ច្បាប់ក្មេង

 

ដូចយើងដឹងស្រាប់ហើយ “ច្បាប់” ជាប្រភេទអក្សរសាស្ត្រមួយដែលតែងតែលើកឡើងមានចុងជួន ហើយដែលមាននាទីប្រដៅទូន្មានមនុស្សឱ្យមានការប្រុងប្រយ័ត្នក្នុងការងារស្រែចម្ការឬផ្ទះសម្បែងក្តី ឬមួយក្នុងឥរិយាបថដែលខ្លួនត្រូវមានជាមួយអ្នកធំអ្នកតូចក្នុងសង្គមក្តី។ បើរាប់ឱ្យអស់ថាច្បាប់មានចំនួនប៉ុន្មាននោះ ប្រហែលជាលំបាករាប់ណាស់ ព្រោះអាចមានច្បាប់តូចតាចដែលគេពុំស្គាល់ជាទូទៅដូចច្បាប់ខ្លះទៀត។ តែបើសួរថាប្រភេទច្បាប់ដែលខុសគ្នាទាំងប៉ុន្មាន តើគេស្គាល់អស់ហើយឬនៅនោះ យើងអាចឆ្លើយថាស្គាល់គ្រប់ប្រភេទហើយ។ ដូចយើងធ្លាប់ពោលមកហើយ នៅជំពូកទី៦ លេខរៀងទី១ (សាស្ត្រាក្តាម) ច្បាប់មួយចំនួនធំគ្រប់ប្រភេទ គឺសុទ្ធសឹងអ្នកគ្រូ ពៅ សាវរស បានសិក្សានិងផ្សព្វផ្សាយតាមសៀវភៅនិងទស្សនាវដ្តីនានាជាច្រើនភាសាផង។

ច្បាប់ដែលយើងយកមកចុះនៅទីនេះ បើគិតជាប្រភេទច្បាប់ ពុំមានអ្វីថ្មីឡើយ តែគួរឱ្យអ្នកផងទាំងពួងបានអានដែរ ត្បិតពុំទាន់ឃើញមានការផ្សព្វផ្សាយនៅឡើយ ទោះជានៅតែក្នុងរង្វង់ប្រទេសសុទ្ធសាធក៏ដោយ។ ការប្រៀនប្រដៅនៅទីនេះ គឺប្រៀនប្រដៅក្មេងវត្តដែលកំពុងរៀនអក្សរនិងវិជ្ជាផ្សេងៗ។ រីឯគ្រូនោះគឺគ្មាននរណាក្រៅពីព្រះសង្ឃឡើយ ព្រោះជំនាន់មុន វត្តអារាមនេះឯងហើយជាសាលារៀន។

ច្បាប់ដើមជាសាត្រាស្លឹករឹតដែលយើងបានប្រទះឃើញនៅវត្តខ្យា (តំបន់អង្គរប៉ែកខាងជើង) នោះ អក្ខរាវិរុទ្ធមិនទៀងទាត់ជាធម្មតា ដូចធ្លាប់ដឹងស្រាប់។ យើងយកមកដាក់តាមអក្ខរាវិរុទ្ធជាផ្លូវការវិញ ហើយម៉្យាងទៀត មានពាក្យមួយចំនួនតូចដែលអាចនឹងចារឡើងដោយច្រឡំខ្លះនោះ យើងបានកែសម្រួលតាមការដែលយល់ថាត្រូវវិញ។ មានតែមួយកន្លែងនោះ គឺដើមឃ្លានៃល្បះទី១៤ គេចាររំលង បានជាយើងទុកចន្លោះចោល ដោយពុំអាចស្មានថាអ្វីឱ្យត្រូវ។ រីឯនាមអ្នកចារចម្លងព្រមទាំងថ្ងៃខែចារចប់នោះ គឺមាននៅទីបញ្ចប់ស្រាប់។

