ដោយ ស៊ីយ៉ុន សុភារិទ្ធ
ដូចយើងដឹងស្រាប់ ឧបករណ៍នេសាទត្រីមានច្រើនបែបយ៉ាងណាស់ ហើយប្លែកគ្នាពីតំបន់មួយទៅតំបន់មួយទៀតផង អាស្រ័យដោយបរិស្ថាន ព្រមទាំងទម្លាប់អ្នកស្រុកទៀត។ យកតែឧបករណ៍ខ្នាតតូចបំផុតមកនិយាយក៏ឃើញថាមានច្រើនមុខណាស់ទៅហើយ ត្បិតអ្នកស្រុករិះរកល្បិចគ្រប់បែបយ៉ាងដើម្បីចាប់មច្ឆាជាតិជាអាហារប្រចាំថ្ងៃនៅតាមអូរ, តាមត្រពាំង, ស្រែជាដើម។ មច្ឆាជាតិទាំងនោះមានដូចជាត្រីធំតូច, ក្តាម, ខ្យង, កង្កែប, អន្ទង់, ពស់៘ ឧបករណ៍ខ្លះមានជាប់ក្នុងវោហាសម្តីមនុស្សផង ឧទាហរណ៍ កាលណាគេនិយាយថា “ជាប់ជុច” មានន័យថា ចូលខ្លួនទៅក្នុងស្ថានភាពមួយដែលរើថយក្រោយវិញពុំរួច។
ជាធម្មតាគេធ្វើជុចពីវល្លិម៉្យាងហៅថា វល្លិជុច ប៉ុន្តែអាចយកវល្លិអ្វីខ្លះទៀតមកជំនួសបានដែរ ហើយជាទូទៅនោះ ទំហំជុចមានត្រឹមតែឱ្យត្រីធំល្មមមួយរុលចូលជាប់បាន(រូបលេខ១-២)។ ប៉ុន្តែនៅតំបន់ខ្លះ ដូចជានៅខេត្តឧត្តរមានជ័យជាដើម មានឧបករណ៍ម៉្យាងរូបរាងដូចជុច តែវែងហើយធំជាងនោះ អាចឱ្យត្រីរុលចូលបន្តគ្នាបានពីរឬបីផង។ គេមិនហៅថាជុចទេ គឺហៅថា “លាយ” (រូបលេខ៣)។ ត្រីដែលរុលចូលទៅហើយ ពុំត្រឹមតែថយក្រោយពុំបាន ដោយសារប្រព័ន្ធដែលរៀបចំមកនោះធ្វើឱ្យក្រឡាជុចរឹតរួតប៉ុណ្ណោះទេ បើចូលទៅក្នុងលាយនេះវិញ គឺមានបន្លាជាងៀងទាក់ខ្លួនថយមិនបាន ត្បិតរុក្ខជាតិដែលយកមកធ្វើលាយនេះ ជាខ្សែបណ្តោយគឺធ្វើពីដៃផ្តៅ សុទ្ធសឹងមានបន្លា (រូបលេខ៤) ឯខ្សែទទឹងធ្វើពីវល្លិទ្រូ។
ពោលឱ្យខ្លីមក លក្ខណៈពិសេសនៃជុចនោះពុំមែននៅត្រង់ថាចូលហើយ រកច្រកចេញពុំបានដូចជានៅក្នុងទ្រូឬលបនោះទេ តែគឺជាប់រឹតរួតខ្លួនរលាស់ថយតែបន្តិចក៏ពុំបាន បើរុលកាន់តែខ្លាំងកាន់តែជាប់។ នេះហើយហៅថា “ជាប់ជុច”។
អ្នកស្រែដែលបង្កើតឧបករណ៍ទាំងអម្បាលម៉ាន ពិតហើយថាគោលបំណងធំនោះ គឺសម្រាប់យកទៅប្រើប្រាស់ដើម្បីសម្រួលជីវភាពប្រចាំថ្ងៃ ប៉ុន្តែជួនកាល វត្ថុមួយដែលពុំគួរអ្វីនឹងកន្ត្រាក់អារម្មណ៍សោះ ក៏នាំអាទិ៍ឱ្យមានការដុះដាលខាងវប្បធម៌ ឬអក្សរសាស្ត្រដែរ។ ឧទាហរណ៍មួយដែលជាក់ស្តែង គឺ “សាស្ត្រាជុច” ដែលជាកំណាព្យយ៉ាងវែងនិយាយពីការអួតអាងរបស់ត្រីមួយ ដែលប្រមាទការក្រ ហើយទៅជាប់ខ្លួនក្នុងជុច។ កំណាព្យនេះ ពីមុនមកនរណាក៏ស្គាល់ដែរ ពុំចាំបាច់តែរៀននៅវត្តទេ គឺនៅតាមសាលារៀនរដ្ឋក៏ដូចគ្នា។ ជាទូទៅយើងធ្លាប់ស្គាល់កំណាព្យសាស្ត្រាជុចនេះបែបតែមួយ ប៉ុន្តែជាការចៃដន្យខ្ញុំបានពើបប្រទះនឹងសាស្ត្រាជុចមួយបែបទៀត ដែលក្នុងនោះមានស្រង់យកល្បះច្រើនពីច្បាប់ដែលគេស្គាល់ទូទៅ ហើយមានបន្ថែមល្បះផ្សេងជាច្រើនទៀត ដោយសារសាច់រឿងពុំត្រឹមតែនិយាយពីត្រីជាប់ជុចទេ គឺមានបន្ថែមមានយាយតាប្តីប្រពន្ធតាំងពីដើមដល់ចប់។
