ដោយ ស៊ីយ៉ុន សុភារិទ្ធ
«ច្បាប់» ក្នុងន័យថាជាកាព្យដែលគេលើកសម្រាប់ទូន្មានប្រដែប្រដៅកូនប្រុសស្រីក្នុងរង្វង់គ្រួសារឬក៏ប្រជានុរាស្រ្តនៃនគរទាំងមូលមានច្រើនបែបយ៉ាងដូចយើងដឹងស្រាប់។ ការសិក្សាជ្រៅជ្រះក៏មានច្រើនមកហើយដែរ ហើយមួយភាគធំបង្អស់សុទ្ធសឹងធ្វើឡើងដោយអ្នកគ្រូពៅ សាវរស។ ជួនកាលច្បាប់ខ្លះពុំមានឈ្មោះដើមថាជា«ច្បាប់»ដូច្នេះទេប៉ុន្តែបើយើងពិនិត្យទៅឃើញថានៅក្នុងប្រភេទច្បាប់ប្រៀនប្រដៅនេះឯង។ ក្នុងចំណោមនោះមានច្បាប់មួយហៅថា បណ្តាំពាលី។ ឈ្មោះ«ពាលី» នៅត្រង់នេះបើគិតថាជាលេសក៏សឹងនឹងថាបាន ត្បិតអ្នកតែងហាក់ដូចជាឆក់យកឱកាសពីរឿងរាមកេរ្តិ៍ ត្រង់ឈុតពាលីមុននឹងស្លាប់ហើយផ្តែផ្តាំប្អូនកូននិងក្មួយឲ្យមានភក្តីព្រមទាំងមានអាកប្បកិរិយាត្រឹមត្រូវខ្លបខ្លាចព្រះរាជាគឺថាពាក្យបណ្តាំនោះពុំទាក់ទងអ្វីនឹងប្រការដែលខ្លួននឹងស្លាប់នោះឡើយ(អំពីរឿងពាលីស្លាប់នោះសូមមើលជំពូកទី៣, លេខរៀងទី៤៨)។
ម៉្យាងទៀតរបៀបបង្ហាញថាចាស់ផ្តាំក្មេងជំនាន់ក្រោយនេះធ្វើឲ្យយើងគិតទៅដល់សេចក្តីផ្តើមនៃច្បាប់កេរ្តិ៍កាលត្បិតនៅច្បាប់នោះគឺសេដ្ឋីម្នាក់ហៅកូនមកផ្តែផ្តាំ។ សូមឲ្យអ្នកអានអារម្មថានៅខាងចុងយើងឃើញអ្នកនិពន្ធឈ្មោះថា«មាស»ហើយមានឋានៈជា«ម៉ឺន»}។ខ្ញុំពុំហ៊ានអះអាងថាកាព្យនេះលើកឡើងនៅជំនាន់ណាឡើយតែគ្រាន់តែចាប់អារម្មណ៍ថាមានពាក្យចោមចក្រពង្សហរិរក្សព្រមទាំងព្រះហរីរក្សចក្រពេជ្រដែលអាចសំដៅទៅព្រះករុណាព្រះបាទអង្គឌួងដែលសោយរាជ្យនៅផ្នែកទី១នៃស.វទី១៩។ យ៉ាងណាក៏ដោយ ពាក្យកាព្យនេះគេចម្លងតគ្នាហើយច្បាប់ដែលខ្ញុំប្រទះនោះប្រហែលជាចម្លងនៅដើមស.វទី២០។ អក្ខរាវិរុទ្ធជំនាន់នោះពិបាកកាត់យល់ន័យនៃពាក្យនៅច្រើនអន្លើ។
ខ្ញុំយកមកបង្ហាញនៅទីនេះដោយដាក់ជាអក្ខរាវិរុទ្ធសម័យថ្មីតែពុំលែងមានខុសនៅកន្លែងនានាទេ។ ត្បិតមានពាក្យច្រើនដែលខ្ញុំពុំស្គាល់ន័យ។ អ្នកអានអាចនឹងយកទៅពិចារណាបានជ្រៅជ្រះជាងនេះ។