នេះសាត្រាច្បាប់ក្មេង

១. នេះគឺច្បាប់ក្មេង      លោកគិតតាក់តែង           ចងជាសត្រា

ឱ្យអស់គ្រប់ខ្លួន           ថែថួនឧស្សាហ៍            តាមច្បាប់នេះណា

កុំបីមើលងាយ។

២. ហៃអស់ក្មេងផង     យកកាណ៌ទាំងសង           ចូរស្តាប់អភិប្រាយ

គ្រូលោករកហៅ         កុំទៅលេងឆ្ងាយ            ធ្វេសធ្វើរាយមាយ

ហាក់ពុំកោតគ្រូ។

៣. ទោះលោកវាយដំ  ឱ្យប្រឹងខិតខំ               ឯងកុំមូទូ

សង្វាតសូត្ររៀន         របៀននឹងគ្រូ               នមោកខ

តាមដោយប្រាជ្ញា។

៤. លោកមិនបន្ទោស   បើខ្ជិលច្រអូស             នោះឯងលោកថា

ក្រែងត្រូវរំពាត់            លំបាកអាត្មា               ត្បិតពុំឧស្សាហ៍

គំនិតខ្លួនឯង។

៥. បើត្រូវលោកវាយ   ឯងទៅប្រាប់ម្តាយ                      ថាលោកពុំឈ្វេង

លោកគ្រូនេះកាច       កំណាចនឹងក្មេង                       លោកវាយតែឯង

ខ្ញុំគ្មានខុសទេ។

៦. បពិត្រអ្នកម៉ែ          កូនរៀនសព្វថ្ងៃ                       មិនឱ្យទំនេ

ម្តេចឡើយលោកគ្រូ     លោកវាយលោកជេរ           ស្អប់ខ្ញុំជាងគេ

លើសអស់សិស្សផង។

៧. រីឯមាតា                ស្តាប់កូនចរចា            ដំណើរដើមទង

កើតខឹងក្រេវក្រោធ     ពិរោធមានហ្មង                      នឹងកើតទោសឆ្គង

ដោយសារខ្លួនខ្លៅ។

៨. ធម្មតាអ្នកជា          អ្នកមានប្រាជ្ញា            មិនដែលដូច្នោះ

ពុំយកពាក្យកូន          សព្វសូន្យអសុរស           ដឹងបុណ្យសក្តិយស

ទូន្មានប្រដៅ។

៩. កូន្នើយមាត្រា         ច្បាប់រៀនធម៌អាថ៌           លោកតែងពោលជេរ

មិនឱ្យអាក្រក់             មានមុខហ្មងសៅ                      កុំបាឃោឃៅ

ទាស់ពុទ្ធដិកា។

១០. កូនកុំអល់អែក     ធ្វើចេះជាងពេក                      លើសលោកវិញណា

កុំបាទូលទាស់            ក្នុងពុទ្ធដិកា                មិនដាក់សិរិសា

ស្តាប់យកពាក្យនេះ។

១១. បារៀនឱ្យចេះ      គ្រាន់ពឹងចំណេះ           លើកមុខសន្តាន

លើកមុខអ្នកម្តាយ       ឪពុកបាបាន               ច្បាប់គ្រូទូន្មាន

មិនឱ្យអាក្រក់។

១២. ទោះគ្រូប្រដៅ      ជេរពោលរកហៅ           កុំបាតក់មក់

ធ្វើចិត្តឱ្យត្រង់             កុំពោលកុហក់            ប្រែខ្នងសម្លក់

ក្រញើងតវិញ។

១៣. គ្រូលោកទូន្មាន   ទីទៃគ្រប់ប្រាណ           អស់សិស្សនោះមិញ

លោកមិនមានស្អប់      មិនមានស្រឡាញ់           លោកជួយបំពេញ

ថ្កើងកេរ្តិ៍ឈ្មោះម្តាយ។

១៤. ..................         ថ្កើងកេរ្តិ៍ឪពុក            សន្តានជិតឆ្ងាយ

ត្បិតបានបាឯង           ជាអ្នកប្រាជ្ញប្រាយ           ញាតិផងទាំងឡាយ