ដំណើរដំណាល ដំណើរពីកាលព្រេងនាយ
មានជានិយាយ ពីត្រីនិងជុចនោះណា។
គួរឱ្យឆ្ងល់ពេក ជុចចេះជជែកចរចា
តែត្រីមិនថា នោះបទវាមានរូបកាយ។
ឯជុចនោះតើ មនុស្សផងគេធ្វើនាយអាយ
ផ្តៅវល្លិ៍ឆ្វាក់ឆ្វាយ ប្រទាក់ប្រទើសទេតើ។
មិនគួរនឹងមាន រូបរស់វិញ្ញាណប្រសើរ
ចេះដឹងដំណើរ ដំនៀលទំនៀមត្រីវិញ។
ពាក្យពីបុរាណ នោះលោកនិទានមែនមិញ
សម្តែងចែងចេញ អំពីព្រះព្រហ្មលោកា។
កាលករផែនដី កើតមនុស្សប្រុសស្រីផងណា
បក្សីបក្សា ក៏សឹងតែចេះស្រដី។
ហេតុដោយអំណាច ព្រះព្រហ្មឯងអាចជប់ខ្មី
សព្វសត្វអ្វីៗ ឈើព្រៃសឹងចេះចរចារ។
ហេតុបទនោះហោង កុំឱ្យអ្នកផងសង្កា
សន្ទិះក្នុងចិត្តចិន្តា មិនមានដូចពាក្យលោកថ្លែង។
ដំណើរៀងរាប លោកលើកជាកាព្យល្បើកល្បែង
យូរមកអង្វែង ទើបតែងជាពាក្យវោហារ។
ពីព្រេងមកច្បាស់ មែនមានតាចាស់មួយណា
កបនៅភរិយា តែងនឹងនេសាទត្រីផង។
ធ្វើអស់លបលាយ ចាក់ជុងសពសាយរាយមង
ទាំងឈ្នាងអន្ចង ជញ្ជាត់ចិញ្ចឹមអាត្មា។
រូបអាក្រក់ក្រៃ ហាក់ពុំវិស័យមនុស្សា
មើលមុខដូចស្វា ស្រម៉ូវស្រមូមស្កូវស្កាញ។
ទោះហាស្រដី នឹងឆីចំណីបូញបាញ
ឆ្មេញសោតស្ញេញស្ញាញ ប្រជិបប្រជួសពីរបី។
សក់សោតក្រញាញ់ ក្រញេសរួញរេញសិរសី
មុខមាត់ខ្ញូវខ្ញី សម្តីខ្លាំងខះសោះសារ។
សព្វថ្ងៃសង្វាត ស្វះស្វែងនេសាទមច្ឆា
បានមកហើយណា រើសរកស្រាល់តែធាត់ធំ។
ធ្វើញាំភ្លាសា ទើបទៅទិញស្រាមកជុំ
ផឹកស៊ីពិតពុំ មិនលោះដល់មួយវេលា។
មានទាំងសម្ល សុទ្ធសឹងខួខញាំភ្លា
ស៊ីផឹកជុំគ្នា ស្រេចទៅរួសរកនេសាទ។
អ្នកខ្លះដាក់លប រកស៊ីរបបដោយខ្នាត
ខ្លះសោតសង្វាត ដាក់លាយរាយមងទីទៃ។
ឯចាស់អប្បលក្ខណ៍ ស្វះស្វែងដើរដាក់ជុចនៃ
គយគន់រំពៃ រំពឹងរកច្រកជ្រលង។
ដោយបឹងដោយវាល ត្រង់ណាមានជ្រាលត្រីពង
គាត់ស្គាល់គន្លង កន្លែងត្រីតែងយាត្រា។
ឃើញស្រេចគាត់ស្រាស់ រាយជាសម្រាស់ហើយណា
ដាក់ស្រេចផ្តាំថា វ៉ើយជុចឯងខំប្រឹងប្រាណ។
សម្ងំមើលត្រី ឃើញវាមកខ្មីចូលថ្កាន
ឯងរួបឱ្យបាន កុំឱ្យបម្រាសរួចឡើយ។
ដាក់ស្រេចគយគន់ យល់ថ្ងៃទៀបទន់ទៅហើយ
ពិតពុំលង់ឡើយ វិលទៅលំនៅអាត្មា។
ងូតទឹកស៊ីបាយ សើចលេងក្អាកក្អាយចរចា
