬដើមស.វ.ទី១៣។ ស្មាននេះក៏ដោយសាររូបរាងតួអក្សរនោះយើងតែងឃើញមាននៅសិលាចារឹកទាំងអម្បាលម៉ានក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ពាក្យអក្សរថ្មនេះលើកឡើងដើម្បីសសើរតម្កើងដើមពោធិ៍មួយដើម ដែលគេដាំនៅពុំឆ្ងាយប៉ុន្មានពីជើងជណ្តើរខាងកើតនៃប្រាសាទភិមានអាកាស ក្នុងបរិវេណព្រះបរមរាជវាំងអង្គរធំ។

ក្រោយពីរៀបរាប់ប្រដូចផ្នែកផ្សេងៗនៃដើមនោះទៅអទិទេពទាំងបីនៃព្រហ្មញ្ញសាសនាហើយ គេបួងសួងសូមកុំឲ្យដើមនោះរងគ្រោះខូចខាតដោយប្រការណាមួយឡើយ (គេកាប់, ដំរីព្រេច, ភ្លើងឆេះ៘)។ នៅផ្នែកខាងក្រោយទើបគេបន់ស្រន់ទៅដើមពោធិ៍នោះ សូមឲ្យប្រការដែល អសរុ (អាស្រូវ)ផ្សេងៗវៀរចេញឲ្យផុតពីមនុស្សនិងទេព្តាទាំងពួង។

ខ្ញុំសូមយកតែផ្នែកក្រោយនេះមកបង្ហាញ ត្បិតផ្នែកនេះហើយដែលនិយាយអំពី អសរុ នោះ (សូមមើលរូប)។

 

 

សម្រង់នេះ ដាក់ជាអក្សរសព្វថ្ងៃគឺ ៖ នៅក៑យេងតអសរុ នៅកម្រេក៑ចំចេំតអសរុ នៅស្វប្នតអសរុ នៅស្វប្នតអសរុ នៅចិន្តាតអសរុ នៅមះតអសរុផោង៑ តមាន៑តស្វគ៌្គ តមនុស្សលោះចុរបំបតនោះ។

សម្រួលបន្តិចបន្តួចតាមសម្តីសព្វថ្ងៃថា ៖

(...) រីឯការកម្រើកភ្នែកដ៏ចង្រៃ រីឯការកម្រើកចិញ្ចើមដ៏ច៏ង្រៃ រីឯសប្តិដ៏ច៏ង្រៃ រីឯចិត្តដ៏ច៏ង្រៃ រីឯប្រការទាំងឡាយណាទៀតដ៏ច៏ង្រៃ ដែលមាននៅទេពនាស្ថានសួគ៌ក្តី មាននៅមនុស្សក្តី ចូរបំបាត់ប្រការទាំងនោះ។