ឈ្មោះស្រូវ

ដោយ គង់ វីរៈ និង អាំង ជូលាន

 គេតែងនិយាយថាឈ្មោះស្រូវនៅប្រទេសកម្ពុជាមានជាងមួយរយ។ និយាយនេះ ប្រហែលជាមិនពន្លើសទេ ព្រោះគ្រាន់តែធ្វើការស្រាវជ្រាវមួយត្រួសយ៉ាងខ្លី នៅតែពីរបីតំបន់ប៉ុណ្ណោះ យើងឃើញថាពូជស្រូវមានច្រើនបែបណាស់ទៅហើយ។ ប្រសិនបើស្រាវជ្រាវហ្មត់ចត់ឲ្យបានគ្រប់ច្រកល្ហកនៃស្រុកខ្មែរនោះ ច្បាស់ជាពុំអាចចាំឈ្មោះស្រូវបានឡើយ ត្បិតមានច្រើនពេក។ ពិតហើយថាស្រូវខ្លះអាចមានឈ្មោះខុសគ្នាពីតំបន់មួយទៅតំបន់មួយ តែទោះជាយ៉ាងណាក៏យើងខ្ញុំជឿថាពូជស្រូវមានច្រើនលើសលុប។ ទោះបីពោលតែអំពីស្រូវចម្ការ (គឺពុំមែនស្រូវដែលធ្វើក្នុងស្រែមានទឹក) ក៏ប្រមូលបានឈ្មោះច្រើនណាស់ទៅហើយ។

ស្រូវគេយល់ថាជាភេទស្រី។ ដូច្នេះហើយបានជាសម្បូណ៌មានឈ្មោះថា “នាង”នេះ “នាង” នោះ។ ឯស្រីនោះសោត ហាក់ដូចជាគេគិតថាជាស្រីក្រមុំព្រហ្មចារីយ៍ ថ្វីត្បិតតែក្នុងរយះពេលធំធាត់ មានពាក្យថា “ស្រូវផើម” ក៏ដោយ ព្រោះនេះគ្រាន់តែបង្ហាញពីតំណាក់កាលលូតលាស់ក្នុងវិស័យជាស្រូវប៉ុណ្ណោះ។ លុះយកទៅដាំឆ្អិនទៅជាបាយហើយ ទើបក្លាយទៅជា “ព្រះមេ” ពោលគឺអ្នកឲ្យកំណើតនិងអ្នកទ្រទ្រង់ជីវិតគេ។

យើងខ្ញុំពុំអាចរៀបរាប់អំពីជំនឿនិងកិច្ចពិធីច្រើនបែបច្រើនយ៉ាង ដែលទាក់ទងនឹងស្រូវឡើយ ត្បិតជាប្រធានបទមួយធំធេងណាស់។ នៅទីនេះ យើងខ្ញុំសូមបង្ហាញតែឈ្មោះ ស្រូវមួយចំនួនដែលមាននៅក្នុងក្បួនហៅព្រលឹងស្រូវ ដែលគេសូត្រក្នុងពិធីពូនភ្នំស្រូវនៅតំបន់ខ្លះនៃប្រទេសកម្ពុជា។ យើងខ្ញុំយកក្បួនពីរដែលឃើញគេប្រើនៅតំបន់ខាងជើងនៃខេត្តសៀមរាប មកផ្ទៀងផ្ទាត់ជាមួយគ្នា។ ជាទូទៅ ពាក្យហៅទាំងពីរនេះ ចេញមកពីច្បាប់ដើមតែមួយ ប៉ុន្តែជាធម្មតាទេ ដែលការចម្លងនិងការសូត្រតៗគ្នាតែងមានឃ្លាងឃ្លាតគ្នាបន្តិចបន្តួច។ ពាក្យដែលបង្ហាញខាងក្រោមនេះ យើងខ្ញុំយកមកដាក់ជាអក្ខរាវិរុទ្ធទំនើប ដើម្បីអ្នកអានងាយយល់។ តែទោះជាយ៉ាងនេះក្តី ក៏មានពាក្យមួយចំនួនដែលយើងខ្ញុំពុំស្គាល់ ឬកាត់ស្មានពីច្បាប់ទាំងពីរនោះពុំត្រូវ ដូច្នេះទុកឲ្យនៅដូចដើមដដែល ដោយសង្ឃឹមថាអ្នកអានខ្លះអាចរកឫសគល់ឃើញ។

 សូមបញ្ជាក់ថា ក្នុងការស្រាវជ្រាវផ្សេងៗយើងខ្ញុំប្រទះឃើញឈ្មោះស្រូវជាច្រើន ដែលពុំមានឃើញនិយាយក្នុងពាក្យហៅនេះ។

 រូបលេខ១-៥ បង្ហាញពីទិដ្ឋភាពមួយចំនួនតូចប៉ុណ្ណោះនៃពិធីពូនភ្នំស្រូវ ដែលក្នុងនោះមានកិច្ចហៅព្រលឹងស្រូវផង ហើយដែលធ្វើឡើងអស់រយៈពេលពីរថ្ងៃ។

សូមទាញយក "ក្បួនហៅព្រះលឹងស្រូវ" ជា Pdf