ចំអន់ភរិយា យើងភ្លាស្អែកទៀតឱ្យបាន។
ចំណាំអញថា ស្អែកបានត្រីប្រាមិនខាន
ជុកសោតគង់បាន ត្រីឆ្តោគ្រាន់ស្ងោរក្បាលវា។
ប្រពន្ធស្រដី បើឯងរកត្រីមកភ្លា
អញឯងធានា និងរកបេះម្ជូរក្រូចឆ្មារ។
អំពិលសណ្តាន់ រឿយៗវាទ្រាន់ធុញទាល
មិនដូចក្រូចឆ្មារ ជូរជ្រះស្រលះជើងធ្មេញ។
ប្តីនិងប្រពន្ធ ជំអកចំអន់លងលេង
ឯដូនចាស់មិញ ក្រោកចេញទៅរៀបក្រយា។
បាយទឹកចំណី លើកមកឱ្យប្តីពិសា
មានសព្វប្រការ ខួខសម្លសាអាំង។
ចំណីគ្រប់មុខ មានទាំងកំប៉ុកស្រាខ្លាំង
ដាក់ថ្នាំសម្រាំង ចម្រើនកម្លាំងឱ្យប្តី។
ចាក់ជាត់ហុចហ៏ ប្តីទទួលអរផឹកខ្មី
ដៃលូកចាប់ត្រី អាំងសាបជ្រលក់ទឹកគ្រឿង។
ស៊ីហើយផឹកផង ស្រវឹងកន្លងងោកងឿង
សស្រឹមសៀវស្រឿង ភ្នែកលឿងក្រហមមុខងាំង។
ប្រវារកភ្លា លូកដៃចាប់ពាត្រីអាំង
ធ្វើមុខមីងមាំង ទាររកត្រីអាំងងាន់ខ្លាញ់។
ហើយហុតសម្ល សម្លឹងរកខត្រីក្រាញ់
គង់តែមិនឆ្ងាញ់ ស្រលាញ់តែជ្រួកសណ្តែក។
លើកកនិងស៊ី មើលមុខមមីធ្មេចភ្នែក
ពាក្យក្អេងជជែក ថាស្អែកមាសបងកុំភ័យ។
បងធានាប្រាណ រកត្រីឱ្យបានពីព្រៃ
ឱ្យប្អូនមាសមៃ រកក្រូចនិងគ្រឿងទុកទៅ។
ថាហើយងោកងប់ ដល់ដួលជ្រុលជ្រប់លើភ្លៅ
ប្រពន្ធគ្រាទៅ ដាក់ក្នុងដំណេកនិន្ទ្រា។
អង្គុយងាកបក់ លុះប្តីដេកលក់យូរយារ
ប្រាស់ប្រាណប្របគ្នា លង់លក់ស្រមុកទីទៃ។
រីដំណើរនេះ យើងនឹងទុកស្លេសក្សិននៃ
នឹងថ្លែងស្រដី ឯត្រីត្រេចត្រង់យាត្រា។
បរបទនិទាន កាលនោះមែនមានមច្ឆា
ត្រីឆ្តោមួយណា បណ្តើរនូវកូនច្រើនក្រៃ។
កូនតូចៗលន់ ទើបនឹងប្រប៉ុនមេដៃ
ហិចហែលច្រៀវច្រៃ រកស៊ីដោយដងមាត់បឹង។
ប្រមាណមួយស្រែ ច្រើនក្រៃឥតឯថ្លែងថ្លឹង
ហែលហក់សម្រឹង សម្រាកពួននឹងសម្រាម។
ខ្លះហែលមុនមេ ឆ្ងាយទៅលលេប្លេមប្លាម
មេមុជទៅតាម ប្រកិតប្រកៀងនាំមក។
ជួនកាលភ្ញាក់ផ្អើល រសេចរសាចច្រៀវជ្រក
ពឹងពួនក្រោមចក សំកាំងសំកុកចាំមេ។
រំពៃរារេ ឃើញមេមុជមកជុំគ្នា។
តែងនឹងប្រយ័ត្ន មិនឱ្យអស់សត្វពាទ្ធា
នាំកូនលេលា ហិចហែលរិះរកភោគ្តា។
ដោយដងមាត់បឹង ខ្ញៀវខ្ញារទ្រហឹងត្រៀបត្រា
សប្បាយចិន្តា ឥតឯនឹងមានសៅហ្មង។
ហេតុកម្មមច្ឆា នឹងឱ្យអាសារនេះម្តង
ទាំងអស់កូនផង ហិចហែលដោយដងជលសា។
ដំណើរដំនង ដំណើរត្រីផងយាត្រា
ពើបនឹងជុចណា ត្រីស្រែកថាវ៉ឺយចៀសចេញ។
ជុចថាយ៉ើត្រី ម្តេចឯងស្រដីច្នោះមិញ
ហៅហ៊ានបណ្តេញ ឱ្យអញជៀសចេញពីផ្លូវ។
ឯងនេះហៅកាច ចិត្រចោរកំណាចពេកកូវ
ខុសច្បាប់ពុំត្រូវ ឱ្យអញជៀសឯងវិញណា។
