“ចូលត្រឡោក”

ដោយអាំង ជូលាន

ពាក្យ “ក្បាល” ដែលយើងប្រើសព្វថ្ងៃនេះក្លាយមកពីពាក្យសំស្ក្រឹតថា “កបាល”។ តែពីមុន មកខ្មែរប្រើតែពាក្យ “ត្បូង” ប៉ុណ្ណោះ (បើខ្មែរសម័យអង្គរគឺគេសរសេរជា ថ្ប្វង)ហើយភាសាវិទូដឹងថា ឫសនៃពាក្យនេះគឺ តោង  ~ ត្វង ដែលសព្វថ្ងៃយើងសរសេរជា “ដូង”។ នៅកិច្ចពិធីខ្លះគេឃើញច្បាស់ថា មនុស្សយកផ្លែដូងមកប្រៀបប្រដូចនឹងក្បាល។ នៅរូបលេខ១-២ យើងឃើញវត្ថុមួយហៅថា “អង្ករស្នង” ពោលគឺគេថ្លឹងអង្ករឲ្យស្មើនឹងទម្ងន់មនុស្សចាស់ណាម្នាក់ ដែលគេនឹងធ្វើពិធីចម្រើនអាយុឲ្យបានវែង។ គេយកកំណាត់អំពៅមកធ្វើជាឆ្អឹងសំខាន់ផ្សេងៗ យកផ្លែចេកមករៀបធ្វើជាឆ្អឹងជំនីរ រីឯក្បាលវិញ គឺគេយកត្រឡោកដូងមកជំនួស។  បើមើលមកភាសាវិញក៏យើងសង្កេតឃើញដូចគ្នាថា ក្បាលជាផ្លែដូង ដូចមានពាក្យថា “ដាំដូង” ដែលមានន័យថា ដាំក្បាលចុះក្រោម រីឯពាក្យថា “ត្បូងចប” គឺសំដៅត្រង់ក្បាល ចប៘ ចំណុចដែលដូងប្រៀបបាននឹងក្បាលនោះមានច្រើនទៅទៀត ឧទាហរណ៍ដូងមានរលាដ៍ ឯក្បាលក៏មានរលាដ៍ជាដើម។

តែយ៉ាងណាក៏ដោយ មនុស្សមិនមែនឲ្យតម្លៃផ្លែដូងស្មើពេញលេញនឹងក្បាលខ្លួនឯងឡើយ។ បើក្បាលនោះជាក្បាលមនុស្សមែន តែពុំសូវចងចាំអ្វី ទើបគេហ៊ានធ្វើការប្រៀបនោះត្រង់ៗ។ បើយើងរៀនសូត្រអ្វីហើយស្មារតីយើងល្អ មានការចងចាំ យល់ដឹងនោះ ទើបក្បាលយើងសមនឹងហៅថា ក្បាលមែន។ បើមានគេប្រាប់ការអ្វីមួយសំខាន់ ឬក៏រៀនចេះអ្វីមួយដែលគួរតែចងចាំមិនភ្លេច ហើយក៏បែរជាភ្លេចភ្លាំងអស់ គេច្រើនប្រើពាក្យថា “ចូលត្រឡោកអស់ហើយ”។ ពាក្យនេះមានន័យថា សេចក្តីសំខាន់ត្រូវចេះ ត្រូវចាំនោះមិនបានចូលទៅក្នុងក្បាល ដែលសមហៅថាក្បាលឲ្យបានពេញលេញឡើយ  តែគឺចូលទៅក្នុងក្បាលដែលគ្រាន់តែស្មើនឹងត្រឡោកដូងប៉ុណ្ណោះ។