ពឹងពាក់អាស្រ័យ។

១៥. បើបាធ្វើកាច       គ្រូឯងមិនខ្លាច            លោកជេរពោលវាយ

កុំឯងប្រកែក              ជជែកតថ្លៃ                 ព្រះគុណថ្លាថ្លៃ

ប្រដៅឱ្យផ្លូវ។

១៦.  ចាប់ពីម្តាយផ្តាំ    ដាក់ទុកលាំទាំ            និងលោកជាគ្រូ

កុំបាឯងឱង                ធ្វើកាចមូទូ                 កោតខ្លាចលោកគ្រូ

ដូចពាក្យម្តាយថា។

១៧. ទោះលោកគ្រូឆាន់         អង្គុយខ្នាប់ខ្នាន់     គង់គល់ត្រៀបត្រា

កុំដើរលេងឆ្ងាយ                    រាយមាយឡើយណា          មើលហិបឆាកស្លា

ដងទឹកផ្គត់ផ្គង់។

១៨. ពេលគ្រូឆាន់ព្រឹក            ស្ររៀបរអឹក                       វេលាថ្ងៃត្រង់

រៀបតាមលំដាប់                    លោកគ្រូព្រះអង្គ                បំរើអស់សង្ឃ

បរិស័ទក្នុងវត្ត។

១៩. ចូរបាឯងអាច      លំទោនកោតខ្លាច            គោរពប្រណិបត្តិ

អស់លោកគ្រប់អង្គ      គង់ជាបរិស័ទ             ប៉ុន្មានក្នុងវត្ត

កោតខ្លាចទាំងអស់។

២០. បាខ្លាចតែគ្រូ        អស់លោកមូទូ            ស្រដីទ្រគោះ

នឹងមានដំនៀល         ដៀលដល់ម្តាយនោះ            និងអាស្រូវឈ្មោះ

ពីលោកទាំងឡាយ។

២១.ថាកូនអ្នកណា      ប្រដៅជេរថា               ឱ្យបង់ប្រាជ្ញប្រាយ

ប្រដៅថាទៅ               ប្រែជាមាក់ងាយ            កេរ្តិ៍ឈ្មោះដល់ម្តាយ

កូន្នើយពុំជា ។

២២. បើបាធ្វើច្នោះ       និងកើតអាប់យស             កេរ្តិ៍គេនិន្ទា

មិនចេះខ្លាចក្រែង        ចាស់ទុំរាល់គ្នា            ក្នុងច្បាប់លោកថា

ហៅប្រុសអន្ធពាល ។

២៣. ធម្មតាជាប្រុស    មិនឱ្យអាប់យស             ត្រង់ច្បាប់ធ្ងន់ស្រាល

ឱ្យដឹងខុសគាប់           កុំត្រាប់មនុស្សពាល            វានាំត្រអាល

ខូចខ្លួនអាសារ។

២៤.បាខំចេញបួស      បំពេញព្រះផ្នួស             ក្នុងពុទ្ធសាសនា

នឹងនាំយកម្តាយ         ឪពុកនៃបា                 នូវញាតិកា

ប្រាំពិលសន្តាន។

២៥.បាខំប្រឹងរៀន       ទាំងអស់របៀន             ចំណេះបាបាន

អក្សរសត្រា                ធម៌អាថ៌ប៉ុន្មាន             ទេសនាទូន្មាន

ប្រោសម្តាយនោះផង។

២៦.ខ្លួនម្តាយជាស្រី     ពឹងបុត្រពិសី               ឱ្យអ្នកចម្លង

ម្តាយរួចពីទុក្ខ             សមុទ្រឆ្លះឆ្លង            បានរួចរំលង

ដល់ត្រើយនិព្វាន។

២៧. មានតែអ្នកផ្នួស  ត្បិតបាបានបួស             បំពេញសិលទាន

ក្នុងពុទ្ធសាសនា          ចម្លងម្តាយបាន            ផលអ្នកជាស្ពាន

រួចដល់ត្រើយនាយ។

២៨. ម្តាយសង្ឃឹមបា   ជាបុត្រសង្សារ            ប្រសើរពន្រាយ