បើចិត្រឯងមាន មុះមកបំពានពុះពារ
អញនេះមិនរា មិនរួញមិនរត់ខ្លាចឯង។
មិនដឹងដៃជុច ចំណាប់ចំណុចលើសលែង
ឥតកោតឥតក្រែង រអែងមិនខ្លាចតតាំង។
ត្រីថាអិះអើ ប៉ើងរើងទេតើម្តេចខ្លាំង
អួតមានកម្លាំង មករាមករាំងនៅផ្លូវ។
តែខំអញស្ទុះ ទម្លាយទម្លុះឥឡូវ
អញនេះមិនសូវ កោតខ្លាចនរណាឡើយហោង។
ជុចថាបើច្នោះ អញ្ជើញមកចុះលងម្តង
ឱ្យយល់នេះបង រិទ្ធីតេជះតេជដៃ។
ត្រីស្ទុះភ្លាមចូល ក្នុងជុករមួលហើយនៃ
ជំពាក់ក្រក្រៃ រើខ្លួនពុំរួចចេញឡើយ។
ជុចថាអើចៅ ម្តេចម្តងហាក់នៅកន្តើយ
ស្ងៀមស្ងាត់ព្រងើយ បំណាច់អាងអួតចេស្តា។
ថ្វើមិនទម្លុះ ទម្លាយទៅចុះត្រង់ណា
ដាច់ដាចមិនថា សឹមតាគាត់ជួសជាថ្មី។
ត្រីឮជុចថា ខំស្ទុះបំពារទៅខ្មី
រឹងអស់ឥន្ត្រីយ មិនមានរបូតឡើយណា។
រឹតរួតមាំមួន ទើបត្រីភ្ញាក់ខ្លួនគិតថា
ឱសឱអនិច្ចា អាត្មាអញខំក្សិនក្ស័យ។
ទើបត្រីអង្វរ ទៅជុចពាក្យល្អថាហៃ
អ្នកជុចម្ចាស់ថ្លៃ អ្នកកើយអាណិតលែងខ្ញុំ។
រីពាក្យពីមុន ខ្ញុំថាជាស៊ុនពុំសម
យល់ខុសខាងខ្ញុំ ពាក្យធំប្រាកដមែនហើយ។
ព្រោះខ្លួនល្ងង់ខ្លៅ មិនយល់រាក់ជ្រៅទេឡើយ
ជួល្ងង់ឥតត្រើយ មកឆ្លើយប្រលងអាងអួត។
ខ្ញុំនេះឆោតក្តាត់ ឧបមារដូចសត្វត្រកួត
ម្តេចឡើយហ៊ានអួត ប្រកួតប្រលងនឹងឆ្កែ។
ប្រុងប្រាណចំអើត ចំកោងខ្នងខ្ទើតក្រអែ
មិនដឹងអីឆ្កែ សង្កត់កលេងខាំទៅ។
កលមួយដូចសត្វ កណ្តូបតូចក្តាត់ខ្មួលខ្មៅ
ឃើញភ្លើងច្រាលឆ្អៅ ម្តេចឡើយហើរទៅលុតភ្លើង។
ឈួលឆេះអស់ស្លាប រលីងរលាត់ដៃជើង
មិនដឹងអីភ្លើង ក៏ហ៊ានចចើងចូលទៅ។
ខ្លួនខ្ញុំនេះណា ហៅពេញជាមហាឆោតខ្លៅ
អាណិតខ្ញុំទៅ បើកលែងយកបុណ្យបរលោក។
ជុចថាបុណ្យៗ ឯងអួតពីមុនកកោក
ឥឡូវម្តេចមក បន្ថោកបន្ថយអាត្មា។
ពោលពាក្យឱ្យចាក បើកលែងឯងចេញមិនថា
ចាំម្ចាស់អញណា គាត់យកទៅលែងក្នុងឆ្នាំង។
ត្រីឮដូច្នោះ រឹងរឹតថែមថប់ស្លន់ស្លាំង
ភិតភ័យភ័នភាំង អង្វរទៅជុចទៀតថា។
អ្នកជុចអម្ចាស់ កុំមានប្រសាសន៍ច្នោះណា
ឱ្យអ្នកមេត្តា កុំចាំម្ចាស់អ្នកគាត់មក។
ជុចថាម្ចាស់អញ ចិត្រគាត់ស្រលាញ់រិះរក
គ្រឿងគ្រៅគ្រប់មក ម្ជូម្ចត់ទុកដាក់។
ខ្លួនខ្ញុំនេះណា បានឮគាត់ថាចង់គ្រាក់
សាច់សោតប្រលាក់ អំបិលធ្វើងៀតទុកទៅ។
ឱ្យតែក្រៀមល្អ គ្រាន់ស៊ីបបរក្តៅៗ
ស្រស់ស្រូបតទៅ រិះរកនេសាទនាយអាយ។
ម្ចាស់អញគាត់ថា ក្បាលឆ្តោពិសាចូលបាយ
ស្ងោរជ្រក់ម្ជូរស្វាយ ហើយដាក់ម្ទេសផ្សំផង។
បើស៊ីឱ្យល្មម អស់បាយមួយគោមជាម្តង
