អនង្គ

 ដោយ តាំង រតនា

នៅទសវត្ស១៩៦០មានចម្រៀងសម័យយ៉ាងតិចបួនបទ ដែលមានប្រើពាក្យថា “អនង្គ”។ ចម្រៀងទី១មានចំណងជើងថា “សុវណ្ណមច្ឆា” ដែលផ្តើមឡើងដោយឃ្លាថា “កាលគន់ ឆោមយង់អនង្គនាង...” ច្រៀងដោយលោកស៊ិន ស៊ីសាមុត ហើយក្នុងពេលប្រហាក់ប្រហែលគ្នានោះ មានមួយបទទៀតឈ្មោះថា “រាត្រីសេកុង” ច្រៀងដោយអ្នកស្រីហ៊ុយ មាស ដែលល្បះទី២ ផ្តើមឡើងដោយពាក្យថា “រាត្រីសេកុងត្រួយអនង្គចិត្ត...”។ បទមួយទៀតមានឈ្មោះថា “បុរីជូឡុង” ច្រៀងដោយ អ្នកស្រីហ៊ុយ មាស ដូចគ្នា ដែលនៅល្បះទី៣ ផ្តើមឡើងថា “បុរីជូឡុងអនង្គស្នេហ៍អើយ...”។ បទទីបួនឈ្មោះ “ដងស្ទឹងកាត់ភ្លុក” ច្រៀងដោយលោក អ៊ិន យ៉េង ហើយដែលនៅល្បះទី២ មានឃ្លាថា “អាសូរឃុំផង់ អនង្គដួងចិត្ត...”។ យកតែឧទាហរណ៍បួននេះមកគិតក៏ហោចណាស់យើងអាចយល់ដែរថា ពាក្យ “អនង្គ” នេះទាក់ទងនឹងស្នេហា។

នៅសម័យបុរាណ មនុស្សស្រី ឬប្រុសតែងមានឈ្មោះ “អនង្គ” ដែរ។ រូបលេខ១ ដែលមានរូបលេខ២ជាសម្រង់លម្អិត ថតស្រង់យកមកពីសិលាចារឹកមួយកន្លែង នៅប្រាសាទលលៃ (ស.វ.ទី៩)ដែលនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយដែលបង្ហាញឈ្មោះអ្នកកាន់ឧបករណ៍ម្នាក់នៅក្នុងក្រុមភ្លេងមួយ សម្រាប់លេងភ្លេងថ្វាយទេពផ្សេងៗនៅប្រាសាទនោះ។

 សម្រង់ដែលបង្ហាញនេះគឺ “តៃអនង្គ”។ “តៃ” ជាពាក្យសំដៅស្រីអ្នកបម្រើនៅតាមប្រាសាទ រីឯ “អនង្គ” ជាឈ្មោះអ្នកបម្រើនោះ។ បើសព្វថ្ងៃ ប្រហែលជាយើងថា “នាងអនង្គ” ហើយ។ ហើយសព្វថ្ងៃនេះសោត ឈ្មោះ “អនង្គ”នេះក៏ពុំទាន់បាត់បង់ទៅណាដែរ គ្រាន់តែពុំសូវឃើញសរសេរត្រូវតាមអក្ខរាវិរុទ្ធសំស្ក្រឹតដូចកាលជំនាន់បុរាណ ព្រោះជាញឹកញយនោះច្រើនតែសរសេរឃ្លាងឃ្លាតទៅជា “អានុង” ឬ “អាណុង” ដូច្នេះទៅវិញ។ តាមស្មានមើលទៅ របៀបសរសេរខុសឆ្ងាយពីអក្ខរាវិរុទ្ធដើមនោះ ប្រហែលមកពីគេលែងយល់ន័យ។

