បាលីស្តោះពិសពស់

 ដោយ ស៊ីយ៉ុន សុភារិទ្ធ

ពាក្យថា “បាលី”ក្នុងភាសាខ្មែរមិនមែនមានន័យត្រឹមតែជាភាសាដែលគេប្រើជាយានក្នុងព្រះពុទ្ធសាសនាថេរវាទប៉ុណ្ណោះទេ ប៉ុនែ្តក៏អាចមានន័យថាជាឃ្លាមន្ត្រអាគមសក្តិសិទ្ធិសម្រាប់ ការពារខ្លួន បណ្តេញ ខ្មោចព្រាយបិសាច។ល។ បាលីមន្ត្រអាគមខ្លះជា ភាសាខ្មែរអាចស្តាប់យល់បាន ហើយជារឿយៗមានបន្ថែមពាក្យ “ឱមសិទ្ធី” ហើយបញ្ចប់ដោយពាក្យ “ស្វាហៈ” ឬ “ស្វាហាយ”។ ឃ្លាខ្លះគ្រាន់តែបន្លឺជាសម្លេង តែស្តាប់ទៅមិនអាចយល់ន័យបាន។ បាលីដែលគេសូត្រខ្លះក៏អាចស្តាប់ទៅ ពិចារណាឃើញឫសគល់វែងឆ្ងាយគ្រាន់បើ ដូចជាឃ្លាថា “គ្រុឌ្ឍោ គ្រុឌ្ឍា ពិសនាគរាជា អបេសិ” ដែលពូម្នាក់នៅក្បែរវត្តអង្គកាម៉ោល ស្ថិតខាងជើងប្រាសាទព្រះខ័ន ខេត្តសៀមរាប និយាយ ប្រាប់ខ្ញុំ។ ឃ្លានេះគឺជាបាលីប្រើសម្រាប់ស្តោះបណ្តេញពិសពស់។ គាត់ប្រាប់ថា នៅពេលសូត្រស្តោះពិសពស់ ត្រូវទំពាត្រួយស្បូវភ្លាំងលាយជា មួយគ្រាប់ក្រូច ហើយស្តោះចំកណ្តាលក្បាលអ្នកពស់ចឹក។

នៅទីនេះ ខ្ញុំសូមលើកយកបាលីនេះមកពិចារណារកឫសគល់បន្តិច។ ឃ្លាថា “គ្រុឌ្ឍោ គ្រុឌ្ឍា ពិសនាគរាជា អបេសិ ” នេះ បើប្រែសម្រួលជាខ្មែរមានន័យថា “ឱគ្រុឌអើយ! សូមដកពិសនាគរាជនេះចេញទៅ!”។ ការសូត្រអញ្ចើញគ្រុឌឱ្យមកដកពិសពស់របៀបនេះ ជាទំនៀមស្រុកឥណ្ឌា ហើយខ្ញុំជឿថាខ្មែរទទួលឥទ្ធិពលតាំងពីបុរាណមកម៉្លេះ។ ខ្ញុំមិនដឹងថានៅស្រុកឥណ្ឌាគេសូត្រយ៉ាងណានោះទេ ប៉ុន្តែគ្រាន់តែដឹងថា “គរុឌមន្ត្រ” ប្រើសម្រាប់បណ្តេញ ពិសពស់។ នៅស្រុកខ្មែរ បើមើលតាមចម្លាក់ប្រាសាទបុរាណរមែងឃើញមានរូបគ្រុឌចាប់ នាគ (រូបលេខ១)។ ជួនកាលទៀតមានឆ្លាក់ជាសាច់រឿងរាមកេរ្តិ៍ ត្រង់ឈុតមួយដែលព្រះរាមនិងព្រះលក្ស្មណ៍ជាប់សរនាគបាសរបស់ឥន្ទ្រជិត។ គ្រានោះគ្រុឌជាអ្នកចុះមក ជួយបណ្តេញនាគនោះ (រូបលេខ២)។