កូនមកស្ទាបខ្នង មិនដឹងថាជារុយទុំ។
ត្រីស្តាប់ពាក្យជុច ថាឥតក៏កុចស្ទើរយំ
ដកដង្ហើមធំ ខះខំឆ្លាស់ឆ្លើយទៅថា។
អ្នកជុចម្ចាស់ថ្លៃ សាច់ខ្ញុំនេះនៃពិសា
ពិតហើយគេថា ស៊ីកូវមិនសូវឆ្ងាញ់ទេ។
បើឆ្ងាញ់បាយ ដាច់នៅជើងក្រាយជាងគេ
ឯទៀតគ្មានទេ នឹងយកមកផ្ទឹមពុំបាន។
ឯខ្ញុំជាឆ្តោ ទោះអាំងទោះស្ងោរមែនមាន
ដោយសារវាឃ្លាន ឆីហើយក៏ពិសា។
មិនច្នោះទេ បើនឹងគ្នេរដោយថា
ពងពាក់សង្វារ នោះយល់ឆ្ងាញ់ជាជាងជ្រក់។
ប៉ុន្តែគឺមោះ ដាក់នៅក្នុងពោះកូរគ្រូក
រត់ឆាប់ដៃលូក ដកក្បិនប្រញាប់ទើបបាន។
បើខំអង្គុយ បង្អង់សមរុយរោមប្រាណ
ហៀរហូរមិនខាន ម្រមាណលើសពងកន្ធរ។
ហេតុនេះខ្ញុំថា សាច់ពុំពិសាកុំយ
ពងសោតនាំ វ ហៀរហូរពុំជាឡើយនៃ។
បើចង់ពិសា សាច់ត្រីឯទៀតឆ្ងាញ់ក្រៃ
អ្នកកុំសង្ស័យ សាច់ខ្ញុំនេះសាបទេនៃ។
ជុចថាហៀរហូរ មិនចេះស្ទុះចូលរកព្រៃ
ត្រង់នោះកុំភ័យ តែឬស្លឹកគ្រៃផឹកបាត់។
បើវាហៀរខ្លាំង ទៅយក(ឫស)រាំងមកកាត់
ជា៧កំណាត់ ស្ងោរផឹកទៅបាត់ជាម្តង។
ឥឡូវសម្រេច រកស៊ីតែសាច់ទេហោង
ពុំបានស៊ីពង តែសាច់ទេហោងកុំភ័យ។
ទើបត្រីឆ្លើយថា បើចង់ពិសាមែននៃ
យល់ពុំប្រពៃ សាច់ខ្ញុំនេះសាបសោះទេ។
ឆ្ងាញ់អ្វីត្រង់ណា ខ្ញុំមិនមុសារវៀចវេរ
ត្រង់នេះតាមតែ អ្នកនឹងមេត្តាយកបុណ្យ។
ជុចអើយបុណ្យ … នោះហុចមកជាម្តង
នឹងរែកពុនផង ទុកដាក់តម្កល់តម្កើង។
ត្រីថាបើឆ្នោះ អ្នកហាមាត់ខ្ពស់ៗឡើង
ខ្ញុំក្រាបបាតជើង សំពះសូមចុះចាញ់។
ជុចថាមិនឆោត ឯងកុំបំភូតលើអញ
ឯងនឹងស្ទុះចេញ បានអីជាម្ហូបស៊ីបាយ។
ត្រីឮជុចថា មិនមានមេត្តាបើកស្រាយ
សង្វេករូបកាយ ម្លេះហើយសមស្លាប់អាសារ។
បើតែត្រឹមខ្លួន កម្មមក(ជួប)ជួនហើយណា
ស្លាប់រស់មិនថា តាមវេរាព្រេងនាយ។
មកគិតនៃកូន សមរត់ប្រពួនព្រាត់ព្រាយ
បែកខ្ញែកចេញឆ្ងាយ ហិចហែលរកម្តាយពុំយល់។
ម្លេះសមអស់សត្វ ហិចហើរច្រវាត់រកកល់
ឆាបឆកអស់កល់ មិនសលរួចរស់មួយឡើយ។
ត្រីភិតភ័យណាស់ អង្វរថាម្ចាស់ខ្ញុំមើយ
កុំចង់ខ្ញុំឡើយ អ្នកស្រាយយកមគ្គផល។
សូមអ្នកប្រោសប្រាណ លែងខ្ញុំចេញបានកុសល
ឱ្យខ្ញុំបានដល់ យល់កូនសំឡាញ់ខ្ញុំណា។
ជុចថាហងខូច បើឯងចង់រួចអាត្មា
ឯងកុំចរចា ស្រដីអង្វរអញថ្វី។
ឯងថាមគ្គផល អញគិតទៅយល់មែននៃ
បើចង់រួចក្រៃ អង្វរតែឆ្នាំងសម្ល។
ថាបើគេព្រម ស្រាកស្រួលល្មាក់ស្មមអញអរ
គេយកអង្វរ អញក៏បណ្តោយតាមឆ្នាំង។
ថប់តែគេខឹង ក្រញើតក្រញឹងឃាត់ឃាំង
ចិត្រគេសោតខ្លាំង ទទឹងទទាំងទាស់ទែង។