តើ “អនង្គ” មានន័យដូចម្តេច? នេះជាឈ្មោះមួយក្នុងចំណោមឈ្មោះផ្សេងៗទៀតនៃព្រះកាមទេព។ យើងដឹងហើយថាព្រះកាម ជាទេពនៃសេចក្តីស្នេហា រីឯរឿងដែលទាក់ទងនោះមានដំណាលផ្សេងៗគ្នា អាស្រ័យទៅតាមគម្ពីរចាស់ៗរបស់ឥណ្ឌាដែលខ្មែរនៅបុរាណកាលធ្លាប់ស្គាល់។ រឿងខ្លះពោលថា គឺព្រះឥសូរដែលផ្លែងសរទៅផ្តាច់កព្រះកាម ត្បិតនៅពេលដែលព្រះអង្គកំពុងធ្វើធម៌ស្មឹងស្មាធិ៍ម្តងនោះ ព្រះកាមចេះតែមករំខានដុតរោលព្រះហឫទ័យពុំឲ្យស្ងប់បាន ធ្វើឲ្យច្រឡោតខ្ញាល់ក៏ផ្លែងសរដូច្នោះទៅ។ ហេតុនេះហើយបានជាព្រះកាមពុំដែលមានខ្លួន គឺមានតែក្បាល។ រឿងខ្លះទៀតថា គឺព្រះនារាយណ៍ទេដែល ចោលចក្រទៅផ្តាច់កនោះ ដោយសារព្រះកាមឆ្លៀតមកលួចក្រេបទឹកអម្រឹតដែលទើបនឹងផុសឡើងបានបន្តិចនៅពេលដែលពពួកទេពនិងពពួកអសោរនាំគ្នាកូរសមុទ្រទឹកដោះក្នុងបំណងយកទឹកអម្រឹតនោះ ដោយមានព្រះនារាយណ៍ជាអាជ្ញាកណ្តាល។ រឿងទាំងពីរបែបនេះ ទោះបីសំដៅថាព្រះឥសូរជាអ្នកផ្តាច់ក ឬមួយថាជាព្រះនារាយណ៍ក្តី ក៏បញ្ចប់ទៅដូចគ្នាត្រង់កន្លែងថា ព្រះកាមទេពមានតែក្បាលប៉ុណ្ណោះ ពោលគឺឥតខ្លួន។ ពាក្យ អនង្គ នេះមានន័យថាដូច្នេះឯង។ ដើមឡើយមកពី អង្គ មានន័យថា “ខ្លួន” ហើយគេយក អ មកដាក់ពីមុខដើម្បីសំដៅឲ្យផ្ទុយថា “ឥតខ្លួន”។ តែការភ្ជាប់ពាក្យ ហៅថា “សន្ធិ” ក្នុងភាសាសំស្ក្រឹត ឬបាលី មិនអាចទុក អ + អង្គ ដូច្នេះបានទេ មកពី “អ” និង “អ” ទល់គ្នា ត្រូវតែយក “អ” ទី១ដាក់ឲ្យទៅជា “អ”និង“ន” ដើម្បីអានបាន ទើបទៅជា “អន”។ ឧទាហរណ៍ ពាក្យបាលីថា “អត្ត” ប្រែថា “ខ្លួនឯង” (គឺមិនមែនជារបស់គេផ្សេង)បើចង់ថា “មិនមែនខ្លួនឯង” យើងពុំអាចសរសេរថា “អអត្ត” បានទេ គឺទាល់តែយក “អ” ទី១ដាក់ទៅជា “អន” ដូច្នេះហើយបានជាសរសេរថា អនត្ត (នេះហើយដែលនៅក្នុងពាក្យស្លោក យើងតែងឮថា ទុក្ខំ, អនិច្ចំ, អនត្តា)។ ដូច្នេះ អ + អង្គ ក៏ដូចគ្នាដែរ គឺទៅជា អនង្គ

ឯឈ្មោះមនុស្សវិញគឺពុំសំដៅទៅលើភាពឥតក្បាលនោះទេ គឺសំដៅទៅគំនិតថា “កាម”។ “កាម” នេះពុំត្រូវយកទៅគិតតាមទស្សនៈនៃព្រះពុទ្ធសាសនាឡើយ ព្រោះបើគិតតាមនោះ គឺទៅជាអវិជ្ជមានទៅវិញ ដូចខ្មែរទូទៅដឹងស្រាប់ ពុំចាំបាច់អធិប្បាយវែងឆ្ងាយឡើយ។ យើងឃើញពីលើមកហើយថា បើយកតែសិលាចារឹកលលៃមកនិយាយក៏មាននៅស.វ.ទី៩ដែលខ្មែរកំពុងកាន់សាសនាព្រាហ្មណ៍នៅឡើយដែរ។ “កាម” នេះសំដៅទៅតាមគំនិតឥណ្ឌា ឬជនជាតិដទៃច្រើនលើសលុបទៀតដែលមិនទុកការទាក់ទាញអារម្មណ៍ (រាប់បញ្ចូលទាំងការស្រើបស្រាលផ្លូវកាយផង) ថាជាប្រការអវិជ្ជមានទេ។ បើមើលឈ្មោះស្រីខ្មែរគឺមានខ្លះឈ្មោះថា “រតី” ដែលសុទ្ធតែមានន័យទាក់ទងនឹងកាមរាគ។ មកពីគេពុំគិតថាអាក្រក់ហើយ បានជាគេយកទៅដាក់ឈ្មោះឲ្យកូន។ ដូច្នេះជាការធម្មតាទេដែលមានស្រីឈ្មោះថា “អនង្គ” ទោះជាសរសេរបែបណាក៏ដោយ។ ប្រការមួយទៀតគួរឲ្យចាប់អារម្មណ៍ គឺព្រះកាមជាទេពប្រុស តែបើមើលមកក្នុងសង្គមខ្មែរបុរាណកាលអាចជាស្រី ឬប្រុស។ រីឯជំនាន់ឥឡូវនេះឃើញថា “អនង្គ” ស្ទើរតែទាំងអស់ជាឈ្មោះមនុស្សស្រី។ តែនេះមិនមែនជាការអះអាងដាច់អហង្ការឡើយ ព្រោះតាមដឹងមក ពាក្យថា “អនង្គនាង” (ដូចនិយាយពីលើមកនៅក្នុងបទចម្រៀង “សុវណ្ណមច្ឆា”) ជាឈ្មោះហៅក្រៅរបស់មនុស្សប្រុសម្នាក់ដែលនៅរស់សព្វថ្ងៃនេះ។