ដោយ អាំង ជូលាន
ក្នុងការនិយាយប្រៀបប្រដូច ភាសាខ្មែរមានពាក្យថា «ចូលអ៊ូ»។ ឧទាហរណ៍គេតែងនិយាយថា «ចូលអ៊ូទៅហើយ ! », «ណ្ហើយ ! យកវាចូលអ៊ូទៅ» ...។
អ្នករកស៊ីនៅតាមទន្លេក្តី សមុទ្រក្តីតែងស្គាល់ច្បាស់ថាអ្វីជាអ៊ូ ដ្បិតអ៊ូជាកន្លែងជួសជុលទូកធំ ឬដែលមានទំហំមធ្យម។ បើនៅទន្លេ មាត់ច្រាំងកន្លែងណាដែលគេចង ឬបោះបង្គោលទប់ឲ្យទូកនៅមួយកន្លែង មិនចុះទៅក្រោមតាមទឹកស្រកនៅរដូវប្រាំង ក៏អាចហៅថាអ៊ូដែរ។ នៅទីនោះគេតែងឃើញទូកមួយពីរ ឬច្រើនជាងនោះ ដែលមើលមួយភ្លែតទៅហាក់ដូចជាគឿងនៅមាត់ច្រាំង តែដែលតាមពិតគឺនៅរង់ចាំឲ្យគេជួសជុលថែទាំ ឬមួយក៏គេកំពុងជួសជុលតែម្តង។ នៅតាមទន្លេ ទូកពុំសូវមានទំហំធំប៉ុន្មានទេ បើទូកដឹកទំនិញប្រភេទហៅថា «ទូកប៉ុកចាយ» នោះទើបធំបន្តិច។ ជាធម្មតាចូលអ៊ូគេពុំចាំបាច់មានគ្រឿងយន្តដើម្បីអូសទាញឬបង្វិលទូកឡើយ គឺប្រើតែដែកគ្រីបនិងកូនរនេល ក៏គ្រប់គ្រាន់ហើយ។ បើទោះជាមានគ្រឿងយន្ត ក៏ពុំមែនជាយន្តសម្រាប់ប្រចាំការនៅទីនោះដែរ គឺគេយកម៉ាស៊ីនគោយន្តមកប្រើអូសទាញតែប៉ុណ្ណោះ។
បើនៅសមុទ្រវិញ បញ្ហាចំណោតច្រាំងគឺគ្មានទេ តែអ៊ូនោះក៏មានសកម្មភាពច្រើនតែនៅរដូវប្រាំងដែរដ្បិតគ្មានភ្លៀង ហើយគេអាចបិទជ័រទឹក ឬលាបលនក្តារទូកតូចធំបានគ្មានអ្វីមករំខាន។ បើម្តុំអ្នកនេសាទនោះគ្រាន់តែជាដៃសមុទ្រតូចមួយ ឬក៏ជាព្រែកទឹកប្រៃ អ៊ូនោះមិនធំទេ ជួនកាលនៅចន្លោះផ្ទះពីរជាធម្មតា ព្រោះទូកនោះក៏ពុំមានទំហំធំដែរ (រូបលេខ១-២)។ តែបើជាភូមិនេសាទធំដុំវិញ (រូបលេខ៣) អ៊ូនោះមានទំហំធំ អាចមានទទឹងដល់ទៅ១០០ម៉ែត្រ ឬលើសពីនោះទៅទៀត។ គេតែងប្រើគោយន្តដើម្បីអូសទាញដូរទីកន្លែងទូកដែលត្រូវជួសជុល ឬថែទាំ។ អូសនោះ គឺឲ្យរត់លើផ្លូវដែកហាក់ដូចជាផ្លូវរទេះភ្លើងដែរ (រូបលេខ៤-៥)។ នៅរូបលេខ៦-៧ យើងឃើញម៉ាស៊ីនសម្រាប់អូសទាញទូករត់លើផ្លូវដែក ដែលគេតម្លើងទុកក្នុងរោងប្រចាំការមួយ។ រូបលេខ៨-១០ បង្ហាញថាមិនមែនទូកនោះរត់ផ្ទាល់លើផ្លូវដែកទេ គឺមានកំណល់ឈើយ៉ាងមាំដែលមានកង់ដែកផង។ ពេលត្រូវបំបែរទិសទូក គេប្រើដែកគ្រីបដើម្បីលើកកំណល់ដែលមានទូកនៅលើនោះ ឡើងផុតពីផ្លូវបន្តិច (រូបលេខ១១) រួចទើបគេបំបែរកង់ឲ្យបត់មកតាមមុម៩០អង្សា (រូបលេខ១២)។ នៅរូបលេខ១៣ យើងឃើញថា ក្រោយពីរជួសជុលប៉ះប៉ូវអ្វីៗរួចរាល់ហើយ គេកំពុងលាបថ្នាំនៅផ្នែកបាតទូកមួយ។
ពាក្យថា «ចូលអ៊ូ» មិនសំដៅលើការជួសជុលហើយស្រេចបាច់ប៉ុន្មានទេ គឺសំដៅខ្លាំងទៅលើ ស្ថានភាពវត្ថុអ្វីមួយដែលខូចលែងមានដំណើរការ ហើយដែលគេយកទៅទុកមួយកន្លែង។ គេច្រើននិយាយចំអកឲ្យមនុស្សដែលលែងបានការអ្វី ឬដែលស្ថាប័នខ្លួនធ្លាប់បម្រើការនោះ គេទាត់ចោលលែងរាប់រក ឬលែងឲ្យមាននាទីអ្វីសំខាន់។ ជួនកាលសាមីខ្លួនឯងតែម្តង ដែលប្រដូចស្ថានភាពខ្លួនទៅនឹងទូកចូលអ៊ូ ៖ «ខ្ញុំឥឡូវចូលអ៊ូទៅហើយ ! »។