បើឆ្នាំងព្រមមិញ គិតតែម្ចាស់អញគេនឹងមិនលែង
ឮគាត់ថ្លាថ្លែង ថាសាច់ខ្លួនឯងស្រស់ល្អ។
ខ្លាញ់ដូចស្នូលនំ កាត់ជាដុំៗហើយខ
ទុកស៊ីនោះក៏ មួយខែមិនមានផ្អូមជ្អុស។
ខុសតែស្លអាំង សាច់ស្វិតក្រទាំងសាបសុះ
បានតែក្រៀមក្រោះ ធ្វើជាងៀតផងងាយក្រៃ។
ត្រីឮជុចថា ដឹងខ្លួនជាក់ជានឹងក្ស័យ
មិនមានអាល័យ ស្តាយជន្មជីវិតអាត្មា។
គិតតែទៅកូន ពន្លកខ្លឹមខ្លួនសង្សារ
ត្រីខំឆ្លើយថា ជុចកើយសមអ្នកប្រណី។
បើអ្នកនឹងចាប់ ចិត្តចង់សម្លាប់ខ្ញុំក្តី
ខ្ញុំពុំថាអី ប្រណីតែកូនកំព្រា។
បើឥតពីម្តាយ សមនឹងខ្ចាត់ខ្ចាយមរណា
ទើបជុចឆ្លើយថា វាពុំកំព្រាឡើយហោង។
ថបអីកូននាង សមគេយកឈ្នាងទៅដង
ឱ្យអស់ម៉ត់ហ្មង មូលប្អូនមូលបង...។
អាជុចចិត្តហេរហារ មិនមេត្តាដល់តិចឡើយ
វាស្ងៀមធ្វើព្រងើយ ឱ្យតែម្ចាស់វាមកឆាប់។
ហើយវាថាសាច់ម្តាយ ស៊ីនឹងបាយឆ្ងាញ់ចំណាប់
សមម្លេះសម្លាប់ ឱ្យម្តាយស្លាបនិងបង្ខំ។
ដូច្នេះឱ្យកូនស្ងួន លបលាក់ខ្លួនពួនសម្ងំ
ក្នុងត្រឹបទ្រាលឱ្យដុំ ទម្រាំធំសឹមកូនមាស។
អ្នកបែកចេញពីគ្នា រកអាហារស៊ីផ្តេសផ្តាស
ល្ងាចកុំកូនទើសទាស់ វិលមកជួបជុំគ្នាវិញ។
ដេកយប់កុំដេកជុំ ខ្លាចត្រីធំត្របាក់ដេញ
អ្នកដេកបែកគ្នាចេញ ឱ្យស្រលាស់នឹងងាយគេច។
ត្រីផ្តាំកូនកាលនោះ លោផ្ងាពោះទៅរំពេច
ហាមាត់ហបៗដាច់ ខ្យល់ស្លាប់ទៅកាលនោះណា។
ឯអស់កូនត្រីនោះ ហែលផ្លេកផ្លោះមកតៀបត្រា
ឃើញមេជាប់ជុចណា ស្លាប់អសារក្នុងជុចនៃ។
សម្បុរស្លេកស្លាំងសោត សឹងយំសោកមេទីទៃ
ភ្នែកស្លឹងប្រឹងរំពៃ រំពឹងជុចនោះណា។
ខ្លះផ្អើលមើលជុចជាក់ ភិតភ័យភ្ញាក់រត់ឆ្លេឆ្លា
ខ្ញៀវខ្ញាខ្លាចសោះសារ ហែលហក់រត់ទៅទីទៃ។
នឹងថ្លែងសម្តែងស្រដី ឯម្ចាស់ជុចនៃ លុះព្រឹកឡើងហើយ។
ភ្ញាក់ពីដំណេកជាត្រើយ ពិតពុំលង់ឡើយ លុបមុខស៊ីស្លា។
ក្រោកភ្លាមក្រហែមហើយថា យើងព្រឹកនេះណា មានលាភកន្លង។
បើតាមដោយយាមអញហោង ថាជាងសព្វដង ប្រទះសើមឆ្នាំង។
បានស្លបានខស្ងោអាំង ប្រកដហ៊ានតាំង ឆ្នាំងយើងមិនស្ងួត។
ដូនចាស់ខឹងណាស់នឹងអួត ថាចាស់ចំកួត កុំអួតវាថ្លង់
ពីដើមគឃើមកាន់ជុង ដឹងជាវាលង់ ប្រែប្រុងឯជុច។
ដៀលម៉្លេះមិនចេះកកុច មិនថយមិនទុច មិនថប់នឹងក្រ។
មិនគិតកាន់របរ អួតតែអាងស្ល វាអរណាស់ណា ។
ចាស់ប្តីស្រដីទៅថា សព្វថ្ងៃនេះណា មិនឃើញលែងស៊ី។
កុំស្តីមេខើយមុនី មានមាត់ចាំស៊ី កុំថាច្នេះច្នោះ។
ថាភ្លាមស្ពាយយាមចរចុះ ហើយដើរទៅស្មោះ ដល់កំពង់ទូក។
