ដោយ អាំង ជូលាន
ក្នុងភាសាខែ្មរមានពាក្យថា «និយាយដូចគេចោលដឹងទាំងដង»។ ឯន័យនោះ នរណា ក៏យល់ដែរថាជាសំដីគំរោះគំរើយ, គ្មានការគួរសម, មិនទាន់ភ្លន់ជាដើម។ តែបើឲ្យពន្យល់ថាហេតុម្តេចបានជាគេយកឧបករណ៍កាប់ឬចាំងឈើ ហៅថា «ដឹង» មកឲ្យទាក់ទងនឹងសម្តីមនុស្សវិញ ប្រហែលជាអ្នកខ្លះក៏មិនអាចពន្យល់ដែរ ជាពិសេសអ្នកក្រុងដែលពុំសូវស្គាល់ជនបទ។
ដឹងជាឧបករណ៍ដែលគេប្រើសម្រាប់កាប់ពន្លំដើមឈើទាំងមូលផង ប្រើសម្រាប់ចាំងឈើហ៊ុបធ្វើជាសសរឬលុងឈើធ្វើទូកជាដើម។ ប្រភេទធំនោះមានពីរ គឺម៉្យាងហៅថា “ដឹងស្លាប” ឯម៉្យាងទៀតហៅថា «ដឹងចាំង»។ នៅរូបលេខ ១-៣ យើងឃើញគេចាំងឈើធ្វើសសរផ្ទះ។ ឯនៅរូបលេខ ៤-៧ គឺគេកំពុងលុងដើមគគីរមួយទាំងមូលធ្វើទូកប្រណាំង។ នៅរូបទាំងប៉ុន្មាននេះយើងឃើញថាផែ្លដឹងកាត់មុខទទឹងជាមួយដង ដូចឧបករណ៍ម្យ៉ាងទៀតហៅថា «ភឹង» ដែរ (សូមមើលជំពូកទី១, លេខរៀងទី៤៤)។ តែបើនៅរូបលេខ៨-៩វិញ ផ្លែនោះរត់មុខបណ្តោយគ្នាជាមួយដងដូចជាផ្លែពូថៅដូច្នោះ។ តាមពិតគឺគេធ្វើឲ្យផ្លែនោះអាចបង្វិលរត់ទទឹងឬបណ្តោយបាន។ ដូច្នេះហើយបានជាជួនកាលគេហៅថា «ដឹងឆ្កួត»។ នៅរូបលេខ១០ គេចាំងសសរដូចឃើញពីលើមកដែរ តែនៅត្រង់នេះគេប្រើដឹងស្លាប។
យ៉ាងណាក៏ដោយបើយើងគ្រវែងដឹងចោលទៅទីណាមួយ ដឹងទាំងមូលនោះច្បាស់ជាគ្រវីគ្រវាត់មិនទៅត្រង់ទេ ហើយទៅបុកឬទើសនឹងអ្វីមួយដែលពុំគួរទើសទាល់តែសោះ ពុំដូចយើងបោះឬគ្រវែងឧបករណ៍អ្វីផ្សេងទៀតឡើយ។ គឺរូបរាងដឹងនោះតែម្តងដែលធ្វើឲ្យចលនានោះទទឹងទទែង មិនអាចទៅត្រង់បាន ហើយទៅបុកទង្គិចអ្វីមួយដែលស្មានមុនមិនត្រូវ។ ប្រសិនបើគេដោះដងយកចេញសិនទើបយើងអាចគិតថាយកផ្នែកខាងផ្លែនោះចោលទៅអាចទៅត្រង់បាន។
នេះហើយដែលនាំឲ្យមានពាក្យថា «និយាយដូចគេចោលដឹងទាំងដង»។