ដោយ អាំង ជូលាន
យើងស្គាល់ហើយន័យដែលខ្មែរយល់ទូទៅអំពីពាក្យថា “ចំណាំ” គឺថា ការព្យាយាមសង្កេតវត្ថុឬរឿងអ្វីមួយឲ្យ “ចាំ” ពុំឲ្យភ្លេច សម្រាប់ប្រយោជន៍ទៅថ្ងៃក្រោយ។ ន័យជាប់គ្នាមួយទៀតនោះសំដៅលើការទាញសេចក្តីសន្និដ្ឋានលើអ្វីមួយ ដែលផ្អែកទៅលើការធ្លាប់សង្កេតពីមុន មក។ ឧទាហរណ៍គេនិយាយថា “ញាក់ភ្នែកស្តាំចំណាំថាមានលាភ” ឬមួយដូចពាក្យចម្រៀង ថា “ខែចេត្រចូលឆ្នាំ តាមចំណាំ គេទៅលេងវត្ត...”។
នៅតាមសិលាចារឹកខ្មែរបុរាណ គេតែងប្រទះពាក្យ ចំនាំ ជាញឹកញាប់។ ជួនកាល យកពាក្យនេះទៅភ្ជាប់និង ពាក្យសំស្ក្រឹត កល្បនា ដែលមានន័យប្រហាក់ប្រហែលគ្នាផង ពោល គឺនិយាយថា ចំនាំកល្បនា ជាប់គ្នាដូច្នេះតែម្តង។ ទោះជាប្រើតែឯង ឬប្រើភ្ជាប់ជាមួយពាក្យសំស្ក្រឹត ក៏ពាក្យនេះតែងសំដៅទៅលើបទបញ្ញតិ ឬក្បួនច្បបា់ផ្ទៃក្នុងពាក់ព័ន្ធទៅនឹងរណ្តាប់ និងដង្វាយផ្សេងៗសម្រាប់ទេពនៅក្នុងប្រសាទណាមួយ ហើយដែលជាបញ្ញតិ ឬច្បាប់ប្រើតែក្នុងរង្វង់ប្រាសាទនោះឯង។ ឧបមាថា រណ្តាប់រៀបចំជារៀងរាល់ថ្ងៃសម្រាប់ទេពនៅប្រាសាទ “ក” អាចខុសគ្នាពីរណ្តាប់ដែលរៀបចំសម្រាប់ទេពនៅប្រាសាទ “ខ”។ មានន័យថា “ចំនាំ” នៅប្រាសាទ “ក” ខុសគ្នាពី “ចំនាំ” នៅប្រាសាទ “ខ”។ បើនិយាយតាមពាក្យសព្វថ្ងៃ អាចពោលថាជា “បទបញ្ជាផ្ទៃក្នុង” ក៏សឹងថាបាន។
ទាល់តែគិតដូច្នេះ ទើបយើងយល់ថា “ចំណាំ” មានន័យស្មើគ្នានិងពាក្យ “ប្រពៃណី”។ “តាមចំណាំរៀងមក” មានន័យថា “តាមប្រពៃណីរៀងមក”។ ហេតុដូច្នេះហើយ បានជាគេប្រើពាក្យ “ចំណាំ” និងពាក្យ “ប្រពៃណី” ក្នុងន័យដូចគ្នាក្នុងជំនឿលើខ្មោច ឬអមនុស្ស ៖
- មានខ្មោចឈ្នួរ ឬអារក្សម៉្យាងដែលគេហៅថា “ខ្មោចចំណាំ” ដ្បិតខ្មោចឬអមនុស្សដែលកាន់នរណាម្នាក់ជា “រូប” របស់ខ្លួនសម្រាប់ចូលនៅក្នុងពិធីអ្វីមួយ លុះអស់ពីរូបនោះទៅ ក៏ទៅកាន់នរណាម្នាក់ទៀតដែលនៅក្នុងខ្សែស្រឡាយជាមួយគ្នា។ ត្រង់នេះមានន័យថា “ខ្មោចចំណាំ” កាន់ខ្សែស្រឡាយណាមួយពីមួយជំនាន់មនុស្សទៅមួយជំនាន់មនុស្សមួយទៀត ពោលគឺកាន់ជា “ប្រពៃណី” រៀងមកដូច្នេះឯង។
- មាន “អាប” ម៉្យាង គេហៅថា “អាបប្រពៃណី” គឺថា ឆ្លងគ្នាផុតពីម្តាយទៅកូនស្រី, ផុតពីកូនស្រីទៅចៅស្រី...។ ត្រង់នេះ យើងឃើញថា ពុំមានខុសគ្នាអ្វីឡើយពីទំនៀមខ្មោចខាងលើដែលកាន់រូបតពីមួយជំនាន់ទៅមួយជំនាន់ឡើយ។
និយាយឲ្យខ្លីមកគឺ “ចំណាំ = ប្រពៃណី , តាមចំណាំ = តាមប្រពៃណី ”។