ដាក់សព្វចង្រប់ស្នរច្បូក ហើយអុំទូកក្រោក ដោយដងមាត់បឹង។
កាន់ច្បូកភ្នែកឈ្ងោកសម្លឹង ឃើញត្រីសម្រីង ប្រាណប្រែប្រឹងចាក់ ។
វាងោកឯទូកញ័រញាក់ ភ្លាត់ជើងលោតធ្លាក់ ទៅក្នុងទឹកប្រេង។
ងើបឡើងគគុគដើមទ្រូង ខំហែលប្រតោង លើងលើទូកខ្មី។
តាចាស់ខឹងណាស់ស្រដី បន្ទោសទៅស្រី ប្រពន្ធឯផ្ទះ។
ព្រោះតែខ្មោចមេម្នោម្នះ វាស្តីដៀលត្មះ ថាឯងច្នេះច្នោះ។
ទាស់ឆ្នែងហងឯងស៊ីចុះ មិនតែបន្ទោស ធ្លាក់ទាំងទឹកផង។
ចាស់ខឹងក្រញឹងកន្លង ហើយអុំទូកទៅហោង ដល់ជុចនោះណា។
ក្រឡេកឃើញត្រីវាផ្ងា លាន់មាត់ហើយថា ឱះឱលាភហើយ។
អញនឹកពីព្រឹកមិនស្បើយ ឥឡូវមែនហើយ មុខជាបានស្ងោរ។
ពើបពះប្រទះនឹងឆ្តោ ត្រីនេះធំប៉ោង វាខ្លាញ់តិចអី ។
តាចាស់អរណាស់ឃ្មាតខ្មី លូកដៃដោះត្រី ពីជុចនោះមក។
ដាក់ទុកស្រេចទើបយក ជុចនោះទៅស៊ក ដាក់ដូចដើមវិញ។
ស្រេចហើយទើបថយទូកចេញ អុំទូកវិលវិញ ចូលចតទុកនៅ។
ពុនត្រីឃ្មាតខ្មីដើរទៅ ដល់ផ្ទះស្រែកហៅ ប្រពន្ធទទួល។
យាយចាស់អរណាស់ស្រាកស្រួល ស្ទុះស្ទើរនឹងដួល ទទួលត្រីទុក។
ឃើញប្តីបានត្រីរីកមុខ រៀបស្លគិតទុក ក្រែខ្វះឯម្ជូរ។
ប្រើប្តីថាវ៉ើយកុំយូរ ឯងនៅគិតគូរ បេះស្លឹកសណ្តាន់។
ប្តីប្រឹងដើរទៅរន្ធាន់ ដល់ដើមសណ្តាន់ ស្ទុះឡើងរំពេច។
លូកដៃរំពៃនឹងក្តិច ស្រាំងផ្អើលហើរទិច វាទិចសាយសុះ។
ទិចភ្នែកត្រចៀកច្រមុះ លាន់មាត់ថាឧស អូយយាសអូយយូយ។
យាយយើយស្លាប់ហើយមកជួយ ម៉ែរើយឪអើយ កុំឱ្យទិចពេក។
ខំកាច់បានស្រេចមួយមែក ស្ទើរនឹងយំស្រែក ស្ទុះចុះម្នីម្នា។
រត់ចេញឃ្មាតខ្មាញ់ប្រាប់ គ្នាដល់នាងភរិយា សួរទៅថាគេ។
បេះបានសណ្តាន់មិនទេ ប្តីថាមេៗ បេះម្តេចនឹងបាន។
ស្រាំងលិចវាទិចសុះប្រណ ប្រឹងខំកាច់បាន ប្រមាណស្លម្តង។
ប្រពន្ធថាគ្រាន់ហើយហោង យកមកបត់ទង បុកបង់សម្ល។
បង់អស់ស្លឹកគ្រឿងបន្ត ម្ទេសហើរល្អ រំម្ងាប់ចម្អាប។
បង់គ្រប់គ្រឿងសព្វដរាប ដូនស្លឱ្យសាប តម្រូវមាត់តា។
មាត់គាត់ចូលចិត្ត ផឹកស្រា ដូនចាស់ប្រវា ម្នីម្នាដួសភ្លក់។
ហុតវាជ្រុលទាល់ឈ្លក់ រលាកគឃក់ ធ្វើមាត់បុញបាញ។
ជេរថាមេខូចមេលាញ ធ្វើមាត់ស្ញេញស្ញាញ កខិកកខុក។
វាទៅស្រក់ទឹកភ្នែកតតក់ ដោយសាវាឈ្លក់ ហុតទឹកសម្ល។
ដូនចាស់ថាអុញមើលនរ ស្លាប់ទៅអញ់អរ ចាស់អីចង្រៃ។
ឱ្យភ្លកឱ្យដឹងសាបប្រៃ បានជាវាថ្វី ឱ្យទាល់តែឈ្លក់។
តាចាស់ឆ្លើយទៅនាងទុក អំបិលប្រហុក ល្មមស៊ីហើយណា។
ដូនចាស់ឮហើយប្រវា ដោះដួសឱ្យតា សម្លទាំងគ្រោង។
ហុតគ្រូកដៃលូកសំកោង ពោះធំកំបោង កំពង់តែឆ្ងាញ់។