ត្បិតបានបាឯង           ជាអ្នកទៅឆ្ងាយ             ហៅមហាទូលាយ

លើសលែងលោកីយ។

២៩. កូន្នើយលោកថា  បួសក្នុងសាសនា            មិនឱ្យអប្រីយ៍

ប្រុងរៀនអក្សរ            ធម៌អាថ៌បាលី             តាមព្រះជិនស្រី

ទេសនាទូន្មាន។

៣០. បើបួសជាសង្ឃ  រៀនធម៌ឱ្យប្រុង           គ្រាន់សូត្រនិងគេ

កុំឱ្យអាប់មុខ               រកធម៌សូត្រគ្មាន            (ឧ)បាសកប៉ុន្មាន

ក្រែងគេនិន្ទា។

៣១. គេថាច្នេះច្នោះ    ចំពោះត្រង់ណោះ            ត្រង់នាមអាត្មា

មកបួសនិងគេ            មិនចេះធម៌អាថ៌             សូត្រធម៌កុសលា

បាំងផ្លិតទទេ។

៣២.ពិស្តារតិរោក       គេសូត្រកោកៗ             ឯងធ្វើព្រងើយ

ត្រឡប់ត្រឡិន            មិនប៉ិនដូចគេ             បាំងផ្លិតទទេ

បែកញើសគឃរ ។

៣៣.បាអើយច្បាប់នេះ បើធ្វើដូច្នេះ               ម្តាយមិនត្រេអរ

ត្បិតបាមកបួស           មិនសូវកុះក               ធម៌អាថ៌អក្សរ

បាមិនសូវស្ទាត់ ។

៣៤.ទៅរៀននឹងគ្រូ     បើលោកមូទូ               បាឯងបានចិត្ត

លុះដល់លោកវាយ     ថាមិនអាណិត            បណ្តោយតាមចិត្ត

ខូចខ្លួនមិនចេះ។

៣៥. ទោះគ្រូប្រដៅ     ជេរពោលរកហៅ             កុំឯងធ្វើក្រអេះ

ដល់ខ្លួនរៀនទៅ          ពុំសូវបានចេះ             អាប់ឱនចំណេះ

ខ្មាស់គេឬទេ។

៣៦. កាលលោកខិតខំ ចង់ឱ្យបានធំ             មុខមាត់នឹងគេ

ត្បិតលើខ្លួនឯង           ពុំឈ្វេងរិះរេ               ព្រោះតែលោកជេរ

ខឹងនិងលោកវិញ។

៣៧.ហៃកូនពិសី        ច្បាប់នេះក្រក្រៃ            លោកជួយបំពេញ

ចង់ឱ្យមានឈ្មោះ        កេរ្តិ៍យសនោះមិញ             ឱ្យគេស្រឡាញ់

រាប់អានគ្រប់គ្នា។

៣៨.ម្តេចឡើយបាឯង  មិនកោតខ្លាចក្រែង             ខុសនិងមាត្រា

កោតគ្រូបាធ្យាយ        ស្វាធ្យាយឧស្សាហ៍           ខំរៀនធម៌អាថ៌

តាមគ្រូប្រដៅ ។

៣៩. កោតថាមិនចេះ  វាគ្មានចំណេះ             បន្ទោសថាខ្លៅ

មិនដោយទូន្មាន         គ្រូលោកប្រដៅ             ខ្លួនឯងឆោតខ្លៅ

ពុំស្តាប់ពុទ្ធដិកា ។

៤០.បាអើយក្រវើន       ថែទាំដាស់តឿន                        ទាំងអស់គ្នីគ្នា

ម្តាយផ្តែផ្តាំបុត្រ           បរិសុទ្ធពុំងា                រៀងរួចដល់មហា

បរមនិព្វានហោង។

 

ចារចប់នៅព្រឹកម៉ោង៧ ថ្ងៃពុធ ៦រោជ ខែភទ្របទ

ព.ស.២៥៤២ គ.ស. ១៩៩៨។ សាមណេរ ចាប  ចារមិនបានស្អាតទេ ព្រោះទើបរៀនចារទេ។

បើសិនតែខុសអក្ខរាត្រង់ណាសូមជួយកែចែកខ្ញុំព្រះករុណាផង ។  សាមេណរ ចាប នៅភូមិគោកស្នួល បានចារច្បាប់ក្មេងមួយខ្សែទុកសម្រាប់វត្តខ្នារ។