នៅព.ស.២៤៧៥ ត្រូវនឹងគ.ស.១៩៣២ ព្រះរាជបណ្ណាល័យ (ដែលក្រោយមកក្លាយជាពុទ្ធសាសនបណ្ឌិត្យ) បោះពុម្ពផ្សព្វផ្សាយកូនសៀវភៅមួយឈ្មោះថា “បែបពាក្យសក្រវាសម្រាប់ ឆ្នាំ១៩៣២” ព្រមទាំងបញ្ជាក់ក្នុងចំណងជើងតូចថា “ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស ទ្រង់ព្រះរាជនិពន្ធក្នុងឱកាសបុណ្យទ្វាទសមាសចុះផែរ នឹងសំពះព្រះខែ”។ ក្នុងនោះមានទំនុកពីរនិពន្ធដោយ ព្រះមហាក្សត្រ ព្រមទាំងទំនុកមួយចំនួនទៀតនិពន្ធដោយមុខមន្ត្រី និងកវីខ្លះទៀត។
នៅទីនេះយើងសូមលើកយកទំនុករបស់ព្រះករុណាដែលមានឈ្មោះថា “បែបពាក្យ សក្រវា”។ ទំនុកនេះមាន១៩ល្បះ, ជាបទពាក្យ៧, ប៉ុន្តែយើងពុំដឹងថាគេច្រៀងរបៀបម្តេច ហើយភ្លេងនោះមានឧបករណ៍អ្វីខ្លះឡើយ គ្រាន់តែស្មានបានថាជាគ្រឿងភ្លេងខ្សែ។ បើពិនិត្យឃ្លោងឃ្លាដ៏ពិរោះនោះឃើញថាគេចុះផែ៣យប់។ ម៉្យាងទៀត ក្រៅពីការបណ្តែតប្រទីបតាមកន្ទោង គេក៏ធ្វើប្រទីបដែលតុបតែងដោយអគ្គិសនីនៅលើកាប៉ាល់ដែរ។ រីឯពេលសំពះព្រះខែក៏ធ្វើនៅយប់ទី២ ពោលគឺយប់ពេញបូណ៌មីខែកក្តិកដូចដែលយើងបន្តធ្វើមកដល់សព្វថ្ងៃនេះឯង។