ស៊ីអស់ទៅដួសទៀតមិញ ប្រពន្ធលលេញ សម្លក់ក្រលែត។
ជេរថាខ្មោចអាមនុស្សប្រេត ប្រឹងស៊ីទាល់ឆ្អែត មិនគិតគេផង។
កូនចៅពីមុខពីខ្នង មនុស្សអីជួរផង មិនគិតក្រោយមុខ។
បំណាច់អញស្លអាញ់ស្លុក ប្រឹងស៊ីមិនទុក តិចទួចឱ្យគេ។
ប្តីថាឈប់ៗណាមេ សម្លនៅទេ កន្លះទាំងឆ្នាំង។
ដោយសារវាអស់កម្លាំង កុំស្រដីខ្លាំង វាខ្មាស់អ្នកផង។
ដូនចាស់ខឹងណាស់កន្លង ប្រែមុខប្រែខ្នង សម្លក់ឱ្យប្តី។
ឧទរស្រដី ដោយសារចិត្តស្រី ខឹងក្ររសាយ។
ទាល់តែប្តីស៊ីលែងបាយ ទើបទៅកកាយ ដួសមកជាក្រោយ។
ហើយហៅកូនរជយ ជួបជុំស៊ីក្រោយ រអឹករអាក។
រីឯតាចាស់អប្បលក្ខណ៍ ស៊ីរួចកន្ត្រាក់ ប្រវាត្បាល់បុក។
ខោកៗគោះបោកពមផ្លុក ផ្លញៗមើលមុខ ស្រមូមដូចស្វា។
ផ្លែមៗលលែមនេត្រា ស្ទាញស្ទបចង្កា ងងុយងោកងុក។
ងងើពភ្លើពព្លុក លលិវលុះលក់ ស្រមុកខុលៗ។
ហូរហៀរទឹកមាត់បំផុល មុខគួរខ្ពើមខ្ពល់ អាសោចអសារ។
ដេកលក់អស់ល្បត់ហើយណា ភ្ញាក់(ឡើង)ប្រវារ រកស្នចង្រប់។
ដើរទៅសម្តៅព្រៃសព្វ ត្រពាំងបឹងគ្រប់ ចាក់ច្រមអន្ទង់។
ហើយដាក់ជុចហើយដាក់ជុង បានមតម្រង់ តែដេកនិងស៊ី។
ដើរដាក់ជំពាក់ទ្រព្យគេ ប្រពន្ធដៀលជេរ មិនឈឺក្បាលតា។
ងងុកសសុកតែស្រា ផឹករួចនាំគ្នា ទៅរកនេសាទ។
សព្វថ្ងៃអាស្រៃពុំឃ្លាត តែងនិងពិឃាត ជីវិតសត្វផង។
ពុំមានខ្វះខានដល់ម្តង ខុសឈ្នក់អន្ចង មិនមានទំនេរ។
ខុសបឹងត្រូវឯទន្លេ មិនឱ្យខានទេ ខានតែឱ្យបាន។
មិនស្គាល់ជាសីលជាទាន ចេះតែបំពាន ដោយចិត្តដោយចិត្តលោភលន់។
ជាមនុស្សឥន្ទ្រីយទុរជន មិនដែលធ្វើបុណ្យ ឱ្យទានឡើយណា។
មានតែឫទ្ធិមោហា លុះដាច់អស់អា យូសនេះធ្លាក់ទៅ។
រងទុក្ខក្នុងភក់ជ្រាំជ្រៅ លំបាកក្តាត់ក្តៅ ទុលទុក្ខវេទនា។
ភ្លើងឆេះរលេះអង្គា រលួយទៅជា ខ្មោចហើយរស់វិញ។
រស់ឡើយស្រមើងមាត់ស្ញេញ យមបាលខឹងខ្នាញ់ ចាក់ចោលនឹងស្ន។
នឹងច្បូកដួលខ្ពោកកៀបករ ទើបលើងស្រែកឡ ថាហ៏ចាក់ទៀត។
ចាក់សោតត្រូវត្រង់កណ្តៀត ស្លាប់ហើយរស់ទៀត ច្រើនគ្រាច្រើនដង។
ឥតឯល្ហែល្ហើយឡើយហោង ទល់ទុក្ខកន្លង នឹងផ្ទឹមពុំបាន។
ហេតុតែវេរាកម្មប្រណ ពីជាតិមុនមាន មិនដឹងស្គាល់ត្រង់។
បាបបុណ្យសីលទានទោសគុណចិត្តជនមោហា
តែងធ្វើអំពើបាណា ហើយសេពសុរា រលាយបុណ្យបាប។
ព្រះថ្លែងសម្តែងបរមត្ថ ទុកទូន្មានសត្វ ឱ្យខំសាងសីល។
ធ្វើបុណ្យឱ្យទាន(កុំ)ខ្ចិល រើយៗ រាល់ៗ ដល់ព្រះនិព្វានហោង។
ស្មៀនឱរបានចារសត្រាជុច១ច្បាប់ឱ្យលោកស្មៀនមុច