ជ្រុលក្បាលក្រពើ

 ដោយ អាំង ជូលាន

 ខ្មែរទាំងអស់គ្នា ឬក៏បរទេសណាដែលចេះខ្មែរជ្រៅជ្រះ តែងតែស្គាល់ពាក្យថា “ជ្រុលក្បាល ក្រពើ” ដែលមានន័យថា អំពើអ្វីមួយធ្វើជ្រុលទៅហើយពុំអាចដកថយក្រោយមកវិញបាន។ វោហារនេះប្រើញឹកញាប់ណាស់ ប៉ុន្តែជាទូទៅអ្នកនិយាយឬអ្នកស្តាប់ឮនោះ ថ្វីត្បិតតែយល់ តែពុំសូវគិតថាហេតុអ្វីបានជាថាដូច្នោះឡើយ។ តើក្បាលក្រពើនៅក្នុងពាក្យនេះមាននាទីអ្វីដែរនៅក្នុងគំនិតដែលថាជ្រុលថយក្រោយវិញមិនកើត?

ពាក្យនេះទាល់តែស្គាល់រទេះគោឬក្របីច្បាស់ទើបយល់។ រទេះដែលមានរូបរាងពេញលេញប្រាកដ តែងមានចន្ទោល។ ចន្ទោលនោះគឺជាផ្នែកដែលតចេញពីទូករទេះនៅត្រង់ចំណុចដែលភ្ជាប់នឹម ថ្វីត្បិតតែជួនកាលគេដោះចេញក៏ដោយ។ ក្រៅអំពីសម្រាប់ស្មានដំណើរបត់ បែននៃរទេះ តួនាទីផ្នែកសោភ័ណភាពនៃចន្ទោលនោះសំខាន់ណាស់ (រូបលេខ១-៣)។

បើរទេះនោះគេដោះចន្ទោលចេញ (រូបលេខ៤) ហើយយើងពិនិត្យចុងទូកនៅក្រោមនឹមនោះ យើងនឹងឃើញថាខាងចុងគេចាំងឆ្លាក់ឱ្យមានរូបរាងដូចក្បាលក្រពើដូច្នោះមែន (រូបលេខ៥-៨)។ បើដោះនឹមនោះចេញទៅទៀត គឺក្បាលក្រពើទាំងមូលនោះកាន់តែចេញឱ្យឃើញច្បាស់ (រូបលេខ៩)។

យើងដឹងហើយថាពាហនៈគោឬក្របីមិនចេះដើរថយក្រោយទេ។ នៅពេលដែលរទេះបរនៅក្នុងព្រៃតាមច្រកចង្អៀតតូចៗ ឬពុំនោះទេ តាមផ្លូវរទេះធម្មតាដែលព្រៃឬរុក្ខជាតិអមកៀកជាប់ គឺត្រូវតែទៅមុខរហូត បើចង់ថយមកក្រោយទាល់តែទៅដល់ទីលំហណាមួយសិន ដើម្បីបត់រទេះ។ ដូច្នេះ បើចំណុចក្បាលក្រពើនៃរទេះនោះចាប់ផ្តើមចូលទៅដល់ច្រកណា មួយចង្អៀតហើយ បានសេចក្តីថាចន្ទោលរុលទៅមុខនោះឆ្ងាយរួចហើយ ដូច្នោះពុំអាចងាករេមកក្រោយវិញបានឡើយ។ នេះហើយដែលគេហៅថា “ជ្រុលក្បាលក្រពើ”។