 សូមជ្រាបថា ក្នុងរឿងព្រេងបុរាណនៅឥណ្ឌា គ្រុឌរមែងយកនាគធ្វើជាចំណី។ បើនិយាយតាមគម្ពីររឿងព្រេងឥណ្ឌាមួយ ដែលខ្មែរបុរាណស្គាល់ថា “ភារត” ឬសព្វថ្ងៃហៅថា “មហាភារត” ហើយដែលខ្ញុំសូមយកមកកាត់សង្ខេបឲ្យគឺនិយាយថា៖ ម្តាយរបស់នាគឈ្មោះនាងកទ្រុ បបួល នាងវិនតាភ្នាល់គ្នាថា តើសេះសឧច្ចៃះស្រវស ដែលកើតពីការកូរសមុទ្រដោយពួកទេពនិងយក្សនោះ មានកន្ទុយព៌ណខ្មៅឬស។ បើអ្នកណាចាញ់ត្រូវធ្វើជាខ្ញុំអ្នកឈ្នះ។ ពេលនោះនាងវិនតាទាយថា កន្ទុយសេះមានពណ៌ស។ មុននឹងទៅមើលសេះនោះនាងកទ្រុបញ្ជាឱ្យនាគ ដែលជាកូនរបស់នាងទៅបង្កប់ខ្លួននៅក្នុងកន្ទុយសេះនោះ ហើយធ្វើឲ្យមើលទៅឃើញកន្ទុយសេះពណ៌ខ្មៅ។ លុះព្រឹកឡើងអ្នកទាំងពីរនាំគ្នាទៅមើលឃើញកន្ទុយសេះសនោះមានព៌ណខ្មៅ។ ដូច្នេះនាងវិនតាចាញ់ ហើយចាប់ពីពេលនោះមកនាងក្លាយជាអ្នកបម្រើនាងកទ្រុ។ លុះក្រោយមកនាងវិនតាកើតបានកូនមួយជាសត្វគ្រុឌ។ គ្រុឌក៏ត្រូវស្តាប់បញ្ជានាងកទ្រុដែរ។ គ្រុឌសួរម្តាយថា ហេតុអ្វីបានជាត្រូវស្តាប់ពាក្យបញ្ជារបស់គេ។ នាងវិនតាប្រាប់កូនថា ខ្លួនចាញ់កលគេ ទើបក្លាយជាអ្នកបម្រើគេយ៉ាងនេះ។ ពេលនោះគ្រុឌសួរទៅនាគថា តើត្រូវធ្វើយ៉ាងដូចម្តេចទើបម្តាយខ្លួនមានសេរីភាពឡើងវិញ។ នាគប្រាប់ទៅគ្រុឌថា បើយកទឹកអម្រឹតមកឱ្យពួកគេផឹក ទើបម្តាយគ្រុឌនោះរួចខ្លួន។ គ្រុឌលាម្តាយទៅ លួចទឹកអម្រឹតពីស្ថានសួគ៌ ដែលមានពួកទេពនៅយាមយ៉ាងប្រុងប្រយ័ត្ន និងមានកងចក្រ វិលជុំវិញ ហើយមានពស់ពីរនៅចាំការពារផង។ តែទោះជាយ៉ាងណា ក៏គ្រុឌនៅតែអាច លួចយកបានដែរ។ ពេលត្រឡប់មកវិញ គ្រុឌជួបជាមួយព្រះឥន្ទ្រ។ ព្រះឥន្ទ្រឃើញគ្រុឌលួចទឹកអម្រឹតក៏ចោលនឹងដំបងពេជ្រ តែគ្រុឌធ្វើជាជ្រុះរោមមួយ ហើយប្រាប់ព្រះឥន្ទ្រថា ដំបងពេជ្រនេះមិនអាចធ្វើអ្វីខ្លួនបានទេ។ ក្រោយមកព្រះឥន្ទ្រសុំគ្រុឌធ្វើជាមិត្រ ហើយសុំគ្រុឌកុំឱ្យទឹកអម្រឹតទៅនរណាផ្សេង។ គ្រុឌព្រមតាម តែប្រាប់ថា ពេលខ្លួនយកទឹកអម្រឹតទៅដាក់នៅកន្លែងណា សូមឲ្យព្រះឥន្ទ្រទៅឆក់យកមកវិញភ្លាម។ ពោលដូច្នោះហើយព្រះឥន្ទ្រសប្បាយព្រះទ័យណាស់ ហើយពោលថា តើគ្រុឌចង់បានពរអ្វី លោកនឹងប្រទានឱ្យ។ ពេលនោះគ្រុឌសូមឱ្យនាគក្លាយជាចំណីរបស់ខ្លួន។ បន្ទាប់មកគ្រុឌយកទឹកអម្រឹតទៅប្រគល់ឱ្យនាគ ដោយដាក់លើស្បូវភ្លាំង ហើយប្រាប់នាគឲ្យទៅមុជទឹកជម្រះកាយសិនសឹមមកផឹក។ ពេលនាគទៅមុជទឹក ព្រះឥន្ទ្រក៏មកឆក់យកទឹកអម្រឹតទៅស្ថានសួគ៌វិញ។ ពេលត្រលប់មកពីមុជទឹកវិញ ពុំឃើញទឹកអម្រឹត ដោយស្តាយពេក នាគក៏នាំគ្នាលិទ្ធស្បូវនោះ បណ្តាលឲ្យរយះចុងអណ្តាតព្រែកជាពីរ។ រីឯស្បូវភ្លាំងវិញដោយបានប៉ះជាមួយទឹកអម្រឹតក៏ក្លាយជារបស់សក្តិសិទ្ធិ។ ចាប់ពីពេលនោះមកនាគទាំងអស់ក្លាយជាចំណីរបស់គ្រុឌ។

សរុបទៅ ក្បួនមន្ត្រអាគមនិងបាលីផ្សេងៗដែលខ្មែរចេះចាំមក ប្រហែលជាច្រើនណាស់ដែលមានប្រភពមកពីឥណ្ឌា ហើយដែលខ្មែរធ្លាប់ស្គាល់ពីបុរាណកាល។ វិធីបន្សាបពិសពស់នេះ គ្រាន់តែជាឧទាហរណ៍មួយបង្ហាញថាអ្វីមួយដែលស្តាប់ទៅហាក់ដូចជាគ្មានអ្វីជាជម្រៅសោះ តាមពិតបើស្រាវជ្រាវទៅឃើញថាអាចមានប្រវត្តិវែងឆ្ងាយ។